រដ្ឋមន្រ្តីថា កសិករសប្បាយចិត្តឆ្នាំនេះស្រូវបានថ្លៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីថា កសិករសប្បាយចិត្តឆ្នាំនេះស្រូវបានថ្លៃ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ គិតមកត្រឹមថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០២១ ប្រជាកសិករសម្រេចប្រមូល…

រាជធានីភ្នំពេញ ៖ ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ គិតមកត្រឹមថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០២១ ប្រជាកសិករសម្រេចប្រមូល ផលស្រូវរដូវ​ប្រាំងបាន​ចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហិកតា ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោនក្នុងហិកតា ។ នេះបើតាម​លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោករដ្ឋមន្រ្តីថា យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា​ ការ​ប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន ហើយអង្គភាព​​ដដែលថាបើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ២ខែ ៤ថ្ងៃ ដើមឆ្នាំ ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវ​ការមានចំនួន ៣៤៥ ៦០០ តោន ។

តម្លៃស្រូវឆ្នាំនេះលោកវេង សាខុន បានថ្លៃជាងឆ្នាំកន្លងទៅ ។ “ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី ៩៥០ ដល់ ១ ១៧០រៀលក្នុង​មួយគីឡូក្រាម” លោក វេង សាខុន បញ្ជាក់ ។

លោក គឹម ឈូក ជាកសិករនៅភូមិស្ពានត្នោត ១ ឃុំស្ពានត្នោត ស្រុកជីក្រែង និយាយនៅកណ្តាលវាលស្រែឲ្យដឹងថា ” ឆ្នាំនេះទិន្នផលស្រូវប្រសើរជាឆ្នាំមុន ហើយមិនមានជួបបញ្ហាទឹក និងសត្វចង្រៃផ្សេងៗ លើដំណាំស្រូវធ្ងន់ធ្ងរទេ គាត់ប្រើប្រាស់​ពូជ ៥០៤ និងពូជ ៥៤៥១ ចំពោះការប្រមូលផលគឺ ប្រើប្រាស់ដោយ​ម៉ាស៊ីនច្រូតស្រូវ ទទួលបានទិន្នផលជាមធ្យម ៦-៧,៥ តោនក្នុងមួយហិកតា” ។ ចំណែកកសិករម្នាក់ទៀត ឈ្មោះលោក អ៊ុត ឃន់ ជាកសិករនៅភូមិថ្នល់ដាច់កើត ឃុំគៀនសង្កែ ស្រុកសូទ្រនិគម រៀបរាប់ទំាងទឹកមុខញញឹមថា ឆ្នាំនេះទិន្នផលល្អជាង​ឆ្នាំមុន គាត់ប្រើប្រាស់ពូជ ៥៤៥១ ទទួលបានទិន្នផលជាមធ្យម ៥-៦ តោនក្នុងហិកតា ៕