ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់លឿង ឬ​លឿង​លើ​ស្បែក​និង​ភ្នែក កុំ​ប្រហែស​! ព្រោះ​លេច​ចេញ​រោគ​សញ្ញា​ជា​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខាន់លឿង (Ictère) គឺជា​ការ​លេច​ចេញ​នូវ​ពណ៌​លឿង​តាម​ស្បែក និង​ភ្នែក ដោយសារ​ការ​កើនឡើង​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន ក្នុង​ឈាម (Bilirubine)​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ខាន់លឿង (Ictère) គឺជា​ការ​លេច​ចេញ​នូវ​ពណ៌​លឿង​តាម​ស្បែក និង​ភ្នែក ដោយសារ​ការ​កើនឡើង​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន ក្នុង​ឈាម (Bilirubine)​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរ​កាល់​ម៉ែ​ត ។
លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ បាន​ឲ្យ​ដឹង​ទៀត​ថា ៖ មូលហេតុ​នៃ​ការ​កើត​ខាន់លឿង បណ្តាល​មក​ពី​មូលហេតុ​ចំ​បងធំ​២ គឺ ៖

  • ទី​១ គឺជា​ការ​កើនឡើង​នូវ​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន បំ​លែង​រួច​ក្នុង​ថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ ៖
    • ការ​រលាក​ថ្លើម ឬ​ក្រិន​ថ្លើម
    • ក្រួស​ក្នុង​ថង់​ទឹក​ប្រ​ម៉ាត់
    • ការ​រលាក​លំពែង​រ៉ាំរ៉ៃ
    • ការ​រលាក​ផ្លូវទឹក​ប្រ​ម៉ាត់​រ៉ាំរ៉ៃ
    • មហារីក (​ថ្លើម លំពែង និង​ផ្លូវទឹក​ប្រ​ម៉ាត់​ជាដើម​)
  • ទី​២ គឺជា​ការ​កើនឡើង​នូវ​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន មិន​ទាន់​បំ​លែង​រួច​ក្នុង​ថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការ​បែក​គ្រាប់​ឈាមក្រហម​។
    រោគ​សញ្ញា​រួម​មាន ៖
  • ការ​ឡើង​លឿង​តាម​ស្បែក និង​ភ្នែក
  • រមាស់​លើ​ស្បែក
  • លាមក​ពណ៌​ស
  • ទឹកនោម​លឿងចាស់
  • រោគ​សញ្ញា​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ទៅ​តាម​មូលហេតុ​ផ្សេង​ៗ​ដូច​ជា ៖
    • ឈឺ​ចុងដង្ហើម ឬ​ផ្នែក​ខាងក្រោយ​ឆ្អឹងជំនី​ខាងស្តាំ
    • ស្ទាប​ប៉ះ​ដុំ​ពោះ
    • ថ្លើម​រីក
    • ក្តៅខ្លួន និង​រោគ​សញ្ញា​ផ្សេង​ទៀត ។

ការ​ធ្វើ​រោគវិនិច្ឆ័យ ៖ រោគវិនិច្ឆ័យ​ពឹងផ្អែក​ទៅ​លើ​ការ​សាកសួរ​ពី​ប្រវត្តិ​ជំងឺ​របស់​អ្នកជំងឺ​ផ្ទាល់ និង​ក្រុម​គ្រួសារ រួម​ទាំង​ការ​ពិនិត្យ ទៅ​លើ​រោគ​សញ្ញា​រាង​កាយ​ដែល​បាន​រៀបរាប់​ដូច​ខាងលើ ។

ជាក់ស្តែង​ការ​កើត​លឿង​តំរូវ​អោយ​យើង​មើល​ឈាម​មួយ​ចំនួន​ដូច​ជា ៖ គ្រាប់​ឈាម ប៊ី​លី​រុយ​ប៊ី​ន កំណក​ឈាម (TP, TCA) មុខងារ​ថ្លើម មេរោគ​ថ្លើម A, B, C និង​ពិនិត្យ​ឈាម​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ទៅ​តាម​រោគ​សញ្ញា​ដែល​សង្ស័យ ។

វា​ចាំបាច់​តំរូវ​អោយ​មានការ​ធ្វើ​អេកូ​ពោះ និង​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​ស៊ី​ធី​ស្កែ​ន ឬ IRM ព្រមទាំង​ការ​ឆ្លុះ​រក​ក្រួស​ទឹក​ប្រ​ម៉ាត់​តាម​ផ្លូវ​លំពែង (CPRE) ។

ការ​ព្យាបាល ៖
ការ​ព្យាបាល​ខាន់លឿង​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​មូលហេតុ​ដែល​បង្ករ​ជំងឺ ។ ការ​ព្យាបាល​អាច​ជា ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់ ការ​ឆ្លុះ​ចាប់​ក្រួស ការ​វះកាត់​ផ្សេង​ៗ​។ ការ​កើត​លឿង គឺជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន ដែល​តំរូវ​អោយ​មានការ​សាកសួរ​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់ ព្រមទាំង​ការ​ស្នើ​សុំ​នូវ​ការ​វិភាគ​អម​វេជ្ជសាស្ត្រ មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ចាំបាច់​សំរាប់​អ្នកជំងឺ​។

លោក​វេជ្ជបណ្ឌិត ស៊ង សុ​ភី​រម្យ ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរ​កាល់​ម៉ែ​ត​ក៏​បាន​រំលឹក​ថា ៖ បើ​លោក​អ្នកមាន​លេច​ចេញ​នូវ​រោគ​សញ្ញា​កើត​លឿង​ដូច​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​អញ្ជើញ មក​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ឆាប់រហ័ស​ទាន់​ពេលវេលា រួម​ជាមួយ​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ