
យកដំបូលចេតិយជាជម្រកនៅពេលថ្ងៃត្រង់ ពិតជាមានសេចក្កីសុខណាស់
- Phnom Penh
រាជធានីភ្នំពេញ ៖ ចេតិយជា «ទីដែលគេគោរពបូជា ឬទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗជាទីចំណាំក្ដី ។ល ។ ដែលអ្នកផងគេសន្មត…
រាជធានីភ្នំពេញ ៖ ចេតិយជា «ទីដែលគេគោរពបូជា ឬទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗជាទីចំណាំក្ដី ។ល ។ ដែលអ្នកផងគេសន្មត…
រាជធានីភ្នំពេញ ៖ ចេតិយជា «ទីដែលគេគោរពបូជា ឬទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗជាទីចំណាំក្ដី ។ល ។ ដែលអ្នកផងគេសន្មត គេជឿថា ជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរពក៏ហៅថា ចេតិយទាំងអស់ តែក្នុងប្រទេសយើងសព្វថ្ងៃនេះចេតិយសម្រាប់តម្កល់ព្រះសារីរិកធាតុ និងសម្រាប់តម្កល់សពជាដើម ។
អ្នកស្រុកខ្លះអោយតែឃើញចេតិយ នៅក្នុងវត្ត ឬនៅព្រៃជាដើមមានការភ័យខ្លាច មិនហ៊ានទៅក្បែរឡើយ ព្រោះម្នាក់ៗគេខ្លាចខ្មោច ។ អ្វីដែលមានការចាប់អារម្មណ៍នៅក្នុងវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចេតិយ មួយស្ថិតនៅក្បែរដើមឈើ ដែលនៅក្បែរនោះមានផ្នូរខ្មោចជាច្រើន ស្រាប់តែទីនោះគេតែងតែឃើញមនុស្សម្នាជាច្រើនដែលសម្រាកពីការងារបាននាំគ្នាមកអង្គុយ និងដេកលេងយ៉ាងច្រើន និងបានចាត់ទុកថា ក្រោមដំបូលចេតិយជាសេចក្តីសុខរបស់ពួកគេទៅវិញ ។
តាមប្អូន ប្រុសម្នាក់ ដែលជាអ្នកលក់ភេសជ្ជៈ ក្នុងចំណោមមិត្តភក្តិរួមការងារស្រីប្រុស ប្រមាណ ជិត១០នាក់ បានអោយដឹងថា ជាទូទៅក្រោមដើមឈើ និងក្រោមដំបូលចេតិយក្នុងវត្តអារាមនានានៅក្នុងរាជធានីភ្នំពេញជាកន្លែងសម្រាប់ពួកគេសម្រាក បន្ទាប់ពីរួចរាល់ការងារ ។ ប្អូនប្រុសម្នាក់នោះបានអោយដឹងទៀតថា សម្រាប់ចេតិយក្នុងវត្តទឹកថ្លានេះ គាត់តែងតែងមកសម្រាករាល់ថ្ងៃសៅរ៍ និងអាទិត្យ ។ ជួនកាលទិញបាយយកមកញាំ រួចអង្គុយ និងដេកលេងលក់នៅក្រោមចេតិយប្រមាណ១ម៉ោង រួចដល់ម៉ោងទើបចេញទៅធ្វើការលក់ដូរនៅតាមដងផ្លូវវិញ ។
ប្អូនបានបញ្ជាក់ថា «ក្រោមដំបូលចេតិយនេះ ជាសេចក្កីសុខរបស់ខ្ញុំ នៅពេលសម្រាកពីការងារនៅពេលថ្ងៃត្រង់» ។ ដោយឡែកក្រៅពីនោះ ក៏មានអ្នកលក់អំបោស និងសម្ភារៈផ្សេងទៀតក៏បាននាំគ្នាមកសម្រាកនៅទីនោះផងដែរ ។
តាមបុរសដែលជាអ្នកលក់អំបោសបានអោយដឹងថា គាត់ដេកលង់លក់ស្រួលណាស់នៅក្រោមដំបូលចេតិយ ដែលពោរពេញដោយម្លប់ និងខ្យល់អាកាសល្អបរិសុទ្ធបែបនេះ ៕