ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខេត្តព្រះសីហនុ ត្រឹមតែមួយថ្ងៃពលរដ្ឋខ្លះថ្ងូរថា ជិតដាច់បាយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការកាត់ផ្តាច់សកម្មភាពធ្វើដំណើរមនុស្សនៅខេត្តព្រះសីហនុ និងតំបន់នានាក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ បានផ្តើមជះឥទ្ធិពលដល់ការរកទទួលទានប្រចំាថ្ងៃរបស់ពលរដ្ឋមួយចំនួនហើយ ពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់រថយន្តឈ្នួលជាដើមនោះ ។…

រាជធានីភ្នំពេញ ៖ ការកាត់ផ្តាច់សកម្មភាពធ្វើដំណើរមនុស្សនៅខេត្តព្រះសីហនុ និងតំបន់នានាក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ បានផ្តើមជះឥទ្ធិពលដល់ការរកទទួលទានប្រចំាថ្ងៃរបស់ពលរដ្ឋមួយចំនួនហើយ ពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់រថយន្តឈ្នួលជាដើមនោះ ។

លោក កូយ អ្នករត់រថយន្តឈ្នួល ពីកំពង់ត្រាចកំពត ទៅខេត្តព្រះសីហនុ រៀបរាប់ថាការបិទខេត្តព្រះសីហនុ ពិសេសការធ្វើដំណើររបស់ពលរដ្ឋនោះធ្វើឱ្យរូបលោក និងអ្នករត់រថយន្តឈ្នួលដទៃទៀតពីតំបន់នានាទៅកាន់គោលដៅខេត្តព្រះសីហនុ មានការលំបាកខ្លាំងដោយបាត់ចំណូលស្ទើរតែទាំងស្រុង ។ លោកបន្តថា «អ្នករត់តាក់ស៊ីខ្លះបានបង្វែរពីការដឹកមនុស្សមកដឹកទំនិញទៅកាន់ខេត្តព្រះសីហនុវិញ ព្រោះទំនិញ អាជ្ញាធរនៅអនុញ្ញាតឱ្យចូលតែទំនិញមិនមានច្រើន ហើយមិនបានថ្លៃដូចដឹកមនុស្សនោះឡើយ» ។

ពួកយើងមានអ្នកខ្លះសឹងតែដាច់បាយហើយ ដោយសារតែរកចំណូលលែងបានដូចមុនដូច្នេះបើសិនជាការបិទនេះមានពេលវេលាយូរទៀតនោះ អ្នកខ្លះអាចនឹងប្តូររបរមួយរយៈ បើពុំនោះទេនឹងជួបវិបត្តិហិរញ្ញវត្ថុកាន់តែខ្លាំងហើយ លោក កូយ ត្អូញត្អែរ ។

អាជ្ញាធរ បានប្រកាស ផ្អាកការធ្វើដំណើរ ចេញចូលពីតំបន់នានាទៅខេត្តជាប់សមុត្រនេះ កាលពីថ្ងៃទី ៤ខែមីនា ឆ្នាំ ២០២១ មួយរយៈដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។ ការប្រកាសបានធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តផ្អាក និងបិទការធ្វើចរាចរណ៍ចេញចូលក្នុងខេត្តព្រះសីហនុ ដោយលោកចាត់ទុកថា ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ ១៩ នៅទីនោះស្ថិតនៅក្នុងស្ថានភាពអាក្រក់ ។

រដ្ឋបាលខេត្តព្រះសីហនុ ក្នុងសេចក្ដីជូនដំណឹងជាសាធារណៈ អាជ្ញាធរខេត្ត បានតម្រូវឱ្យផ្អាកអាជីវកម្មដឹកអ្នកដំណើរតាមមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូល លើកលែងតែរថយន្តដឹកជញ្ជូនទំនិញដែលអាចបន្តដំណើរការធម្មតា តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ប៉ុណ្ណោះ គឺអ្នកបើកបរនិងជំនួយការអ្នកបើកបរ ។

ខេត្តព្រះសីហនុជាខេត្តសេដ្ឋកិច្ចសំខាន់របស់កម្ពុជា ។ ខេត្តនេះមានកំពង់ផែសមុទ្ រនិងជាប៉ូលទេសចរណ៍ឆ្នេរខ្សាច់ដ៍ល្អឯក ។ ការកាត់ផ្តាច់ខេត្តនេះជាមួយខេត្តនានាជាការកាត់ផ្តាច់ចរន្តសេដ្ឋកិច្ច និងទំនាក់មនុស្ស ទោះបីជារថយន្តដឹកទំនិញនៅតែអនុញ្ញាតឲ្យចូលក្តី ។ ក្រៅពីបានប៉ះពាល់ដល់អាជីវកម្មរត់រថយន្តឈ្នួល អ្នករកទទួលទានផ្សេងៗតាមដងផ្លូវ ទំាងអាហរដ្ឋាន ភេជ្ជៈ ទំនងជាប៉ះពាល់ខ្លាំងនៅពេលមិនមានសកម្មភាពមនុស្សចេញចូលនោះ ។

គេមិនដឹងថា ខេត្តព្រះសីហនុ នឹងឲ្យវិលទៅសកម្មភាពដើមវិញនៅពេលនោះទេ តែគេអះអាងថា ការបិទនេះរហូតមានការជួនដំណឹងជាថ្មី ។ សំណាកមនុស្សប្រមាណ ១ម៉ឺននាក់ហើយនៅក្នុងខេត្តនេះត្រូវបានយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងនោះមានអ្នកវិជ្ជមាន ៨០នាក់ ។ គិតត្រឹមល្ងាចថ្ងៃទី ៤មីនា ម្សិលមិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ