រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានចំណាត់ការ និងស៊ើបអង្កេតលើករណីរោងចក្រសហគ្រាសចិន នៅទីក្រុងយ៉ាំងហ្គោន ត្រូវដុតបំផ្លាញ និងវាយកម្ទេចចោល ។
ការអំពាវនាវ កាលពីថ្ងៃទី១៤ ខែមីនា រោងចក្រជាង២០ នៅក្នុងសួនឧស្សាហកម្មនៃទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញ និងវាយកម្ទេច ហើយសហគ្រាសដែលពាក់ព័ន្ធសុទ្ធសឹងជាសហគ្រាសចិនឬសហគ្រាសវិនិយោគរួមគ្នា រវាងចិនមីយ៉ាន់ម៉ាភាគច្រើនជារោងចក្រកែច្នៃសំលៀកបំពាក់រោងចក្រផ្គត់ផ្គង់សំភារៈសំលៀកបំពាក់ និងរោងចក្រផលិតគ្រឿងបរិក្ខារសំលៀកបំពាក់ ។
អ្នកដុតភ្លើងភាគច្រើនជិះម៉ូតូមានអាវុធជាដំបងដែក ពូថៅ និងធុងសាំង បានសំរុកចូលរោងចក្រវាយកម្ទេចសំភារៈ និងគំរាមដល់ក្រុមការងាររួចបានចាក់សាំងដុតបំផ្លាញតែម្តង ។ បច្ចុប្បន្នពុំទាន់អាចកំណត់បានអត្តសញ្ញាណអ្នកដុតភ្លើងនោះឡើយ ហើយមានក្រុមការងារជាជនជាតិចិនមួយចំនួនក្រោយហេតុការណ៍នេះហើយបានបាត់ខ្លួន ហើយគ្រប់មជ្ឈដ្ឋានកំពុងតែធ្វើការស្វែងរក ។
មកទល់បច្ចុប្បន្នរោងសិប្បកម្ម ឃ្លាំង បន្ទប់ស្នាក់នៅ និងរថយន្តរបស់រោងចក្រជាង២០ត្រូវបានដុតបំផ្លាញហើយហាងដែលនៅតាមបណ្តោយផ្លូវក៏ត្រូវបានវាយកម្ទេច និងក្រុមការងារជាច្រើនអ្នករងរបួសស្រាល ហើយរោងចក្រមួយត្រូវបានអ្នកដុតភ្លើងកាន់កាប់ ។ដោយហេតុអ្នកដុតភ្លើងមានអាវុធក្នុងដៃ ហើយតាមបណ្តោយផ្លូវចូលក៏មានមនុស្សបានរៀបចំរបាំងផ្លូវ ធ្វើឱ្យក្រុមពន្លត់អគ្គីភ័យក្នុងស្រុកមិនអាចធ្វើការចូលជួយសង្គ្រោះបាន ។
បច្ចុប្បន្ន អ្នកសង្គ្រោះសុទ្ធសឹងតែជាក្រុមការងាររបស់រោងចក្រ កាលពីរសៀលថ្ងៃទី១៤ ខែមីនាដដែលនោះ រោងចក្រចិន នៅក្នុងសួនឧស្សាហកម្មឡាយ ដាយ៉ា ទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ត្រូវបានគប់វាយកម្ទេច និងដុតបំផ្លាញ បណ្តាលឱ្យមានជនជាតិចិនជាច្រើនរងរបួស និងត្រូវជាប់នៅក្នុងនោះ ។
ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មចិន នៅមីយ៉ាន់ម៉ា និងក្រុមហ៊ុនពាក់ព័ន្ធព្រមទាំងសំណូមពរដល់សមត្ថកិច្ចក្នុងតំបន់ចាត់វិធានការ ដើម្បីរក្សាសុវត្ថិភាពនិង សុខសន្តិភាព របស់សហគ្រាសក្រុមហ៊ុនចិន និងប្រជាជនចិនផងដែរ ។ ហើយស្ថានទូតក៏បានចេញសេចក្តីក្រើនរំលឹកអំពីសុវត្ថិភាពដល់សហគ្រាស និងបងប្អូនជនជាតិចិនដែលកំពុងប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា ។
ស្ថានទូតបានឱ្យដឹងថា គោលនយោបាយមិត្តភាពចំពោះមីយ៉ាន់ម៉ារបស់ចិន គឺផ្តោតសំខាន់លើប្រជាជនមីយ៉ាន់ម៉ា ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងមីយ៉ាន់ម៉ាតែងតែឈរលើគោលការណ៍នៃការទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយសង្កត់ធ្ងន់ជាពិសេសទៅលើផលប្រយោជន៍ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ។ ហើយរងគ្រោះភាគច្រើនសុទ្ធសឹងជាសហគ្រាសក្នុងវិស័យវាយនភ័ណ្ឌ ។
ក្នុងវិស័យនេះ សហគ្រាសចិនបានបង្កើតឳកាសការងារជាង៤០ម៉ឺនដល់ប្រជាជនមីយ៉ាន់ម៉ា ។ ហើយអំពើរបស់ជនល្មើសច្បាប់ធ្វើឱ្យខូចខាតដល់អត្ថប្រយោជន៍របស់ប្រជានជនមីយ៉ាន់ម៉ា ។
ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា ករណីដុតបំផ្លាញ និងវាយកម្ទេចលើកនេះ ជាករណីដែលអាក្រ់បំផុត ភាគីចិនសំណូមពរដល់ភាគីមីយ៉ាន់ម៉ាត្រូវមានចំណាត់ការយ៉ាងមានប្រសិទ្ធភាពលើករណីនេះ ដើម្បីទប់ស្កាត់អំពីហិង្សានានាកើតឡើង និងបើកការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះ ដើម្បីធានាបាននូវសុវត្តិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់សហគ្រាសចិន និងប្រជាជនចិនដែលកំពុងប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា ។
យើងសូមអំពាវនាវដល់ប្រជានជនមីយ៉ាន់ម៉ាត្រូវសម្តែងនូវការទាមទារដោយវិធានស្របច្បាប់ មិនត្រូវញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ា ៕
ចែករំលែកព័តមាននេះ