ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ល្ខោនខោល​លើក​ទី​២ នៅ​ស្វាយ​រៀង សម្រេច​លើក​ពេល​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កម្មវិធី​រាត្រី​ល្ខោនខោល​លើក​ទី​២ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុងខែ​មីនា ក្នុង​ខេត្តស្វាយរៀង​នោះ បាន​សម្រេច​លើក​ពេល​ហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​។ យោង​តាម​សេចក្តីជូនដំណឹង​ដែល​បាន​បង្ហោះ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​យុវជន​ល្ខោនខោល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កម្មវិធី​រាត្រី​ល្ខោនខោល​លើក​ទី​២ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុងខែ​មីនា ក្នុង​ខេត្តស្វាយរៀង​នោះ បាន​សម្រេច​លើក​ពេល​ហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​។

យោង​តាម​សេចក្តីជូនដំណឹង​ដែល​បាន​បង្ហោះ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​យុវជន​ល្ខោនខោល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ នេះ​បានអោយ​ដឹង​ថា យោង​តាម​ស្ថានភាព​ជាក់ស្តែង​នា​ពេល​បច្ចុ​ប្បន្ន​នេះ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​បន្ត និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​សកល​នេះ​ជាយថាហេតុ ដូច្នេះ​គណៈកម្ម​ការ​រៀបចំ​ព្រឹត្តិការណ៍ រាត្រី​ល្ខោនខោល​លើក​ទី​២ និង​ពិព័រណ៍​ម្ហូបអាហារ ខេត្តស្វាយរៀង នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង សម្រេច​ផ្អាក​នូវ​ព្រឹត្តិការណ៍​រាត្រី​ល្ខោនខោល​លើក​ទី​២ និង​ពិព័រណ៍​ម្ហូបអាហារ ខេត្តស្វាយរៀង ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០-២១ ខែមីនា ឆ្នាំ​២០២១ ខាង​មុខជា​បណ្តោះអាសន្ន​សិន​។ សូម​អធ្យាស្រ័យ និង​សូម​អរគុណ ។ យើង​រួម​គ្នា​បន្ត​អនុវត្ត​សុវត្ថិភាព ៣​ការពារ ៣​កុំ និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រីក​រាលដាល​នៃ ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា​។

គួរ​បញ្ជាក់​ថា ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា គ្រោង​រៀបចំ​ព្រឹត្តិការណ៍ «​រាត្រី​ល្ខោនខោល​» លើក​ទី​២ នៅ​ថ្ងៃ​ទី ២១ ខែមីនា ក្នុង​ខេត្តស្វាយរៀង​។

លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុម​យុវជន​ល្ខោន ថា «​រាត្រី​ល្ខោនខោល​» លើក​ទី​២​នេះ ប្រារព្ធ​ឡើង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​អភិរក្ស​នូវ​ទម្រង់​ល្ខោនខោល នូវ​ទម្រង់​ល្ខោន ឬ​របាំ​ផ្សេង​ៗ​ទៀត ឲ្យ​កាន់តែ​ទូលំទូលាយ ទៅ​កាន់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រស់នៅ​តាម​ខេត្ត​។

លោក​បញ្ជាក់​ថា តាម​គម្រោង​ព្រឹត្តិការណ៍ «​រាត្រី​ល្ខោនខោល​» លើក​ទី​២ នឹង​រៀបចំ​នៅ​ទីតាំង​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ចាប់ពី​ម៉ោង​៨​កន្លះ​ព្រឹក ដល់​ម៉ោង​៨​យប់។

លោក​ថា​៖ «​ក្រៅពី​ទស្សនីយភាព ការ​សម្ដែង​ល្ខោនខោល កម្មវិធី​នេះ​មាន​តាំងពិព័រណ៍​រូបថត​ល្ខោនខោល និង​ការ​សម្ដែង​សិល្បៈ​ផ្សេង​ៗ​ទៀត​ដែរ​»​។ ការ​រៀបចំ​នេះ គឺជា​លើក​ទី​ពីរ​ហើយ ដែល​ក្រុម​យុវជន​ល្ខោ​ល​ខោល​កម្ពុជា​រៀបចំ​ឡើង​នូវ​ព្រឹត្តិការណ៍ «​រាត្រី​ល្ខោ​ល​ខោល​» ដោយ​លើក​ទី​មួយ ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ «​រាត្រី​លោ្ខ​ន​ខោល​» ទាក់ទាញ​អ្នក​ទស្សនា​ប្រមាណ ២០០០​នាក់​។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា ព្រឹ​ត្ត​ការណ៍​រាត្រី​ល្ខោនខោល​លើក​ទី​២ អាច​នឹង​ធ្វើ​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ឡើយ ខណៈ​ពេល​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ