បន្ទាយមានជ័យ ៖ យុវសិស្សម្នាក់ត្រូវបានមនុស្ស១ក្រុមជិះម៉ូតូតាមកាប់ពីក្រោយ បណ្តាលឲ្យរងរបួសដៃដោយមិនដឹងមូលហេតុ ។ ករណីខាងលើកើតឡើង កាលពីម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅចំណុចអតីតភ្នំ១០០ ក្នុងទឹកដីកាស៊ីណូ ភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ណូមុន្នីរាជ អាយុ១៥ឆ្នាំ ជាសិស្ស រៀននៅសាលាឯកជនមួយ ក្នុងក្រុងប៉ោយប៉ែតនិងមានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ។ ជនរងគ្រោះត្រូវគេកាប់រងរបួសប្រអប់ដៃខាងឆ្វេងមួយកន្លែងដល់ឆ្អឹង ។ មិត្តភក្តិជនរងគ្រោះឈ្មោះ ស៊ីន សិលា ភេទប្រុស ដែលស្ថិតក្នុងហេតុការណ៍និយាយថា ដំបូងខ្លួនបានបើកបរម៉ូតូម៉ាកសង់សេ១២៥ សេរី ឆ្នាំ២០២០ (ជារបស់ជនរងគ្រោះ) ដឹកជនរងគ្រោះពីត្បូងទៅជើង ក្នុងទឹកដីកាស៊ីណូ ដោយគោលបំណងទៅដើរលេងចំណុចអតីតភ្នំ១០០ស្រាប់តែមានម៉ូតូម៉ាកសង់ពណ៌ខ្មៅ១គ្រឿង គ្នា៣នាក់ ជិះស្របទិសពីក្រោយ លុះដល់ទន្ទឹមគ្នាមនុស្ស២នាក់ ដែលជិះម៉ូតូនោះទាញកាំបិតសាំម៉ូរ៉ៃកាប់លើជនរងគ្រោះ ប៉ុន្តែត្រូវតែ១កន្លែង បន្ទាប់មកម៉ូតូសង្ស័យនោះបន្ថែមល្បឿនជិះគេចទៅទិសខាងជើងបាត់ស្រមោល ។
ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកទៅកាន់គ្លីនិកឈ្នួល ដើម្បីព្យាបាល ។ ពេលសាកសួររកមូលហេតុជនរងគ្រោះ និងមិត្តភក្តិនិយាយថា ពួកខ្លួនមិនដែលមានជម្លោះជាមួយនរណាម្នាក់ឡើយ ។ សាច់ញាតិនិយាយថា និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកយុត្តិធម៌ ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗក៏មានករណីស្រដៀងគ្នានេះដែរ គឺសិស្សសាលាអនុវិទ្យាល័យបាលិលេយ្យមួយក្រុមត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមកាប់របួសស្រាលម្នាក់ និងកាប់បំផ្លាញម៉ូតូ១គ្រឿងផងដែរ ។ ករណីនេះសង្ឃឹមថា សមត្ថកិច្ច និងវែកមុខរកជនសង្ស័យពាក់ព័ន្ធប្រើកាំបិតសាំម៉ូរ៉ៃកាប់គេឯងបង្កអសន្តិសុខក្នុងមូលដ្ឋានយកផ្តន្ទាទោសឲ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ