ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​នៅ​តែ​បន្ត​ជំរុញ​លើកកម្ពស់​សិទ្ធិ និង​ការ​ចូលរួម​របស់​ស្ត្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ស្ត្រី និង​ការ​អភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វី​ដ​-១៩» លោក​ជំទាវ ហ៊ុន…


រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ស្ត្រី និង​ការ​អភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វី​ដ​-១៩» លោក​ជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​បាន​លើក​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​យ៉ាង​ដូច្នេះ​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល លើកកម្ពស់​ជីវភាព​រស់នៅ ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូលរួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ចូលរួម​ដល់​ការ​ឆ្លើយ​តប​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​គាំទ្រ​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ដំណើរការ​អភិវឌ្ឍ​នៃ​វិស័យ​នេះ​។

ដើម្បី​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កា​រលើ​កម្ពស់​សមភាព​យេ​ន​ឌ័​រ ក្រសួងទេសចរណ៍​តែងតែ​គិតគូរ​ពី​ស្ថានភាព​របស់​ស្ត្រី តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​កម្មវិធី​នានា​ដើម្បី​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ សំដៅ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​បុរស​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​បន្ន​។ ជាក់ស្តែង​បច្ចុប្បន្ន​នេះ បើ​ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ក្រសួងទេសចរណ៍​នៅ​តែ​ខិតខំ​បន្ត​អនុវត្ត​ការងារ​មួយ​ចំនួន​ដែល​ឆ្លើយ​តប​នឹង​ផលប្រយោជន៍ និង​សិទ្ធិ​ស្ត្រី​។

ស្ត្រី​កម្ពុជា ជា​ពិសេស​ស្ត្រី​ដែល​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​គាំពារ​ដោយ “​ច្បាប់​ស្តី​ពី​ទេសចរណ៍​” ដែល​មាន​ចែង​ក្នុង​មាត្រា ៤៨-៤៩ និង​មាត្រា​៥០ សំដៅ​ធានា​ឱ្យ​ស្ត្រី និង​កុមារ​មាន​សុវត្ថិភាព សេចក្ដី​ថ្លៃថ្នូរ​ចៀស​ផុត​ពី​ការ​រើសអើង ការ​រំលោភ​បំពាន ការ​កេងប្រវ័ញ្ច និង​ការ​ជួញដូរ​។​ល​។ ស្ត្រី​ត្រូវ​បាន​យកចិត្តទុកដាក់​ឱ្យ​ទទួល​បានការ​ចូលរួម និង​ទទួល​បាន​អត្ថប្រយោជន៍ ប្រកបដោយ​សមធម៌​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ទម្រង់​រដ្ឋ​-​ឯកជន​-​ប្រជាជន និង​ដៃគូ​អភិវឌ្ឍន៍ តាម​រយៈ​ឱកាស​ការងារ​ដែល​នាំ​មក​នូវ​ប្រាក់​ចំណូល និង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​។

ក្រៅពី​នេះ គោលនយោបាយ​ជាតិ​ទេសចរណ៍ និង​ផែនការ​កម្មវិធី​នានា​របស់​ក្រសួងទេសចរណ៍ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​គាំទ្រ​ដល់​ការ​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងប្រុស​ទាំងស្រី ចូលរួម​ដល់​ការ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​។ ក្រសួង​តែងតែ​ជំរុញ​លើកទឹកចិត្ត និង​តម្រង់​ទិស​ស្ត្រី​សហគមន៍​ឱ្យ​ប្រតិបត្តិ​សកម្មភាព​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ថែរក្សា​ប្រពៃណី ជីវភាព​សហគមន៍ ដើម្បី​ទាក់ទាញ​ទេសចរ​អាច​រក​ចំណូល​បន្ថែម​ពី​សេវាកម្ម​នេះ​។

ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ បើ​ទោះបីជា​ពិភពលោក​ទាំងមូល​រួម​ទាំង​កម្ពុជា បាន និង​កំពុង​ទទួល​រង​នូវ​ផល​វិបត្តិ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក្តី ក៏​ក្រសួងទេសចរណ៍​នៅ​តែ​បន្ត​ខិតខំ​អនុវត្ត​ការងារ​មួយ​ចំនួន​ស្រប​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដើម្បី​ឱ្យ​ស្ត្រី​បាន​ពង្រឹងសមត្ថភាព ទទួល​បាន​បទ​ពិសោធន៍ និង​ការ​យល់​ដឹង​ពី​អនុសញ្ញា (CEDAW) ព្រមទាំង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ស្ត្រី តាម​រយៈ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា​ផ្សព្វផ្សាយ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​។

ក្រសួង​ក៏​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​សហគ្រិន​ស្ត្រី ឱ្យ​មើលឃើញ​ពី​កាលានុវត្តភាព ឈាន​ទៅ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​-​មធ្យម​ក្នុង​វិស័យ​ទេសចរណ៍ និង​សម្លឹង​មើល​ពី​ឥលូវ​នេះ​ដើម្បី​ត្រៀម​ទទួល​លំហូរ​ទេសចរ​នៅ​ពេល​ដែល​ស្ថានភាព​បាន​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ ពោល​គឺ​នៅ​ពេល​ដែល​វិបត្តិ​កូ​វី​ដ​បាន​បញ្ចប់​ទៅ​។ ក្នុង​ន័យ​នេះ ក្រសួងទេសចរណ៍​ក៏​បាន​រៀបចំ​នូវ​សិក្ខាសាលា​តម្រង់​ទិស​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​៖ «​ការ​តម្រង់​ទិស​សហគ្រិន​ស្ត្រី​ទៅ​រក​គំនិត​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩»​។ ទោះ​យ៉ាងនេះ​ក្តី បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​ទៅ វឌ្ឍនភាព​ការងារ​ស្ត្រី​នៅ​ក្នុង​វិស័យ «​មាស​បៃតង​» មួយ​នេះ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​គួរ​ពិចារណា ប៉ុន្តែ​ការណ៍​នេះ​មិនមែន​ចំពោះតែ​ស្ត្រី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​នោះ​ទេ ទាំង​ស្ត្រី​ក្នុង​តំបន់​និង​អន្តរជាតិ​ផង​ដែរ​។

ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ស្ថានភាព​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ដោយសារ​តែ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​ត្រូវ​បាន​បិទ​/​ផ្អាក​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក្រសួងទេសចរណ៍​ក៏​ដូច​ជា​រាជ​រដ្ឋ​ភិ​បាល​បាន​ដាក់​ចេញ​នូវ​ផែនការ និង​វិធានការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួលការ​លំបាក​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត ជា​ពិសេស​ជំរុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដោយ​ឥត​គិតថ្លៃ ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណេះដឹង​ថ្មី​ៗ អាច​ឱ្យ​ស្ត្រី​ឈាន​ទៅ​ប្រកប​អាជីវកម្ម​ខ្នាត​តូច ឬ​មធ្យម​ដោយ​ខ្លួនឯង​បាន​។ គោលនយោបាយ និង​កម្មវិធី​នានា​របស់​ក្រសួង​នៅ​តែ​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់ និង​មើលឃើញ​ពី​សក្តានុពល​នៅ​ក្នុង​វិស័យ​មួយ​នេះ​ចំពោះ​សេដ្ឋកិច្ចជាតិ​។

ក្រសួង​បាន​យក​ឱកាស​នៃ​វិបត្តិ​នេះ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ទោះបី​ថា​យើង​មិន​ទាន់​ទទួល​បាន​ទេសចរ​អន្តរជាតិ​ក៏​ដោយ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​ទទួល​បាន​នូវ​ឱកាស​ការងារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ​ក្នុង​ឆ្នាំ​២០២១៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ