ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ខ្លាំង ប្រេង​ស្រុក​ខ្មែរ​ដេកចាំ​ធ្លាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កំណត់​យក​យន្តការ​រលាស់ (​បញ្ចុះ​និង​ដំឡើង​ថ្លៃ​ប្រេង តាម​និន្នាការ​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​ឆាប់​) ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​តំណាង​ក្រុមហ៊ុន​ប្រេង

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កំណត់​យក​យន្តការ​រលាស់ (​បញ្ចុះ​និង​ដំឡើង​ថ្លៃ​ប្រេង តាម​និន្នាការ​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​ឆាប់​) ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​តំណាង​ក្រុមហ៊ុន​ប្រេង យក​ទៅ​ជជែក​ពិភាក្សា​សិន ហើយនឹង​ឆ្លើយ​តប​នៅ​ថ្ងៃ​អង្គារ ទី​៨ កញ្ញា សបា្ត​ហ៍​ក្រោយ ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក កែម រ​ដ្ឋា ដែល​ប្រាប់​គេហទំព័រ​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៤ កញ្ញា ។

បើ​តាម​អ្នកនាំពាក្យ​ដដែល​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ក្រសួងពាណិជ្ជកម្ម ​និង​តំណាង​ក្រុមហ៊ុន​ប្រេង កាលពី​ថ្ងៃ​ទី​៣ កញ្ញា ក្រុមហ៊ុន​ប្រេង​បាន​លើក​ឡើង​ពី​ការ​លំបាក​មួយ​ចំនួន​ដូច​ជា​បញ្ហា​ស្តុក ការ​ឡើង​ចុះ​តម្លៃ​ប្រេង​ឆៅ​លឿន នៅ​លើ​ទីផ្សារ​អន្តរជាតិ ខណៈ​ក្រុមហ៊ុន​បាន​នាំ​ប្រេង​ឆ្អិន​ចូល​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​ជាដើម ។

យ៉ាងណា​ក៏​ដោយ លោក កែម រ​ដ្ឋា បាន​បញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម​យល់​ពី​ការ​លំបាក​ខ្លះ​ៗ​របស់​ក្រុមហ៊ុន ប៉ុន្តែ​ក្រសួង​ក៏​ពិនិត្យ​មើល​ដែរ​អំពី​បរិមាណ​នាំ​ចូល​ជា​ច្រើន​ដង ហើយ​ថា​បញ្ហា​ស្តុក អត់​មាន​បញ្ហា​ច្រើន​នោះ​ទេ​។

លោក​បន្ត​ថា ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក​លក់រាយ​មួយ​ចំនួន បាន​បញ្ចុះតម្លៃ​ប្រេង​លឿន ដូច​ជា SAVIMEX ជាដើម ។ ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​ដែល​លក់ដុំ​ដូច​ជា CALTEX និង TOTAL គឺ​មានការ​លំបាក​ខ្លះ​ៗ មិន​ទម្លាក់​ថ្លៃ​លឿន ដោយសារ​ចង្វាក់​ការងារ​ធ្វើ​តាម​ស្តង់ដា​អន្តរជាតិ (Standard) ។ ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម យើង​រង់ចាំ​ការ​ឆ្លើយ​តប​តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​នីមួយ​ៗ ​នៅ​ថ្ងៃ​អង្គារ សបា្ត​ហ៍​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ មក​នៅ​ក្រោម​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នោះ តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ទម្លាក់​ថ្លៃ​យឺត ដោយ​ក្នុង​នោះ តម្លៃ​ប្រេងសាំង​នៅ​ស្ថានីយ​ប្រេង CALTEX សាំង​ស៊ុប​ពែ ៤.១០០​រៀល សាំង​ធម្មតា ៣.៨៥០​រៀល ម៉ា​ស៊ូ​ត ៣.៦០០​រៀល​, TOTAL សាំង​ស៊ុប​ពែ ៤.១០០​រៀល សាំង​ធម្មតា ៣.៨៥០​រៀល និង​ប្រេងម៉ាស៊ូត ៣.៦០០​រៀល , TELA សាំង​ស៊ុប​ពែ ៤.១០០​រៀល សាំង​ធម្មតា ៣.៨៥០​រៀល ប្រេងម៉ាស៊ូត ៣.៦០០​រៀល​, PTT សាំង​ស៊ុប​ពែ ៤.១០០​រៀល សាំង​ធម្មតា ៣៨៥០​រៀល​និង​ប្រេងម៉ាស៊ូត​៣៦០០​រៀល​, SOKIMEX ស៊ុប​ពែ ៤១០០​រៀល ធម្មតា ៣.៨៥០​រៀល និង​ប្រេងម៉ាស៊ូត ៣.៦០០​រៀល និង​ស្ថានីយ​ប្រេង SVM (Savimex) សាំង​ស៊ុប​ពែ ៣.៦០០​រៀល សាំង​ធម្មតា ៣.៤០០​រៀល និង​ប្រេងម៉ាស៊ូត​២.៨០០​រៀល ។

មជ្ឈដ្ឋាន​នានា​នៅ​រាជធានី​ភ្នំពេញ និយាយ​ថា ប្រេង​នៅ​កម្ពុជា​យើង បើ​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ គេ​នាំ​គ្នា​ឡើងថ្លៃ​ភ្លាម ចាប់​អត់​ឈ្នះ​ទេ​។ ប៉ុន្តែ​បើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​វិញ ខាងយើង​ធ្លាក់​ដែរ តែ​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ៕