ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិនដល់​! អ្នក​​​អត្ថាធិប្បាយ​កីឡា​ដ៏​ល្បីឈ្មោះ​ ការ​ពិត​ពី​មុន​​​គាត់​គឺ​អ្នក​អនា​ម័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗរបស់​សហព័ន្ធ​នានា បូក​រួម​ទាំង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ធំ​ៗ​​ផង គេ​តែង​កត់​សម្គាល់ថា អ្នកស្រី ប្រាក់ សម្ផស្ស ដែល​ក្នុង​ពេល​នេះ​មាន​វ័យ​៥៨​ឆ្នាំទៅ​ហើយ នៅ​តែ​មានមុខ​កាន់​ក្បាល​មេក្រូ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗរបស់​សហព័ន្ធ​នានា បូក​រួម​ទាំង​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ធំ​ៗ​​ផង គេ​តែង​កត់​សម្គាល់ថា អ្នកស្រី ប្រាក់ សម្ផស្ស ដែល​ក្នុង​ពេល​នេះ​មាន​វ័យ​៥៨​ឆ្នាំទៅ​ហើយ នៅ​តែ​មានមុខ​កាន់​ក្បាល​មេក្រូ ដោយសារ​តែ​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​សំឡេង និង​ការ​យល់​ដឹង​ខ្ពស់​ពី​បច្ចេកទេស​កីឡា ដែល​ធ្វើ​ឱ្យ​ការ​អត្ថាធិប្បាយ​ម្ដង​ៗ​របស់​អ្នកស្រី​មាន​ភាព​ច្បាស់​លាស់ និង​ទទួល​បាន​ភាព​ទាក់ទាញ​ខ្លាំង​។ យ៉ាងណា​ក៏​ដោយ​ក្នុង​កិ​ច្វ​សម្ភាសន៍​ជាមួយ​កោះ​សន្តិ​ភាព អ្នកស្រី​បាន​ទម្លាយ​ថា ការ​ពិត​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​អនាម័យ​កាលពី​អតីតកាល​មួយ​រូប​តែ​ប៉ុណ្ណោះ​។

អ្នកស្រី ប្រាក់ សម្ផស្ស បាន​ថ្លែង​បញ្ជាក់​ថា ក្រោយ​ពេល​របប​ប៉ុ​ល​ពត​ត្រូវ​បាន​បញ្ចប់ ឪពុក​របស់​អ្នកស្រី ដែល​កាលពីមុន​គឺជា​មន្ត្រី​ផ្នែក​អគ្គិសនី ត្រូវ​បាន​រដ្ឋ​ស្នើ​ឱ្យមក​ធ្វើការ​នៅ​ក្នុង​វិស័យ​កីឡា ក្នុង​នាម​ជា​មន្ត្រី​រៀបចំ​កីឡា ហើយ​អ្នកស្រី​ក៏​តាម​ឪពុក ដោយ​មក​ធ្វើ​ជា​អ្នក​បោសសំអាត​ក្នុង​ស្ដា​ត​អូ​ឡាំ​ពិ​ក និង​ជា​អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​អនាម័យ ។ ដោយសារ​តែ​ការ​តស៊ូ អ្នកស្រី ក៏​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ តែ​នៅ​ក្នុង​ផ្នែក​ជា​អ្នក​អនាម័យ​តែ​ប៉ុណ្ណោះ ។

ក្រោយមក​ដោយ​មាន​គោលការណ៍​តម្រូវ​ឱ្យ​បុគ្គលិក​ទាំងអស់​ត្រូវ​លេង​កីឡា ទើប​អ្នកស្រី​ងាក​មក​រត់ប្រណាំង តែ​កាលនោះ​គឺ​ហ្វឹកហាត់​ក្នុង​នាម​ឱ្យ​សុខភាព​ល្អ​ប៉ុណ្ណោះ​។ បន្តបន្ទាប់​មក ដោយ​សារ​តែ​អ្នកស្រី​រស់នៅ​បោសសំអាត​តែ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ហើយ​ព្រឹក​ណា​ក៏​ក្រោក​លេង​បាល់ទះ​ជា​មួយ​នារី​ៗ​ជា​កីឡាការិនី​អាជីព ទើប​អ្នកស្រី​កាន់តែ​មាន​ឯកទេស​បន្តិច​ម្ដង​ៗ ហើយ​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ឱ្យ​ប្រឡង​ធ្វើ​ជា​ជម្រើសជាតិ ក៏​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​លើ​ផ្នែក​បាល់ទះ ចាប់តាំងពី​ឆ្នាំ​១៩៨១ ។

ដោយសារ​តែ​អ្នកស្រី មាន​ទេព​កោសល្យ​ខាង​ផ្នែក​និយាយ ហើយ​ស្វែង​យល់​ពី​បច្ចេកទេស និង​រូបមន្ត​នៅ​រាល់​ការ​ប្រកួត​នីមួយ​ៗ​បាន​ច្រើន​នោះ​ផង ក៏​ត្រូវ​ថ្នាក់ដឹកនាំ​ផ្ដល់​ឱកាស​ឱ្យ​ក្លាយជា​អ្នក​ឃោសនា​តាម​ឡាន និង​តាម​តំបន់​ជាដើម រាល់ពេល​ដែល​ខាង​សហព័ន្ធ​បើក​ការ​ប្រកួត​ម្តង​ៗ ។

សមត្ថភាព​នេះ​កាន់តែ​បង្ហាញ​បន្តិច​ម្ដង​ៗ មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​ថ្នាក់ដឹកនាំ​ផ្ដល់​ឱកាស​ឱ្យ​កាន់​ក្បាល​​មេក្រូ ធ្វើ​ជា​ពិធី​ការិនី ឬ​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​ពេល​មានការ​ប្រកួត​ធំ​ៗ​។ អ្នកស្រី​ថា មក​ទល់​ពេល​នេះ ថ្នាក់ដឹកនាំ​កីឡា​នៅ​តែ​បន្ត​ឱ្យ​អ្នកស្រី ធ្វើ​ជា​អ្នកកាន់កាប់​កម្មវិធី ហើយ​បើ​ទោះជា​អ្នកស្រី​បាន​បណ្ដុះ​កីឡាការិនី​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​អ្នក​អត្ថាធិប្បាយ​ច្រើន​នាក់​ទៅ​ហើយ ក៏​ថ្នាក់ដឹកនាំ​ខាងលើ​នៅ​តែ​មិន​ទាន់​ទុកចិត្ត និង​ឱ្យ​តែ​អ្នកស្រី​ជា​អ្នក​កាន់​មេក្រូ​គ្រប់គ្រង​កម្មវិធី ។

អ្នកស្រី​ថា អ្នក​អត្ថាធិប្បាយ​កីឡា គឺ​លុះត្រាតែ​យល់​ច្បាស់​ពី​បច្ចេកទេស​កីឡា និង​រូបមន្ត​កីឡា ទើប​អាច​អត្ថាធិប្បាយ​បាន​ក្បោះក្បាយ ហើយ​ទំនងជា​អ្នកស្រី​យល់​ដឹង​ផ្នែក​នេះ​បាន​ល្អ និង​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​មាន​ទំនុក​ទុកចិត្ត​សម្រាប់​ការងារ​កន្លង​មក ទើប​អ្នកស្រី​នៅ​តែ​ទទួល​បាន​ឱកាស​។
យ៉ាងណាមិញ អ្នកស្រី​គឺ​ចង់​តែ​ចូល​និវត្តន៍ និង​ផ្ដល់​ឱកាស​ទៅ​អ្នក​ជំនាន់​ក្រោយ​ប៉ុណ្ណោះ ដោយ
សារ​តែ​អ្នកស្រី ក៏​មាន​វ័យ​ច្រើន​ហើយ​។

អ្នកស្រី ប្រាក់ សម្ផស្ស បន្ត​ថា នៅ​ក្នុង​ពេល​នេះ អ្នកស្រី​គឺជា​អនុប្រធាន​ការិយាល័យ​កីឡា​ប្រពៃណី នៃ​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា នៅ​ក្រសួង​អប់រំ និង​ជា​អ្នកសម្របសម្រួល​ការងារ​មួយ​ចំនួន នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​កីឡា​។

អ្នកស្រី​ក៏​ជា​អ្នក​បង្ហាត់​កីឡាករ កីឡាការិនី ដែល​ជា​ពិធីករ ពិធី​ការិនី ប្រចាំ​នៅ​ទូរទស្សន៍​កីឡា ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ​ផង​ដែរ​។ អ្នកស្រី​ថា រាល់ថ្ងៃ​គឺ​អ្នកស្រី​ជា​អ្នក​ជួយ​ការងារ​ខ្លះ​នៅ​ទូរទស្សន៍​កីឡា ហើយ​ក៏​ជា​មន្ត្រី​របស់​ក្រសួង​អប់រំ​ខាង​ផ្នែក​កីឡា​ប្រពៃណី ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

អ្នកស្រី​បន្ត​ថា ប​ច្ចុ​ប្ប​ន្ន គឺជា​ជោគជ័យ​មួយ​ដែល​អ្នកស្រី​ទទួល​បាន ប៉ុន្តែ​អតីតកាល​អ្នកស្រី​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដែល​គ្មាន​លទ្ធភាព​សិក្សា​បាន​ខ្ពស់ ហើយ​បាន​ធ្វើ​ត្រឹមតែ​ជា​បុគ្គលិក​អនាម័យ​ប្រចាំ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ប៉ុណ្ណោះ​។

អ្នកស្រី​នៅ​តែ​យល់​ថា​តម្លៃ​នៃ​ការ​តស៊ូ ពុះពារ និង​ការ​ស្វែង​យល់​ពី​ចំណេះដឹង​នៅ​ជុំវិញ​ខ្លួន គឺជា​ផ្លែផ្កា​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជោគជ័យ ហើយ​អ្វី​ដែល​អ្នកស្រី​បាន​ទទួល​សម្រាប់​ថ្ងៃនេះ គឺជា​ផ្លែផ្កា​មួយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ជោគជ័យ ហើយ​យល់​ថា​ខ្លួនឯង​ស្ថិត​នៅ​ចំណុច​បរាជ័យ​នៅឡើយ កុំឱ្យ​អស់សង្ឃឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ