ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ក្រុងប៉ៃលិន​កាក់កប​នឹង​របរ​ដាំ​ដំណាំ​ស្រកានាគ មួយ​ឆ្នាំ​ប្រមូល​ផល​6​ដង

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្រកានាគ​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ដំណាំ​ផ្សេង​ទៀត ដែល​គេ​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​ដាំ​នៅ​តាម​របង​ផ្ទះ ឬ​ក្នុង​ចម្ការ ដោយ​ដំណាំ​នេះ​គ្រាន់តែ​មាន​ដើម​ហើយ​ចេញ​ផ្កា និង​ផ្លែ​តែ​ម្តង

ខេត្ត​ប៉ៃលិន ៖ ស្រកានាគ​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ដំណាំ​ផ្សេង​ទៀត ដែល​គេ​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​ដាំ​នៅ​តាម​របង​ផ្ទះ ឬ​ក្នុង​ចម្ការ ដោយ​ដំណាំ​នេះ​គ្រាន់តែ​មាន​ដើម​ហើយ​ចេញ​ផ្កា និង​ផ្លែ​តែ​ម្តង វា​គ្មាន​ស្លឹក​ដូច​រុក្ខជាតិ​ដទៃ​ទៀត​ឡើយ ។

ស្រកានាគ​មាន​ពីរ​ប្រភេទ ខ្លះ​មាន​សាច់​ពណ៌​ស មាន​រសជាតិ​ជូរអែម ខ្លះ​ទៀត​មាន​សាច់​ពណ៌​ស្វាយ រសជាតិ​ផ្អែម​ឈ្ងុយ ហើយ​នៅ​ពេល​ទុំ វា​មាន​ទម្ងន់​ចាប់ពី​៣​ខាំ​ទៅ​កន្លះ​គីឡូក្រាម​ទៅ​តាម​ស្ថានភាព​ដី ។ សម្បក​ក្រៅ​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​ស្រកា​សត្វ​នាគ​ក្នុង​សាច់​មាន​គ្រាប់​ល្អិត​តូច​ៗ​ដូច​គ្រាប់ល្ង ឬ​ព្រលិត ក្នុង​បឹង​ដែរ ។   

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ យ៉ា​ន់ ធួ​ក អាយុ​៣៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា​ថា គាត់​មានស្រុក​កំណើត​រស់នៅ​ខេត្តព្រៃវែង និង​បាន​មក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ដែល​មាន​ដីចម្ការ ដាំពោត និង​ដំឡូង​មី​មួយ​ចំនួន​ដែរ ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ចំណែក​ដីចម្ការ​ក្នុងភូមិ​ក្បែរ​ផ្ទះ​វិញ​គាត់​បាន​ដាំ​ដំណាំ​ស្រកានាគ​ដែល​សុំ​បំបែក​ធាង​ពី​អ្នក​ភូមិ​ផង​របង​ជាមួយ ហើយ​ក៏​បំបែក​ដាំ​ត​ៗ​រហូត​មក​ដល់​ពេល​នេះ គាត់​ដាំ​បាន​ជាង​៣០០​ជន្លង់ (​ដើម​) ហើយ ព្រមទាំង​ទទួលផល​បានជា​ហូរហែ​យៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ដែរ ។

គាត់​បាន​បញ្ជាក់​ថា ក្នុង​ការ​ដាំ​គឺ​គាត់​ដាក់​បង្គោល​ប្រវែង​ជាង​២​ម៉ែត្រ ដាក់​ចន្លោះ​ពី​គ្នា​ប្រវែង​ពី​២​ទៅ​៣​ម៉ែត្រ ដោយ​មាន​ដាក់​សម្បក​កង់​ម៉ូតូ​ដំ​ជាប់​នឹង​ឈើ​ខ្វែង​នៅ​ពីលើ ដើម្បី​ឱ្យ​ស្រកានាគ​វារ​ឡើង​ទៅ​រុំ​ព័ទ្ធ​នៅ​ខាង​ចុង​បង្គោល​នោះ ហើយ​ពេល​លូតលាស់​កាន់តែ​វែង​ខ្លាំង យើង​ដើរ​កាត់​ចុង​ចោល ឬ​យក​ទៅ​ដាំ​កន្លែង​ផ្សេង​ទៀត ។ គាត់​បាន​បញ្ជាក់​ថា ក្នុង​១​រដូវ គាត់​ប្រមូល​ផល​បាន​ចំនួន​៦​ដង ហើយ​ដំណាំ​នេះ​ចេះ​តែ​ផ្កា​ជា​បន្តបន្ទាប់​រហូត ។

ដំណាំ​នេះ​ភាគច្រើន​ចាប់​ផ្កា​ពី​ខែមិថុនា រហូត​ដល់​ចុងខែ​ធ្នូ ទើប​ឈប់​ផ្កា​ហើយ​ចេញ​ផ្លែ​បន្ត ។

ក្នុង​ការ​ប្រមូល​ផល​ម្តង​ៗ គាត់​អាច​បេះ​ផ្លែ​វា​ចាប់ពី​៧០​ទៅ​៨០​គីឡូក្រាម​ជួនកាល រហូត​ដល់​ជាង​១០០​គីឡូក្រាម​ក៏​មាន និង​មិន​ពិបាក​លក់​ទេ​គឺ​មាន​ឈ្មួញ​ក្នុង​ខេត្ត និង​ខ្លះ​ទៀត​មក​ពី​បាត់ដំបង សៀមរាប គេ​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​យក​អស់​ៗ ។ ស្ត្រី​ដដែល​បាន​បន្ត​ថា បើ​លក់​ម៉ៅ គាត់​គិត​តម្លៃ​១​គីឡូក្រាម​ត្រឹមតែ​២៥០០​រៀល​ទៅ​៣០០០​រៀល តែបើ​ទិញ​តិចតួច​គិត​១​គីឡូក្រាម លក់​ថ្លៃ​ចាប់ពី​៤.០០០​រៀល​ទៅ​៥.០០០​រៀល ។ គាត់​សំណូមពរ​ដល់​ប្រជាពលរដ្ឋ បើសិនជា​អាច​គួរ​នាំ​គ្នា​ដាំ​ដំណាំ​នេះ ព្រោះ​ការ​ដាំ​មិន​មាន​អ្វី​ដែល​លំបាក​នោះ​ទេ គ្រាន់តែ​ដាក់​មែក ឬ​ធាង​វា​ដល់​ដី ហើយ​មាន​បង្គោល នោះ​នឹង​ដុះ​លូតលាស់​បាន​យា​៉​ង​ល្អ អាច​បាន​ផល​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ងាយ ។

សូម​បញ្ជាក់​ថា ដំណាំ​ស្រកានាគ បន្ទាប់​ពី​ផ្កា​រួច បើ​កសិករ​ឧស្សាហ៍​ស្រោច​ទឹក​នោះ ផ្លែ​វា​នឹង​ថ្លោស​ធំ​ល្អ មាន​រសជាតិ​ផ្អែម​ឈ្ងុយ គួរ​ឱ្យ​ចង់​បរិភោគ ៕