អច្ឆរិយៈភាពនៃទន្លេមេគង្គ នៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២១ បានណែនាំសត្វអកមួយក្បាល ដែលមានភាពអស្ចារ្យ និងជាសត្វដែលអាចជួយមនុស្សឱ្យផុតពីគ្រោះថ្នាក់ទៀតផង។ នោះគឺ សត្វអកពស់ព្រៃ គឺជាបក្សីប្រមាញ់មួយប្រភេទដែលរស់នៅយ៉ាងសាកសមនឹងឈ្មោះរបស់វា ព្រោះថា សត្វចំបងដែលវាប្រមាញ់ជាអាហារ គឺសត្វពស់ ។
អច្ឆរិយៈភាពនៃទន្លេមេគង្គ បានបន្តថា ៖ «របបអាហារសាច់ស្រស់របស់ពួកវា រួមមានពពួកសត្វព្រៃច្រើនប្រភេទ រួមមានបក្សី និងថនិកសត្វតូចៗដូចជា សត្វស្វាជាដើម ។ អ្នកប្រមាញ់ដែលស្ថិតក្នុងលេខរៀងកំពូលទាំងនេះ អាចត្រូវបានគេរកឃើញ នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់មេគង្គក៏ដូចជា នៅទូទាំងអាស៊ីដីគោក និងផ្នែកមួយចំនួន នៃប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ។
អកពស់ព្រៃ គឺជាអ្នកប្រមាញ់ដ៏អស្ចារ្យ ហើយវាចូលចិត្តរស់នៅចុងព្រៃ និងវាលស្មៅ សម្រាប់ស្វែងរកចំណីអាហារ ទោះបីជាវាមានលទ្ធភាពសម្របខ្លួន និងអាចរស់ក្នុងជម្រកច្រើនសណ្ឋានក៏ដោយ ។ ខណៈពេលដែលពួកវាអាចមានជីវិតរស់នៅរហូតដល់ទៅ៥០ឆ្នាំ ក្នុងការចិញ្ជឹមក្នុងទ្រុង រីឯអាយុកាលមធ្យមរបស់ពួកវានៅក្នុងព្រៃមិនត្រូវបានគេដឹងនោះទេ»។
តួរនាទីសំខាន់មួយរបស់សត្វអកទាំងនេះ គឺជួយគ្រប់គ្រងចំនួនសត្វពស់ និងសត្វល្អិត។ អកពស់ព្រៃ ត្រូវបានគេស្គាល់ថា ជាសត្វស៊ីពស់ពិសដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយវាថែមទាំងជួយគ្រប់គ្រងចំនួនពស់ទាំងនោះផងដែរ ។
ខណៈពេលដែលអង្គការ IUCN ចុះបញ្ជីស្ថានភាពអភិរក្ស នៃអកពស់ព្រៃឲ្យស្ថិតក្នុងប្រភេទសត្វ « មានការព្រួយបារម្ភតិចតួច» បក្សីទាំងនេះនៅតែជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់គយគន់ ហើយអាចជាសញ្ញាមួយបញ្ជាក់ពីសុខភាពរបស់ប្រព័ន្ធអេកូឡូស៊ី ព្រោះពួកវាស្ថិតនៅលេខរៀងកំពូលក្នុង ខ្សែសង្វាក់ចំណីអាហារ ដោយសារពួកវាពឹងផ្អែកលើចំនួនសត្វដែលជាចំណីរបស់វាដែរ ។
ប្រសិនបើអ្នកមានសំណាងបានឃើញ សត្វស្លាបដ៏អស្ចារ្យទាំងនេះ សូមគោរព និងរក្សាគម្លាតរបស់អ្នកព្រោះថា ឪកាសដែលអ្នកបានឃើញវាមិនមែនជារឿងចម្លែកទេ ។ ពួកវាប្រហែលកំពុងតាមចាប់ចំណីដែលជាសត្វមានគ្រោះថ្នាក់ ឬសត្វចង្រៃណាមួយ ៕
ចែករំលែកព័តមាននេះ