ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយមេទួលពង្រ ស្តារបាន​ជាង ៧០ភាគរយ ក្រុមការងារ កំពុងសំរុកឱ្យរួចរាល់មុនពេលរដូវវស្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

 រាជធានីភ្នំពេញ​៖​ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឱ្យដឹងថា ដោយ​មានការណែនាំ​ និង​ជំរុញដោយយកចិត្តទុកដាក់​ពី​លោក​ ឃួង​ ស្រេង​…

 រាជធានីភ្នំពេញ​៖​ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឱ្យដឹងថា ដោយ​មានការណែនាំ​ និង​ជំរុញដោយយកចិត្តទុកដាក់​ពី​លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​នោះ​ មកដល់ពេលនេះ ដំណើរការស្តារប្រឡាយ​មេទួលពង្រទី១ សម្រេចបានជាង៧០ភាគរយ ហើយក្រុមការងារ កំពុងតែបង្កើនសកម្មភាព ដើម្បីពន្លឿនឱ្យការងារនេះ​ សម្រេចបានមុនផែនការ គឺរួចរាល់ជាស្ថាពរ នៅមុនពេលរដូវវស្សាចូលមកដល់។

​លោក​បន្ត​ថា បន្ទាប់ពីកាយបង្ហើយតាមផែនការមេ គឺមាត់ប្រឡាយមានទំហំ ៨ម៉ែត្រ និងបាតប្រឡាយមានទំហំ ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញ នឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះ ប្រព្រឹត្តិទៅតាមផែនការ ដែលបានគ្រោងទុក អាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា​ខាងមុខ។

លោក ហែម ដារិទ្ធ បញ្ជាក់ថា ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនបានប្រើប្រាស់សាឡង់ ដើម្បីដឹកគ្រឿងចក្រចុះស្តារ និងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀត ត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូ និងសង់ស្ពានចំនួន ៨កន្លែង ដើម្បីបង្ក​លក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលភូមិ ដែលគាត់រស់នៅ។

សូមបញ្ជាក់ជូនថា ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន ៣ មាន៖ សង្កាត់ចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ មានប្រវែងជាង ៤គីឡូម៉ែត្រ។ ប្រឡាយនេះ មានតួនាទីសំខាន់ណាស់ អាចរំដោះជំនន់ទឹកភ្លៀង ក្នុងសង្កាត់ទាំង៣ ខាងលើ ទំលាក់ទៅប្រឡាយលូ៥ កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ប៉ែកខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ