ឃាត់ខ្លួនយុវជនពីរនាក់ សង្ស័យ​ជា​បក្ខពួកចោរឆក់ទូរស័ព្ទដៃ​ពីបុរសម្នាក់ បានសម្រេច – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃាត់ខ្លួនយុវជនពីរនាក់ សង្ស័យ​ជា​បក្ខពួកចោរឆក់ទូរស័ព្ទដៃ​ពីបុរសម្នាក់ បានសម្រេច

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នាំយកទៅសាកសួរ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ឡើងស្ពាន​អាកាសស្ទឹងមានជ័យ បញ្ច្រាសទិសដៅចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀត ស្រាប់តែមានបុរសម្នាក់ទៀតបានជិះដេញតាមពីក្រោយ…

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នាំយកទៅសាកសួរ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ឡើងស្ពាន​អាកាសស្ទឹងមានជ័យ បញ្ច្រាសទិសដៅចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀត ស្រាប់តែមានបុរសម្នាក់ទៀតបានជិះដេញតាមពីក្រោយ និងបានចោទប្រកាន់ថា យុវជនទាំងពីរនោះ ថាជាបក្ខពួករបស់ជនសង្ស័យពីរនាក់ផ្សេងទៀត ដែលបានឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចខាងលើ ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​។

យុវជន ដែលសង្ស័យជាបក្ខពួកចោរ ទី១ មានឈ្មោះ ស៊ុន ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ទី២ មានឈ្មោះ ម៉ុច ម៉ាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ស គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីវិទ្យាល័យជាស៊ីមសាមគ្គី ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ។ ​យុវជនទាំងពីរនាក់នោះ ក៏បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡើង​ទៅលើស្ពានអាកាសស្ទឹងមានជ័យ ទាំងសភាពភ័យស្លន់ស្លោ។ លុះដល់ចំណុច​កើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ដែលធ្វើដំណើរចុះ​ពីលើស្ពានស្របទិសដៅចរាចរណ៍ បណ្ដាលឲ្យយុវជនទាំងពីរនាក់ រងរបួសស្រាល។ ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GE-0579 បានស្រែកចោរៗ ជិះដេញតាមពីក្រោយយុវជនទាំងពីរនាក់នោះ និងបានចោទប្រកាន់ទៅ​លើយុវជនទាំងពីរនាក់ ថាជាបក្ខពួករបស់ជនសង្ស័យចំនួនពីរនាក់ផ្សេងទៀត ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច​ ហើយ​ជិះគេចខ្លួនបាត់​ស្រមោលថែមទៀតផង។

ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍​នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក៏បានចុះមកធ្វើអន្តរាគមន៍ភ្លាមៗតែម្ដង។

​បុរសឈ្មោះ រ័ត្ន អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត បំណងជិះត្រឡប់ទៅផ្ទះ នៅក្បែរវត្តសន្សំកុសល។ លុះពេលដែលជិះដល់ចំណុចក្បែរផ្សារទំនើបមីតថោន ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ស្រាប់តែប្រពន្ធរបស់គាត់ បានទូរស័ព្ទមក ហើយគាត់ ក៏បានលើកទូរស័ព្ទដៃមួយគ្រឿងម៉ាក samsung note 9 មកនិយាយ​។ បន្ទាប់ពី​និយាយចប់ គាត់ក៏បំរុងដាក់ទូរស័ព្ទដៃចូលក្នុងហោប៉ៅវិញ ស្របពេលនោះដែរ ក៏ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ដែលជាបក្ខពួករបស់យុវជនទាំងពីរនាក់ខាងលើ បានជិះតាមមកពីក្រោយ និងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ បានសម្រេច។

ភ្លាមៗនោះជនសង្ស័យក៏ព្យាយាមបន្ថែមល្បឿនជិះរត់គេចខ្លួន រួមជាមួយយុវជន​ទាំងពីរនាក់ ដែលជិះម៉ូតូតាមបិទគូទពីក្រោយផងដែរ។ គាត់ក៏បានជិះដេញ​តាមពីក្រោយ និងស្រែកចោរៗ រហូតដល់ចំណុចកើតហេតុតែម្តង។ ដោយឡែក ជនសង្ស័យ ដែលជាបក្ខពួកបានយកទូរស័ព្ទដៃរបស់គាត់ជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ចំណេក​យុវជនទាំងពីរ បាន​ឆ្លើយបដិសេធ​ថា ពួកគេមិនមែនជាបក្ខពួករបស់ជន​សង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបុរសរងគ្រោះខាងលើនោះទេ។ គឺនៅមុន​ពេលកើតហេតុ ពួកគេទាំងពីរ បានជិះម៉ូតូចេញពីផឹក នៅម្តុំទួលពង្រ ពេលដែលជិះ​បានបន្តិច ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ ៣ ទៅ ៤គ្រឿង មិនចាំម៉ាក បានជិះដេញវាយមកលើពួកគេ។ ពេលនោះ ពួកគេក៏ព្យាយាមជិះរត់គេច ពីក្រុមក្មេង​ស្ទាវទាំងនោះ រហូតមកដល់ចំណុចកើតហេតុ ដោយភ័យស្លន់ស្លោខ្លាំងពេក ពួកគេក៏​ជិះបញ្ច្រាសទិសដៅចរាចរណ៍ឡើងស្ពានបណ្ដាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានប្រគល់យុវជនទាំងពីរនាក់ និងបុរសជាជនរងគ្រោះ រួមទាំងវត្ថុតាំង ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​អូរបែកក្អម នាំយកទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង ចាត់ការទៅតាមនីតិវិធី​៕ ដោយ៖ យឹម ឈឿន