ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ឃាត់ខ្លួនចោរ​លួចទូរស័ព្ទ ជាជនជាតិចិនម្នាក់ និងអ្នកទទួលផលចោរកម្ម ជាជនជាតិខ្មែរម្នាក់

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ជនសង្ស័យ ជាចោរលួចទូរស័ព្ទយ៉ាងសកម្ម ជាជនជាតិចិន ម្នាក់ និងជនសង្ស័យ ទទួលផលចោរកម្មជនជាតិខ្មែរ ដែលជាជាងជួសជុល និងលក់ទូរស័ព្ទដៃម្នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ…

ខេត្តកំពត៖ ជនសង្ស័យ ជាចោរលួចទូរស័ព្ទយ៉ាងសកម្ម ជាជនជាតិចិន ម្នាក់ និងជនសង្ស័យ ទទួលផលចោរកម្មជនជាតិខ្មែរ ដែលជាជាងជួសជុល និងលក់ទូរស័ព្ទដៃម្នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនបានទាំងពីរនាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៩ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ការឃាត់ខ្លួនបុរសជនជាតិចិន និងបុរសជនជាតិខ្មែរនេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជា​ម្ចាស់ហាងលក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសង្កាត់កំពង់បាយ ក្រុងកំពត កាលពីពេលថ្មីៗ កន្លងមកនេះ។

​កំលាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពត បានឲ្យដឹងថា​ ដោយមានករណីចោរលួចគាស់ផ្ទះ ចូលលួចទូរស័ព្ទដៃ ដែលមានរបាយការណ៍រាយការណ៍​ពីករណីនេះ កើតមានស្ទើរតែគ្រប់រាជធានី និងខេត្ត ហើយថ្មីៗនេះ ក៏មានពាក្យបណ្តឹងពីជនរងគ្រោះនូវសកម្មភាព​ចោរលួចគាស់ផ្ទះហាងលក់ទូរស័ព្ទដៃ នៅហាងមួយ ដែលមានយីហោ ឈ្មោះ ធីបញ្ញាពេជ្រ​ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ សុខ ចាន់ដាវី ភេទស្រី អាយុ ៤២ ឆ្នាំ នៅភូមិសង្កាត់ខាងលើ បាត់បង់ទូរស័ព្ទដៃ រួមមានម៉ាក IPHONE 12,11, 8 , 7 , សរុបចំនួន ២២៥គ្រឿង ទូរស័ព្ទដៃម៉ាក SAMSUNG សរុបចំនួន ៧០គ្រឿង។

ប្រភពពីសមត្ថកិច្ច​ឲ្យដឹងទៀតថា​ បន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ លើករណីចោរលួចគាស់ផ្ទះ លួចទូរសព្ទ័ដៃ កំលាំងនគរបាលនាយកដ្ឋាន​ក្រសួងមហាផ្ទៃ បានចុះសហការជាមួយកំលាំងព្រហ្មទណ្ឌនៃស្នងការខេត្តកំពត ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែន វុត្ថា ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ ជនសង្ស័យរូបនេះ ជាជាងជួសជុល និងលក់ទូរសព្ទដៃ ព្រមទាំងទទួលផលចោរកម្មជាហូរហែរ រហូតដល់សព្វថ្ងៃ។

ប្រភព​បាន​បន្តថា​ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ែន វុត្ថា មកធ្វើការសាកសួរ ទើបកំលាំងសហការរបស់សមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ឈ្មោះ លី ជាស៊ាង ហៅ អាហ្វូ ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើត​នៅភូមិហុងមាវ សង្កាត់ពអ័ង ក្រុងម៉ាអាន ខេត្តអានហួយ ប្រទេសចិន ស្នាក់នៅបណ្តោះអាសន្ននៅ​សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ម៉ែន វុត្ថា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់រកស៊ីទិញលក់ និងជួសជុលទូរសព្ទ័ចាស់ថ្មី មានទីតាំងនៅផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិឃុំខាងលើ នៅក្នុងកំឡុងឆ្នាំ២០១៧ ខ្លួនបានស្គាល់ជនជាតិចិនម្នាក់នេះ តែមិនស្គាល់ឈ្មោះ ដោយមានប្រពន្ធជាជនជាតិខ្មែរ ឈ្មោះ អាលក្ខណ៍ មានអាយុប្រហែលជា ៣០ឆ្នាំ ដោយស្គាល់តាមរយៈប្អូនប្រុសជីដូនមួយខ្លួន ឈ្មោះ ឃឹម វិចិត្រ អាយុ ២៩ឆ្នាំ នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ កាលពីស្គាល់គ្នាជាមួយ​ជនជាតិចិនដំបូង ប្អូនជីដូនមួយរបស់ខ្លួន បានជិះឡានជាមួយចិនមកផ្ទះខ្លួន ហើយជនជាតិចិននេះ បានលក់ទូរសព្ទម៉ាកសាវមី (Mi) ចំនួនប្រហែលជា ៦០គ្រឿង ឲ្យខ្លួនក្នុងតម្លៃទូរសព្ទ ១គ្រឿង ថ្លៃ ៣៥$ ខ្លួនលក់ចេញវិញបាន ៣៨$ ហើយជាបន្តបន្ទាប់ខ្លួន បានទិញទូរសព្ទដៃពីជនជាតិចិននោះ ជាញឹកញាប់ផងដែរ​។

ជនសង្ស័យបានបន្តថា​ ក្រោយពីទិញទូរសព្ទ​ពីជនជាតិចិននោះ បាន ៣០គ្រឿង​ចុងក្រោយ ជនជាតិចិន បានឆាតមកប្រាប់ខ្លួនថា​ រូបគេបានរងគ្រោះដោយ​គ្រោះថ្នាក់ចរាចរណ៍ បានបាក់ជើងទាំងពីរ (តាមពិតឡើងលួចទូរសព្ទ​តាមដំបូលផ្ទះ ពេលម្ចាស់ផ្ទះទាន់ ក៏លោតចុះរួច​បាក់ជើង​ទាំងពីរ)។ ក្រោយពីឮចិនឆាតប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍​បាក់ជើងទាំងពីរខ្លួន ក៏បាននាំប្រពន្ធ ទៅសួរសុខទុក្ខចិននោះ នៅខេត្តព្រះសីហនុ បាន ២លើក។

​សមត្ថកិច្ចបានឲ្យដឹងទៀតថា​ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១ កំលាំង​សមត្ថកិច្ចបាន​ទៅឃាត់ខ្លួនជនជាតិចិន ឈ្មោះ លី ជាស៊ាង ហៅ អាហ្វូ ដែលស្នាក់នៅខេត្តព្រះសីហនុ​។

​ជនសង្ស័យជាជនជាតិចិន បានប្រាប់សមត្ថកិច្ចឲ្យដឹងថា​ ខ្លួនឈ្មោះ លី ជាស៊ាង កាន់លិខិតឆ្លងដែនលេខ EA8299227 ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនចេញពីប្រទេសចិនមកកម្ពុជា តាមយន្តហោះពីក្វាងចូវ មកភ្នំពេញ មកដល់កម្ពុជា ក្នុងអំឡុងខែសីហា ឆ្នាំ២០១៧ ចូលមកតាមរយៈមិត្តភក្ត័ឈ្មោះ ឈិន ហៅ ឡុង ភេទប្រុស អាយុប្រហែល ២៨ឆ្នាំធ្លាប់ស្គាល់គ្នា នៅប្រទេសចិន តែនៅកម្ពុជា មិនដឹងជាគាត់ស្នាក់នៅកន្លែងណាទេ។ ខ្លួនមក​ស្នាក់នៅខេត្តព្រះសីហនុ ខ្លួនបានធ្វើការនៅក្រុមហ៊ុនចិន ការងារផ្នែក IT បានមួយរយៈ ក៏បានជួបជាមួយស្ត្រីខ្មែរម្នាក់ ដែលខ្លួនមិនបានស្គាល់ឈ្មោះនោះទេ (ស្រីលក្ខណ៍​) នាងអាយុ​ប្រហែល ២៧ឆ្នាំ មានផ្ទះនៅខេត្តកំពង់ចាម ជាបុគ្គលិកកាស៊ីណូ ក្នុងខេត្តព្រះសីហនុ ហើយក៏បានស្រឡាញ់គ្នា តែមិនទាន់បានរៀបការ​ទេ។ បន្ទាប់មក ខ្លួនក៏ត្រឡប់ទៅប្រទេសចិន​វិញ។

នៅក្នុងអំឡុងឆ្នាំ២០១៨ ខ្លួនក៏បានត្រឡប់មកកម្ពុជាវិញ មកដល់កម្ពុជា លើកទី២ ខ្លួនបានស្នាក់​នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចក៏បានរៀបការជាមួយស្ត្រី ដែលខ្លួន​បានស្រឡាញ់គ្នា​មុនខ្លួនទៅស្រុកចិននោះ ឈ្មោះ ស៊ុន ស្រីលក្ខណ៍​ រស់នៅខេត្តកំពង់ចាម។ ក្រោយពីរៀបការរួច ខ្លួន និងប្រពន្ធ ក៏បានផ្លាស់ទីលំនៅ ទៅរស់នៅខេត្តព្រះសីហនុវិញ ហើយក៏បានស្គាល់គ្នា ជាមួយជនជាតិខ្មែរម្នាក់ ជាតៃកុងឡានចិន ឈ្មោះ ឃឹម វិចិត្រ ជាប្អូនជីដូនមួយរបស់ឈ្មោះ ម៉ែន វុត្ថា ជាងជួសជុលទូរសព្ទ នៅស្រុកឈូក។

ជនសង្ស័យជាជនជាតិ បានសារភាពទៀតថា​ នៅក្នុងខែតុលា ឆ្នាំ២០២០ ខ្លួនក៏បានទៅប៉ោយប៉ែតម្នាក់ឯង ពេលទៅដល់ប៉ោយប៉ែត បានចូលលេងល្បែងស៊ីសង នៅកាស៊ីណូ ពេលខ្លួនចាញ់ល្បែងហើយ ក៏បានជួបជនជាតិខ្មែរម្នាក់ ចាញ់ល្បែងដូចគ្នា ក៏រាប់អានគ្នាពេលនោះ ខ្លួនបានសំរាកនៅផ្ទះសំណាក់ប្រហែលជា ១០ថ្ងៃ ក៏បានបបួលគ្នា​ចេញលួច។

នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ដដែលខ្លួន ២នាក់ដៃគូ បានចេញលួច ដោយមានមធ្យោបាយ​ម៉ូតូ មិនចាំម៉ាកមួយគ្រឿង ព្រមទាំងមានឧបករណ៍ សំរាប់គាស់ដំបូលផ្ទះ​ ឡើងលួចទូរសព្ទ នៅក្នុងខេត្តបន្ទាយមានជ័យ ពេលនោះ ខ្លួនលួចទូរសព្ទ​បានប្រហែលជា៨០ គ្រឿង មានម៉ាក អូប៉ូ ហូវៃ វីវ៉ូ មី អាយហ្វូន និងរៀលមី។ ក្រោយពីលួចបាន ខ្លួន ក៏បានជិះរថយន្តតាក់ស៊ី មកស្រុកឈូក ពេលនោះ ជិះបណ្តើរទូរសព្ទ​ហៅប្រពន្ធបណ្តើរ​ឲ្យមកលក់​ទូរសព្ទ​ នៅផ្ទះវុត្ថា នៅស្រុកឈូក ពេលនោះ ខ្លួន​លក់​បាន​ប្រាក់​ចំនួន​ជាង ៧០០០$ ដោយមិនមានទំនាក់ទំនង​ជាមួយជនជាតិខ្មែរ ដែលទៅលួចជាមួយគ្នានោះទេ លុយ​ក៏មិនបាន​ឲ្យ​ទៅ​គេផងដែរ។ ក្រោយពីលក់ទូរសព្ទបានលុយហើយ ខ្លួន និងប្រពន្ធ​ (ស៊ុនស្រីលក្ខណ៍ ) ក៏បានត្រឡប់ទៅខេត្តព្រះស៊ីហនុវិញ។ ពេលខ្លួនមករស់នៅ​ខេត្តព្រះសីហនុវិញ ខ្លួនបានធ្វើសកម្មភាពលួចទូរសព្ទដៃជាច្រើន​លើកច្រើនសារ និងលក់ឲ្យទៅឈ្មោះ វុត្ថា បានលុយជាច្រើនពាន់ដុល្លារ​ផងដែរ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យរូបនេះ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ នៅក្រុងព្រះសីហនុជាច្រើនករណីស្ទើរតែរាប់ភ្លេច​រួចមក នៅថ្ងៃទី៦ ខែធ្នូ ខាងលើនេះ ជាថ្ងៃអន្សាដល់ នៅពេលកំពុងឡើងធ្វើសកម្មភាព ឡើងលួចលើដំបូលអាគារមួយ នៅខេត្ត​ព្រះសីហនុ ពេលនោះ ត្រូវម្ចាស់គេទាន់ស្រែកឆោរឡោ ខ្លួនភ័យពេក ក៏លោតចុះពីលើដំបូលអគារ​បណ្តាលឲ្យរងរបួសបាក់ជើងទាំងពីរតែម្តង​។

ករណីចោរកម្មខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម​ច្បាប់៕ ដោយ៖ ប្រាក់ សារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ