ខេត្តសៀមរាប ៖ ក្រុងទេសចរណ៍សៀមរាប-អង្គរ ក្នុងឆ្នាំ២០១៥នេះមានភោជនីយដ្ឋានចំនួន១៩៥ ស្មើនឹងជិត៥.០០០តុ គិតជាកៅអី ជាង១៧០.០០០កៅអី ។ នៅតាមបណ្តាសណ្ឋាគារតូចធំ ប្រមាណជាង១៨០ទៀត មានភោជនីយដ្ឋាននៅក្នុងនោះផងដែរ។ នេះបើតាមរបាយការណ៍ស្រង់ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានបង្ហាញនៅក្នុងខែកក្កដា ២០១៥នេះ ។
ប្រធានសមាគមចុងភៅកម្ពុជា លោកហៃ វុឌ្ឍី ឱ្យដឹងថា សមាគមចុងភៅកម្ពុជា ចាប់ដៃគូជាមួយអង្គការអន្តរជាតិកសិកម្មចម្រុះទិសខាងលិចនៃប្រទេសបារាំង (AGRISUD International ) បាន និងជំរុញការដាំបន្លែគ្រប់ប្រភេទ តាមបែបក្សេត្របរិស្ថានអស់រយៈពេល៤ឆ្នាំកន្លងមកហើយនៅតាមបណ្តាមូលដ្ឋានគោលដៅនៅក្នុងខេត្តសៀម រាប។
ចំណែកលោកសេង ពិចិត្រ ប្រធានអង្គការ AGRISUD ឱ្យដឹងថា តាមរយៈការសម្របសម្រួល ទាញយកបណ្តាសណ្ឋាគារនិងភោជនីយដ្ឋានក្នុងក្រុងសៀមរាប ជាទីផ្សារបន្លែរបស់កសិករ អ្នកទេសចរទាំងឡាយដែលទៅទស្សនាអង្គរ-សៀមរាប ធានាថា រាល់ការផ្គត់ផ្គង់ម្ហូបអាហារ គឺពិតជាទទួលបានម្ហូបអារហារដែលគ្មានជាតិគីមី ធានាសុខភាពល្អ ។
លោកច័ន្ទ សុភា សហស្ថាបនិកសមាគមចុងភៅកម្ពុជា និយាយថា ការបម្រើម្ហូបអាហារ គឺវាមានចំណែក តូចៗនៅក្នុងនេះជាច្រើនទៀត ដូច្នេះបទពិសោធន៍វាជាមេរៀនដ៏សំខាន់ ជាមួយនឹងការសិក្សាអំពីជំនាញធ្វើម្ហូប ។ អ្នកទេសចរអន្តរជាតិដែលបានទៅទស្សនាអង្គរសៀមរាប គឺមានច្រើនជាតិសាសន៍ ពីបណ្តាទ្វីបនានាលើពិភពលោក ដោយពួកគេមានប្រពៃណី ទំនៀមទម្លាប់ និងទទួលយករសជាតិអាហារ ផ្សេងៗគ្នា ។ នេះគឺវាគ្រាន់តែជាការសិក្សាមួយផ្នែកតូច ក្នុងនាមជាម្ចាស់ផ្ទះដែលត្រូវត្រៀមខ្លួនទទួលភ្ញៀវ ។ បើគ្រាន់តែផ្តល់រសជាតិអាហារដែលគេអាចទទួលបាន គឺវាមិនគ្រប់គ្រាន់ទេ។
សោភ័ណភាព ការច្នៃប្រឌិត ការតុបតែងម្ហូបអាហារ បរិយាកាស អនាម័យ ពេលវេលា ទីកន្លែង ហើយ អ្វីៗដែលទាក់ទងទៅនឹងម្ហូបអាហារជាចុងក្រោយ គឺសុវត្ថិភាព និងផ្តល់ការធានាសុខភាពសម្រាប់ពួកគេ ។
លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ២០១៥ថា ការបម្រើម្ហូបអាហារ គឺជាកត្តាចម្បងដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ហើយការបម្រើម្ហូបអាហារវាទាក់ទងទៅនឹងបញ្ហាសុខភាព និងជាមួយផ្នែកធំនៃកត្តានាំមកឱ្យក្រុងទេសចរណ៍សៀមរាប-អង្គរ ក្លាយជាក្រុងដ៏ទាក់ទាញបំផុត ក្នុងចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ២លើពិភពលោក ។ នៅឆ្នាំ២០១៥នេះ មានអ្នកទេសចរចូលទស្សនានៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប-អង្គរកើនឡើងក្លាយជាទីក្រុងដែលទាក់ទាញអ្នកទេសចរខ្លាំងជាងគេលើពិភពលោក ។ ខេត្តសៀមរាប មានសមត្ថកិច្ចការពារសន្តិសុខតឹងរ៉ឹងដល់ភ្ញៀវជាតិ និងអន្តរជាតិគ្រប់គោលដៅ នីមួយៗដើម្បីចៀសវាងនូវបទល្មើស ផ្សេងៗកើតឡើងជាយថាហេតុ ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រៀងរាល់ពេលទៅបំពេញបេសកកម្មការងារនៅក្រុងសៀមរាបតែងតែបង្ហាញអំពីមោទនភាពរបស់ក្រុងទេសចរណ៍សៀមរាប-អង្គរ ស្តីអំពីការបម្រើម្ហូបអាហារជូនអ្នកទេសចរជាតិ និងអន្តរជាតិបានល្អប្រសើរ ក៏ប៉ុន្តែអ្វីដែលលោកមិនពេញចិត្តនោះ គឺការដំឡើងថ្លៃម្ហូបអាហារ នៅពេលដែលមានព្រឹត្តិការណ៍ទេសចរណ៍ ម្តងៗ ពិសេសនោះគឺបុណ្យចូលឆ្នាំចិន និងបុណ្យភ្ជុំបិណ្ឌ ព្រមទាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ៣ឆ្នាំកន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ