បន្ទាយមានជ័យ៖ ពលករចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ រួមមាន នគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពលតូចលេខ៥១ ប្រចាំការនៅបន្ទាត់ព្រំដែន ក្នុងភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ឃាត់ខ្លួន បញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយពីពួកគេវិលត្រឡប់ពីថៃ តាមច្រករបៀង។
ពលករទាំង ៣នាក់ ១.ឈ្មោះ ស្រី សុភក្តី ភេទប្រុស អាយុ ២៧ឆ្នាំ ២.ឈ្មោះ អឿយ សាវុនភេទស្រី អាយុ ២៦ឆ្នាំ (ប្តីប្រពន្ធ) មានទីលំនៅខេត្តសៀមរាប និង៣.ឈ្មោះ លឹម គឹមហុងភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូនៃនគរបាលការពារព្រំដែនគោកលេខ៩១១ ប្រាប់ថា ពលករ ២នាក់ប្តីប្រពន្ធ ប្រាប់ថា ពួកខ្លួន ទើបវិលត្រឡប់ពីធ្វើការឲ្យថៅកែថៃជិតព្រំដែន។ ដោយឡែក ពលករទី៣ ប្រាប់ថា ខ្លួនទើបវិលត្រឡប់ពីធ្វើការឲ្យគេនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ទោះជាយ៉ាងណា ក្រោយសាកសួរពលករទាំង ៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនតាមរថយន្តយោធា ទៅសាលាព្រហ្មនិមិត្ត ស្ថិតក្នុងក្រុងប៉ោយប៉ែត ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល៕ ដោយ៖ មុត សារុន
ចែករំលែកព័តមាននេះ