ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមហ៊ុន​ម្នាក់​​សារភាព​ដំណើររឿង ក្រោយ​តុលាការ​ឃុំខ្លួន​

7 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ ប្រធាន​ក្រុមហ៊ុន​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេចចេញដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពីថ្ងៃទី​១៣ មីនា ឆ្នាំ​២០២១ ​ពាក់ព័ន្ធ​ពី​បទ​រំ.លោ.ភ​លើ​ទំនុកចិត្ត​ (​ជួល​រថយន្ត​គេ​រួច​យក​ទៅ​​បញ្ចាំ​) ។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​ជួល​រថយន្ត​ឲ្យ​ទៅ​​ប្រធាន​ក្រុមហ៊ុន​ខាងលើ​ជា​ច្រើន​នាក់​នោះ​ឲ្យ​ដឹង​ថា​៖ ការ​បង់ថ្លៃ​ឈ្នួល​​រថយន្ត​…

ខេត្តកំពត​ ៖ ប្រធាន​ក្រុមហ៊ុន​ម្នាក់​ត្រូវ​បាន​តុលាការ​សម្រេចចេញដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពីថ្ងៃទី​១៣ មីនា ឆ្នាំ​២០២១ ​ពាក់ព័ន្ធ​ពី​បទ​រំ.លោ.ភ​លើ​ទំនុកចិត្ត​ (​ជួល​រថយន្ត​គេ​រួច​យក​ទៅ​​បញ្ចាំ​) ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​ជួល​រថយន្ត​ឲ្យ​ទៅ​​ប្រធាន​ក្រុមហ៊ុន​ខាងលើ​ជា​ច្រើន​នាក់​នោះ​ឲ្យ​ដឹង​ថា​៖ ការ​បង់ថ្លៃ​ឈ្នួល​​រថយន្ត​ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​មួយ​ខែ​ត្រូវ​បង់​ពីរ​ដង​គឺ​កន្លះ​ខែ​ត្រូវ​បង់​៧៥០​ដុល្លារ​​។

ម្ចាស់​រថយន្ត​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ក្រុមហ៊ុន​តាំងពី​ជួល​រថយន្ត​មក​គឺ​ម្នាក់​បាន​តែ​២២៥០ដុល្លារ​តែ​ប៉ុណ្ណោះ​។ ពេល​ជួល​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ហើយ ក្រុមហ៊ុន​នេះ​មិន​ដែល​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​រថយន្ត​មក​ត្រួតពិនិត្យ​រថយន្ត​របស់​ខ្លួន​ទេ ពេល​ពួក​គាត់​សួរ​រក​រថយន្ត​របស់​ខ្លួន តំណាង​ក្រុមហ៊ុន​ចេះ​តែ​និយាយ​ដោះសា​រថា​ យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​ផ្សេង​បន្ត ​តែ​ក៏​មិន​បាន​ប្រាប់​ទីតាំង​ក្រុមហ៊ុន​ដែល​ខ្លួន​​ថា​បាន​ជួល​ឲ្យ​នោះ​ដែរ​។

តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា​ ដោយ​មានការ​សង្ស័យ​ ម្ចាស់​រថយន្ត​ម្នាក់​បាន​ទៅ​សុំ​ដក​យក​រថយន្ត​របស់​ខ្លួន​មក​វិញ តែ​ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​ប្រគល់​រថយន្ត​ឲ្យ​​​វិញ​នៅ​ថ្ងៃ​ទី​១ ​ខែ​មិ​នា ឆ្នាំ​២០២១​ រហូត​មក​ដល់​ពេល​នេះ ​មិនឃើញ​ក្រុមហ៊ុន​ប្រគល់​រថយន្ត​ឲ្យ​​វិញ​ទេ ។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​បាន​បន្ត​ថា​៖ មាន​ថ្ងៃមួយ​ ​គាត់​​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​​គាត់​​នៅ​ស្ថា​នី​ប្រេង​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លុង​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ឃើញ​ដូច្នេះ​​គាត់​​បាន​ចូល​ទៅ​សួរនាំ ទើប​ដឹង​ថា​ជា​រថយន្ត​របស់​គាត់ ​ត្រូវ​បាន​ក្រុមហ៊ុន​ធី​ហ៊ួ​ត​ហ្គោ​ល​រៀល​អ៊ី​ស្ទេ​ត ឯ​,​ក យក​ទៅ​បញ្ចាំ​នៅ​កន្លែង​ផ្សេង​អស់​រយៈពេល​ជិត​២​ខែ​មក​ហើយ ទើប​គាត់​មក​​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ក្នុង​រឿង​រំ.លោ.ភ​លើ​ទំនុកចិត្ត​តែ​ម្តង​។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ត​ជា​ជន​រង​គ្រោះ​ដែល​ជួល​ឲ្យ​ក្រុមហ៊ុន​ខាងលើ កំលាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត ​បាន​សហការ​ជាមួយ​កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់​​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ធី​ហ៊ួ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​ធី​ហ៊ួ​ត​ហ្គោ​ល​រៀល​អ៊ី​ស្ទេ​ត ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ក្នុង​បូ​រី​ពិភព​ថ្មី​)​ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

នៅ​ពេល​សមត្ថកិច្ច​កំពុង​ចេញ​ប្រតិបត្តិការ​តាម​រក​តំណាង​ក្រុមហ៊ុន​ក៏​បាន​ប្រទះ​ឃើញ​តំណាង​ក្រុមហ៊ុន​កំពុង​បើករថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​វេលា​ម៉ោង​៣និង​២០​រសៀល​ថ្ងៃ​ទី​១១​ខែ​មិ​នា ឆ្នាំ ២០២១ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ឃាត់​រថយន្ត​ឱ្យ​ឈប់ និង​​ហៅ​ម្ចាស់​ជា​តំណាង​ក្រុមហ៊ុន​មក​ធ្វើការ​សាកសួរ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ជា​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី​១១ ​រហូត​ដល់​​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០​ខ្លួន​បាន​ជួល​រថយន្ត​ចំនួន​១១​គ្រឿង​ ក្នុងនោះ​ពី​ខេត្តកំពត​ចំនួន​៧​គ្រឿង ភ្នំពេញ​ចំនួន​៣ គ្រឿង​និង​ខេត្តកំពង់ស្ពឺ​ចំនួន​១​គ្រឿង ចំពោះ​រថយន្ត​ទាំងអស់​គឺ​ខ្លួន​ជួល​ក្នុង១ខែ​​តម្លៃ​១៦០០$​ក្នុង​មួយ​គ្រឿងហើយ​រថយន្ត​ទាំងនោះ​ខ្លួន​មិន​បាន​ចាំ​ឆ្នាំ​ផលិត​និង​ផ្លា​ក​លេខ​នោះ​ទេ​។ បន្ទាប់​ពី​ជួល​បាន​រយះ​ពេល​ជាង​១​ខែ ដោយ​សារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ក្រុមហ៊ុន ​ទើប​ខ្លួន​បាន​យក​រថយន្ត​ទាំងអស់​ទៅ​លក់​និង​បញ្ចាំ​ដាច់​ទាំងអស់​។

ជនសង្ស័យ​បាន​បន្ត​ទៀត​ថា​៖ នៅ​ពាក់​កណ្តាលខែ​កុ​ម្ភៈ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដើម​រថយន្ត​បាន​មក​ដាក់​ពាក្យសុំ​ដក​រថយន្ត​ពី​ក្រុមហ៊ុន​ខ្លួន​ បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​បញ្ចប់​ការ​ជួល​នៅ​ថ្ងៃ​ទី​១ ​ខែ​មិ​នា ឆ្នាំ​២០២១​ តែ​ខ្លួន​បាន​សុំ​ពន្យា​ពេល​ក្នុង​ការ​ប្រគល់​រថយន្ត ដើម្បី​មាន​ពេល​រក​ប្រាក់​ទៅ​លោះ​រថយន្ត​សង​ពួក​គេ​វិញ​ តែ​មិន​ទាន់​បាន​ប្រគល់​រថយន្ត​ឲ្យ​ពួក​គាត់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ​លុះ​​ដល់​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ ២០២១​ ខ​ណះ​ខ្លួន​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ត្រូវ​កំលាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​របស់​ខ្លួន​យក​មក​សួរនាំ​តែ​ម្តង​។

ជនសង្ស័យ​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​បាន​ក៏​បាន​កសាង​សុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជុំវិញ​សំណុំរឿង​ខាងលើ​ត្រូវ​បាន​លោក អាំង សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត​បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធ​នា​គារ​​ជា​បណ្តោះអាសន្ន ពី​បទ​រំ.លោ.ភ​លើ​ទំនុកចិត្ត​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​ ៕