ប្រទេសកូរ៉េខាងត្បូង ៖ អាជ្ញាធរកូរ៉េខាងត្បូង កំពុងពិនិត្យនិងបើកការស៊ើបអង្កេត លើករណីមនុស្សពីរនាក់ត្រូវបានស្លាប់ ប៉ុន្មានថ្ងៃក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra zeneca) ដែលនេះមើលទៅមិនសមស្របនឹងលក្ខខណ្ឌ ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានរ័យទ័រចេញ ផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១។
ប្រភពដដែលបានបន្តថា ភ្លាមៗ តំណាងឱ្យក្រុមហ៊ុន AstraZeneca បានឆ្លើយតបថា នោះគឺជាភារកិច្ចរបស់ទីភ្នាក់ងារត្រួតពិនិត្យនិងកិច្ចការពារជំងឺឆ្លងកូរ៉េខាងត្បូង(KDCA= The Korea Disease Control and Prevention Agency) ប៉ុន្តែសម្រាប់សុវត្ថិភាពនៃវ៉ាក់សាំងនេះ យើងសូមបញ្ជាក់ថា យើងបានស្រាវជ្រាវនិងសិក្សាយ៉ាងម៉ត់ចត់ លម្អិត និងមានការសាកល្បង ក្នុងព្យាបាលយ៉ាងជាក់លាក់មួយ រហូតដល់មានការបញ្ជាក់យ៉ាងសុក្រឹតថា វាពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលពិតមែន។
យោងតាមការដកស្រង់សម្តីរបស់ លោកវេជ្ជបណ្ឌិត Jeong Eun-kyeong ជានាយកប្រតិបត្តិនៅ KDCA បានថ្លែងថា « KDCA កំពុងធ្វើការជាមួយអាជ្ញាធរ ក្នុងការស្ទាបស្ទង់និងស្រង់ទិន្នន័យ ដើម្បីបញ្ជាក់អំពីការជាប់ទាក់ទងនឹងករណីស្លាប់នេះ ដោយប្រាកដថាមិនមានការកេងបន្លំនោះទេ»។
ប៉ុន្តែមិនទាន់មានការឆ្លើយតបណា ថាមានករណីណាមួយដែលពាក់ព័ន្ធនឹងវ៉ាក់សាំងនេះទេ។
លោក Jeong បានបន្តថា ពិតជាមានអ្នកជំងឺដែលមានអាយុ ៦៣ ឆ្នាំម្នាក់ គាត់ត្រូវព្យាបាលនឹងមើលថែជំងឺនៅមណ្ឌលថែទាំ គាត់មានជំងឺសរសៃឈាមខួរក្បាល ហើយបានវិវឌ្ឍននៃរោគសញ្ញានោះ ហើយក៏បានសញ្ញាគ្រុនក្តៅខ្លាំងលេចចេញមក បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំង AstraZeneca ៤ ថ្ងៃមុន។
គួរបញ្ជាក់ផងដែរថា តាមការចុះផ្សាយព័ត៌មានរបស់ទីភ្នាក់ងារ Yonhap បានរាយការណ៍ថា មានបុរសម្នាក់បានផ្លាស់ប្តូរទៅព្យាបាលនៅមន្ទីរពេទ្យធំ កាលពីថ្ងៃទី អង្គារ៍ ទី ២ ខែមីនា ប៉ុន្តែបានបាត់បង់ជីវិតបន្ទាប់ពីមានការរកឃើញថានៅក្នុងឈាមមានជាតិពុល និងមានរោគសញ្ញារលាកសួតខ្លាំងផងដែរ។
ទីភ្នាក់ងារនេះបានបន្តថា ចំណែកអ្នកជំងឺម្នាក់ទៀតមានអាយុ ៥០ ឆ្នាំ ក៏ជាអ្នកជំងឺនៅមណ្ឌលថែទាំដែរ គាត់មានជំងឺបេះដូង និងទឹកនោមផ្អែម ហើយបានស្លាប់កាលពីថ្ងៃ ពុធ ដោយមូលហេតុគាំងបេះដូង បន្ទាប់ពីបានទទួលវ៉ាក់សាំង ១ថ្ងៃមុន។
លោក Jeong បាននិយាយថា មិនមានរបាយការណ៍ អំពីករណីនៃការស្លាប់ ក្រោយទទួលបានវ៉ាក់សាំង COVID-19 ដែលបង្កើតដោយ AstraZeneca ឬ Pfizer / BioNTech នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកបានជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំង ប្រសិនជាពួកគេជាមនុស្សដែលគិតថាខ្លួនគេមានសុខភាពល្អ។
ទីភ្នាក់ងា KDCA បានបន្តថា ក្នុងចំណោមមនុស្សដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានមនុស្សចំនួន ២០៧ មានប្រតិកម្មមិនល្អ ក្នុងនោះមាន ៣ ករណីមានប្រតិកម្ម អាលាក់ស្សីធ្ងន់ធ្ងរ ដែលនោះអាចសំគាល់បានថាជាប្រតិកម្មអាចបណ្តាលមកពីពិសដែលមានក្នុងថ្នាំ ឬការបរិភោគអាហារដែលប្រតិកម្មនឹងខ្លួន។
សូមជម្រាបជូនថា យោងតាមការរាយការណ៍របស់ភ្នាក់ងារ KDCA បានថ្លែងថា កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូង បានផ្តល់វ៉ាក់សាំងនេះដល់ប្រជាជនខ្លួន។ ហើយគិតត្រឹមយប់ថ្ងៃ អង្គារិ៍ ប្រជាជនប្រមាណជា ៨៥.៩០៤ នាក់បានចាក់វ៉ាក់សាំង AstraZeneca លើកដំបូងហើយ និង ១.៥២៤ បានចាក់វ៉ាក់សាំង Pfizer ៕
ចែករំលែកព័តមាននេះ