ខេត្តរតនគិរី ៖ ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងមានចម្ងាយ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តរតនគិរីមានក្រុងមួយគឺក្រុងបានលុង និងស្រុក៨ គឺស្រុកអូរជុំ, វ៉ើនសៃ, កូនមុំ, លំផាត់, តាវែង, បកែវ, អណ្តូងមាស និងអូរយ៉ាដាវ ។ គ្របដណ្តប់លើផ្ទៃដីចំនួន១០.៧៨២ម៉ែត្រការ៉េ ។ រតនគិរីជាតំបន់ដែលសំបូរទៅដោយរតនសម្បត្តិធម្មជាតិប្រកបទៅដោយភាពស្រស់បំព្រង និងជាភូមិកំណើតនៃជនជាតិដើមភាគតិចជាច្រើនអំបូរ មានដូចជា ជនជាតិទំពួន, ចារាយ, គ្រឹង, ព្រៅ, កាវ៉ែត,កាចក់, ព្នង, លន់ និងឡាវ ជាដើម ។
អ្នកទេសចរអាចទៅទស្សនា និងឈ្វេងយល់ដោយផ្ទាល់ពីទំនៀមទម្លាប់ប្រពៃណីរស់នៅប្រចាំថ្ងៃ ការគោរពបូជា និងជំនឿ ផ្សេងៗជាច្រើនទៅតាមអំបូរនៃជនជាតិដើមភាគតិច ។
ក្រុងបានលុង គឺជាទីប្រជុំជនរបស់ខេត្តរតនគិរីដែលស្ថិតនៅលើតំបន់ខ្ពង់រាបព័ទ្ធជុំវិញទៅដោយជួរភ្នំ ជ្រលងភ្នំ ទឹកធ្លាក់ជាច្រើនកន្លែងនិងបឹងធម្មជាតិដែលក្លាយមកពីបន្ទុះភ្នំភ្លើងច្រើនសតវត្សមកហើយ ។
ខុសប្លែកពីទីរួមខេត្តដទៃទៀតដែលសល់ពីមុនមកសំណង់ ចាស់ៗជាច្រើន ឯក្រុងបានលុងសុទ្ធសឹងតែសាងសង់ថ្មីទាំងអស់បន្ទាប់ពីរបបប៉ុល ពត មក ។ នៅចំកណ្តាលទីក្រុងនេះមានផ្សារមួយ«ឈ្មោះផ្សារបានលុង» ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងស្រុកដ៏ធំបំផុតរបស់ខេត្ត ។ ក្នុងរយៈពេល ថ្មីៗកន្លងមកបានសាងសង់ផ្សារថ្មីមួយទៀតឈ្មោះ«ផ្សារតាយសេង» នៅភាគខាងលិចនៃក្រុងបានលុង ក្នុងសង្កាត់កាចាញ ប៉ុន្តែមិនទាន់បានដំណើរការលក់ដូរនៅឡើយទេ ។
រាល់ផលិតផលក្នុងស្រុកទាំងអស់ដូចជាផ្លែឈើ បន្លែបង្ការ ត្រីសាច់ សម្ភារប្រើប្រាស់ផលិតដោយអ្នកស្រុករួមទាំងផលអនុផលព្រៃឈើមួយចំនួនទៀតក៏មានលក់នៅទីនោះដែរ ។ ឯរាល់កសិផលទាំងអស់ក្នុងខេត្តរតនគិរីសុទ្ធសឹងជាកសិផលធម្មជាតិដាំដុះដោយគ្មានការប្រើប្រាស់ជីគីមីទេ លើកលែងតែកសិផលខ្លះដែលនាំចូលពីរាជធានីភ្នំពេញ ឬពីប្រទេសវៀតណាមប៉ុណ្ណោះ ។
នៅពេលព្រលឹម ស្រាងៗផ្សារក្រុងបានលុងចាប់ផ្តើមសកម្មភាពមមាញឹករបស់ខ្លួនរវាងអតិថិជន និងអ្នកលក់ដូរដែលភាគច្រើន គឺជនជាតិដើមភាគតិចបានទូល ឬស្ពាយផលិតផលរបស់ខ្លួនសម្រាប់លក់ឱ្យអតិថិជនទូទៅ ។
វាគឺជាអនុស្សាវរីយ៍មួយសម្រាប់់អ្នកទេសចរទាំងឡាយដែលបានទៅទស្សនាឈ្វេងយល់ពីសកម្មភាពលក់ដូរនៅឯផ្សារបានលុង ខណៈដែលរៀងរាល់ព្រឹកគេបានឃើញសកម្មភាពអ៊ូអរមមាញឹករវាងកសិករ និងពាណិជ្ជករទិញ-លក់ទំនិញរបស់ពួកគេ ។ ផលិតផលមួយចំនួនដែលមានលក់នៅទីនោះ គឺប្លែក ហើយក៏ពុំមានលក់នៅផ្សារទូទៅទេ ។ កសិផលដាំដុះតាមបែបធម្មជាតិនៅផ្សារបានលុងមានតម្លៃទាបជាងផ្សារ ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។
ក្នុងក្រុងបានលុងមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានសម្រាប់់អ្នកទេសចរស្នាក់នៅហើយលក់ម្ហូបអាហារច្រើនប្រភេទតាមតម្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺខេត្តរតនគិរីមានទីក្រុងមួយដែលស្ថិតនៅលើតំបន់ខ្ពង់រាបព័ទ្ធជុំវិញទៅដោយជួរភ្នំ ជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិ ដែលក្លាយមកពីបន្ទុះភ្នំភ្លើងជាច្រើនសតវត្សមកហើយ នោះគឺបឹងយក្សឡោមដែលជារមណីយដ្ឋានធម្មជាតិគួរឱ្យអារម្មណ៍បំផុតក្នុងខេត្តរតនគិរី ។
រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម គឺជាបឹងមួយស្ថិតនៅលើតំបន់ខ្ពង់រាបនៃខេត្តរតគិរីមានអង្កត់ផ្ចិតប្រមាណជា៨០០ម៉ែត្រ និងជម្រៅ៤៨ម៉ែត្រទៅ៥០ម៉ែត្រ វាកើតឡើងដោយបន្ទុះភ្នំភ្លើងចាស់ជាច្រើនសតវត្សមកហើយ ។ ពីដើមឡើយបឹងនោះមានសភាពស្ងប់ស្ងាត់នៅកណ្តាលទ្រូងព្រៃប្រៀបដូចជាទីឋានដ៏សុខដុមរមនាសម្រាប់់ពពួកសត្វព្រៃ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋកាប់ឆ្ការ រុករានដីព្រៃធ្វើជាកម្មសិទ្ធិដាំដំណាំកសិផលអស់ហើយ មានតែបរិវេណជុំវិញបឹងប៉ុណ្ណោះដែលនៅសល់ ប៉ុន្តែក៏ប្រឈមនឹងការរំលោភផងដែរពីអ្នកមានអំណាចមួយចំនួន ។
បឹងយក្សឡោមប្រៀបដូចជាមេដែកឆក់សម្រាប់ស្រូបទាញ អង្រួនបេះដូអ្នកទេសចរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងឡើងដោយខានពុំបានឡើយ ខណៈដែលពួកគេធ្វើដំណើរកម្សាន្តទៅដល់ខេត្តរតនគិរី ។
ទឹកបឹងដែលជានិច្ចកាលត្រជាក់ស្រេង ថ្លាឈ្វេងឆ្លុះពណ៌ជាមួយនឹងព្រៃឈើខៀវស្រងាត់នៅព័ទ្ធជុំវិញមាត់បឹងនោះ ដែលអមដោយសំឡេងបក្សាបក្សីស្រែកយំយ៉ាងគ្រលួច បឹងយក្សឡោមបានក្លាយជាគោលដៅសម្រាប់អ្នកទេសចរមុជទឹកហែលកម្សាន្តអារម្មណ៍ និងដើរ ឬជិះកង់ទស្សនាកម្សាន្តទេសភាពស្រស់ត្រកាលព័ទ្ធជុំវិញមាត់បឹងនោះដែលពេលខ្លះអាចឱ្យគេពើបប្រទះសត្វបក្សាបក្សី ឬក៏សត្វម្រឹគីម្រឹគា ផ្សេងៗទៀតក៏មានដែរ ។
ជនជាតិដើមភាគតិចនៅតំបន់នោះមានជំនឿថា ទឹកបឹងយក្សឡោមមានព្រលឹងវិញ្ញាណ ហើយពួកគេទាំងអស់គ្នាតែងតែគោរពបូជា និងមានការបន់ស្រន់ប្រាថ្នាសូមឱ្យវត្ថុស័ក្តិសិទ្ធិការពារពួកគេ និងទឹកដីបុព្វបុរសផងខ្លួនឱ្យនៅគង់វង្សជានិច្ច ។ ប្រជាជនខ្លះបានផ្តល់ជូនអ្នកទេសចរជាតិនិងអន្តរជាតិនូវការលក់វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្ម កសិកម្មជាច្រើនមុខ ដែលផលិតដោយជនជាតិដើមភាគតិចនៅមូលដ្ឋានក្បែរៗនោះ ។
បឹងយក្សឡោមជាបឹងធម្មជាតិមួយស្អាតអស្ចារ្យមានទីតាំងក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ចម្ងាយ៥គីឡូម៉ែត្រពីខាងកើតក្រុងយក្សឡោម ។ មានរឿងព្រេងមួយទាក់ទងនឹងបឹងយក្សឡោម ហើយបាននិទាន តៗគ្នាដោយប្រជាជននៅមូលដ្ឋាន ។
រឿងព្រេងនោះនិទានថា កាលពីព្រេងនាយមានស្តេចយក្សមួយអង្គមានឫទ្ធាអំណាចខ្លាំងអស្ចារ្យ ហើយមានបុត្រីដ៏ស្រស់ស្អាតម្នាក់់ទាំងសក់ ទាំងរាងកាយរបស់បុត្រីនោះតែងតែសាយភាយចេញក្លិនក្រអូបជាប្រចាំ ដូច្នេះស្តេចយក្សបានដាក់ឈ្មោះបុត្រីថា ព្រះនាង «សក់ក្រអូប» ។ នៅពេលនាងធំពេញវ័យមានបុរសសង្ហា ហើយខ្លាំងពូកែម្នាក់ទៅចែចង់ ។ សេចក្តីស្រឡាញ់ប្រតិព័ទ្ធរបស់ពួកគេកាន់តែរីក ធំឡើងៗ ចំពោះគ្នា ។ ដោយសារគូស្នេហ៍នោះភ័យខ្លាចស្តេចយក្សដឹងរឿងសម្ងាត់នេះរបស់ពួកគេក្នុងថ្ងៃណាមួយនោះ ដូច្នេះក៏សម្រេចចិត្តភៀសខ្លួនទៅកាន់ព្រៃជ្រៅ ។
មិនយូរប៉ុន្មាន ស្តេចយក្សដឹងពីស្ថានភាពរបស់បុត្រី ព្រះអង្គសោកសង្រេងយ៉ាងខ្លាំង។ ដំបូងព្រះអង្គមានសេចក្តីអាណិតអាសូរដល់បុត្រី ហើយបន្ទាប់មកព្រះអង្គកោះប្រជុំកងទ័ពដើម្បីស្វែងរកបុត្រីសំណព្វចិត្ត ។ នៅក្នុងអាណាចក្រព្រះអង្គទាំងមូល និងនៅក្នុងព្រៃភ្នំក្រំថ្មទាំងឡាយត្រូវត្រួតពិនិត្យដោយកងទ័ពយក្សដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែពួកគេមិនប្រទះឃើញដានរបស់នាងឡើយ ។ ទីបំផុតទៅដល់ព្រៃក្រាស់ដែលជាទីតាំងបឹងយក្សឡោមសព្វថ្ងៃនេះក៏ពុំឃើញគូស្នេហ៍នោះដែរ ។
ស្តេចយក្សសង្ស័យថាបុត្រីព្រះអង្គប្រហែលជាស្ថិតនៅក្នុងព្រៃនោះ ដូច្នេះព្រះអង្គបានដាក់ពង្រាយកងទ័ពយ៉ាងច្រើនដើម្បីឡោមព័ទ្ធបរិវេណព្រៃនោះ ។ បន្ទាប់មកព្រះអង្គបានបញ្ជាឱ្យកងទ័ពទាំងអស់ដកដើមឈើ ហើយជីកដីក្នុងបរិវេណនោះយ៉ាងជ្រៅ ដើម្បីស្វែងរកបុត្រីជាទីស្រឡាញ់របស់ខ្លួន ។ ពួកកងទ័ពបាននាំគ្នាជីករហូតទីនោះក្លាយជាស្រះយ៉ាងធំបណ្តាលឱ្យពួកគេមានការហត់នឿយយ៉ាងខ្លាំង ឯការខិតខំប្រឹងប្រែងក៏ក្លាយជាអត់អំពើ ។ ទីបំផុតស្តេចយក្សក៏បញ្ជាឱ្យកងទ័ពដកត្រឡប់ទៅព្រះនគរវិញទាំងអស់ទៅ ។ រណ្តៅដីដែលកងទ័ពយក្សបានជីករួមទាំងការដកដើមឈើរតូចធំទាំងឫស ដែលជាការខិតខំប្រឹងប្រែងមិនបានជោគជ័យដើម្បីស្វែងរកបុត្រីយក្សនោះ បានបន្សល់ទុកជាស្រះ ឬបឹងជ្រៅមួយនៅខេត្តរតនគិរី ។ ទាំងនេះជាហេតុផលអ្នកស្រុករតនគិរី ហៅទីនោះថា «បឹងយក្សឡោម» រហូតមកដល់បច្ចុប្បន្ននេះដោយក្លាយមកពីពាក្យដើមថា «យក្សឡោមព័ទ្ធ»។
មានការនិទានរឿងបែបផ្សេងទៀតខុសពីសេចក្តីនិទានមុននេះថា មានមេទ័ពយក្សមួយព្យាយាមចាប់កូនស្រីរបស់ស្តេចយក្សដើម្បីបំបែកកូនស្រីរបស់ស្តេចយក្សពីគូស្នេហ៍របស់នាង ។ ពេលនោះមេទ័ពយក្សបានបញ្ជាឱ្យកងទ័ពយក្សឡោមព័ទ្ធជុំវិញភ្នំជាទីដែលគូស្នេហ៍លាក់ខ្លួនពួនអាត្មានោះ ឯគូស្នេហ៍នោះគិតថា គ្មានផ្លូវនឹងគេចខ្លួនរួចឡើយ ។ ពួកគេទាំងពីរបានសម្រេចចិត្តសច្ចាប្រាថ្នាបួងសួងសូមឱ្យព្រះធរណីស្រូបដើម្បីបញ្ជាក់ពីសេចក្តីស្នេហាបរិសុទ្ធ ស្មោះត្រង់របស់ពួកគេ ។ ពួកគេក៏ចាប់ផ្តើមបន់ស្រន់ដល់អ្នកតាព្រៃភ្នំ ព្រះមុនីឥសី និងវត្ថុស័កិ្តសិទ្ធិដែលរក្សាទឹកដីនេះ សូមឱ្យលោកជួយឱ្យទីនេះស្រុតចុះលិចទៅក្នុងព្រះធរណីចុះ ដើម្បីកុំឱ្យមានគេមកពង្រាត់ពួកគេចេញពីគ្នា ។ រំពេចនោះតំបន់ភ្នំក៏ស្រុតលិចចុះទៅក្រោមព្រះធរណីយ៉ាងឆាប់រហ័ស ដោយនាំយកគូស្នេហ៍នោះទៅជាមួយផងដូចបំណងប្រាថ្នាមែន ។ មូលហេតុនេះហើយដែលទីតាំងនោះក្លាយទៅជាស្រះយ៉ាងជ្រៅ ហើយអ្នកស្រុកហៅស្រះនោះថា «យក្សឡោម» មកពីពាក្យកាត់របស់ពាក្យ «កងទ័ពយក្សឡោមព័ទ្ធ»នោះឯង ។
មានការពន្យល់មួយទៀតថា ប្រភពឈ្មោះ «យក្សឡោម» នេះផ្សេងទាំងស្រុងពីរឿងនិទានខាងលើ ហើយទំនងគួរឱ្យជឿខ្លាំងណាស់ ។ រឿងនោះនិទានថាពាក្យ «យក្ស» នៅក្នុងភាសាជនជាតិដើមភាគតិចនៅទីនោះមានន័យថា «ប្រធាន ឬមេភូមិ ឬមេកន្ទ្រាញ ឬក៏ម្ចាស់ភូមិ» ។ ពាក្យ «ឡោម» ជាឈ្មោះរបស់មនុស្សដែលជាអតីតជាម្ចាស់គ្រប់គ្រងនៅតំបន់នោះ ។ ព្រោះហេតុដូច្នេះពាក្យ «យក្សឡោម» គឺជាការរំឭកនិងគោរពដល់ព្រលឹង ឬវិញ្ញាណក្ខន្ធនៃមេដឹកនាំជំនាន់មុនរបស់ពួកគេមានឈ្មោះថា «ឡោម» ដែលធ្លាប់គ្រប់គ្រងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅតំបន់ជុំវិញបឹងនោះ ឱ្យរស់នៅក្នុងសុភមង្គល និងភាពសុខដុម រមនាជាយូរមកហើយ ។
បច្ចុប្បន្ន បឹងយក្សឡោមកំពុងស្រូបទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិទៅទស្សនាយ៉ាងច្រើនកុះករ ហើយមានការកើនឡើងជាលំដាប់ ។ ដោយសារផ្លូវធ្វើដំណើរងាយស្រួល ក្នុងឆ្នាំ២០១៥នេះ អ្នកទេសចរជាតិកើនឡើង ប្រមាណ៥% និងអ្នកទេសចរអន្តរជាតិ៣% បើប្រៀបធៀបឆ្នាំ២០១៤ ។ នេះបើតាមការឱ្យដឹងពីលោកវេណ ជឺក ប្រធានសមាគមគ្រប់គ្រងរមណីយដ្ឋានបឹងយក្សឡោម ៕
ចែករំលែកព័តមាននេះ