កូវីដ-១៩ ៖ ប្រជាពលរដ្ឋកាត់បន្ថយចំណាយមិនចំាបាច់ និងការហូបចុក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ-១៩ ៖ ប្រជាពលរដ្ឋកាត់បន្ថយចំណាយមិនចំាបាច់ និងការហូបចុក

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ កញ្ញា ធីតា ជាកូនពៅនៅក្នុងគ្រួសារមួយដែលមានបងប្អូន ៦នាក់ រួមទំាងម្តាយឳពុករបស់​នាង​ទៀត គ្រួសារកញ្ញាមានសមាជិក ៨នាក់ ។…

រាជធានីភ្នំពេញ ៖ កញ្ញា ធីតា ជាកូនពៅនៅក្នុងគ្រួសារមួយដែលមានបងប្អូន ៦នាក់ រួមទំាងម្តាយឳពុករបស់​នាង​ទៀត គ្រួសារកញ្ញាមានសមាជិក ៨នាក់ ។ គ្រួសារនេះបានកាត់បន្ថយការចំណាយ​ប្រចំាថ្ងៃប្រមាណជា ១ឆ្នាំមកហើយសារវិបត្តិជំងឺកូវីដ ១៩ ។ ជំងឺកូវីដ ១៩ បានធ្វើឲ្យ​មេគ្រួសារ​គាត់ធ្លាក់ចំណូលជាងពាក់កណ្តាល ដូច្នេះពួកគេបានកាត់បន្ថយការ​ចំណាយណាមិនចាំបាច់ នៅក្នុងនោះសូម្បីថ្លៃអាហារប្រចំាថ្ងៃ ក៍បានកាត់ការ​ចំណាយពាក់កណ្តាលដែរ ។

ធីតា ដែលមានសម្បុរ ស មានពាក់វ៉ែនតាផងនោះ បាននិយាយថា ឪពុកម្តាយ​របស់កញ្ញា​​ធ្វើការនៅក្នុងសណ្គាគារមួយដែលពួកគាត់ធ្លាប់ទទួលប្រាក់ខែជាង​ ៣០០ដុល្លារ​មួយ​ខែក្នុងម្នាក់ៗមុនពេលផ្ទុះកូវីដ ១៩ ប៉ុន្តែចាប់ពីពាក់កណ្តាល​ឆ្នាំ ២០២០ ​មកពួកគាត់​ត្រូវបានម្ចាស់សណ្ឋាគារកាត់ប្រាក់ខែម្នាក់ៗ ៥០% ។ «នៅពេលពួកគាត់ធ្លាក់​ចំណូលយើងបានកាត់ការចំណាយលើម្ហូបអាហារ​ប្រចំាថ្ងៃ ៥០% ។ កាលពីមុនគ្រាន់តែ​ថ្លៃម្ហូបយើងបានចំណាយពី ៥ ទៅ ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែប្រមាណជាមួយឆ្នាំមកនេះយើងបានចំណាយតែ ២ ឬ ៣ម៉ឺន​រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ» ធីតា បានបញ្ជាក់ ។

កូវីដ ១៩ បានធ្វើឲ្យពលរដ្ឋដែលធ្វើការនៅវិស័យទេសចរណ៍ មានសណ្ឋាគារ ភោជណនីយដ្ឋាន ឬនៅកាស៊ីណូជាដើម រងផលប៉ះពាល់ជាងគេ ។ ស្តាប់មើលទៅសមាជិកគ្រួសារកញ្ញាធីតា ភាគច្រើនពួកគាត់ធ្វើការ​នៅក្នុងវិស័យទេសចរណ៍នេះ នៅក្នុងនោះសូម្បីខ្លួនគាត់ផ្ទាល់ ។ បច្ចុប្បន្ននេះទោះបីកំពុងសិក្សានៅមហាវិទ្យាល័យក្តី តែ ធីតា បានចេញធ្វើការផងដែរ ។ កញ្ញាធ្វើការនៅហាងអាហារបរទេសមួយ ។ អាហារដ្ឋានដែលគាត់កំពុងធ្វើការ​នោះក៍រកចំណូលមិនសូវបានដែរ ចាប់តំាងពីមានវត្តមានកូវីដ ១៩ មក តែសំណាងប្រាក់ចំណូលរបស ធីតា មិនទាន់បានកាត់បន្ថយនោះទេ ។ ដោយសារនោះជាការងារដើម្បីបានបទពិសោធន៍ដូច្នេះ ធីតា ថាខ្លួនមិនផ្តោតសំខាន់លើចំណូលឡើយ ហើយចំណូលប្រចំាខែរបស់គាត់ក៍​មិនសូវជាច្រើនប៉ុន្មានដែរ ។​

កញ្ញា ធីតា និយាយបន្ថែមចំពោះស្ថានភាពគ្រួសារនាងថា ក្រៅពីការកាត់ចំណាយ​លើម្ហូបអាហារការចំណាយមិនបាច់ជាច្រើនទៀត ទំាងជាលក្ខណៈគ្រួសារ និង​លក្ខណៈផ្ទាល់ខ្លួនសមាជិកគ្រួសាររបស់កញ្ញាបានកាត់បន្ថយគ្រប់ៗគ្នា ។ «យើងបាននិយាយគ្នាពីផលប៉ះពាល់ចំណូលពីកូវីដ ១៩ នេះ ។ គ្រប់គ្នាបាន​យល់ពីបញ្ហានេះ ហើយយើងបានសម្របខ្លួនចំពោះការបន្ថយ​ចំណាយនេះ ។ ពីមុនយើងទទូលទានឆ្ងាញ់ ប៉ុន្តែឥឡូវយើងហូបអាហារសាមញ្ញាៗ  ហើយការចំណាយ​លើសម្លៀកបំពាក់ និងរបស់ផ្សេងទៀត យើងនាំគ្នាកាត់បន្ថយទំាងអស់» ។

នេះជាករណីមួយដែលគម្រោងលុយនៃសារព័តមាន «កោះសន្តិភាព» បានជួបមិនដឹងថា​ គ្រួសារប្រជាពលរដ្ឋណាផ្សេងទៀតបានកាត់បន្ថយការចំណាយដូចករណីនេះនោះទេ ប៉ុន្តែជារួមកូវីដបានធ្វើប្រជាពលរដ្ឋ និងប្រជាជាតិជាសកលរងផលប៉ះពាល់ ៕