មិន​គួរ​ប្រហែស​! ផលវិបាក និង​កា​រវិ​វត្ត​នៃ «​ជំងឺស្រឺត​»! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​គួរ​ប្រហែស​! ផលវិបាក និង​កា​រវិ​វត្ត​នៃ «​ជំងឺស្រឺត​»!

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ពី​ផលវិបាក និង​កា​រវិ​វត្ត​នៃ “​ជំងឺស្រឺត​” នោះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ពី​ផលវិបាក និង​កា​រវិ​វត្ត​នៃ “​ជំងឺស្រឺត​” នោះ​ថា ៖ អ្វី​ជា​ជំងឺស្រឺត? ជំងឺស្រឺត មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​អាកា​រៈ​ដែល​ប្រជាជន​យើង​ភាគច្រើន​ស្គាល់​ថា ជំងឺ​ខ្យល់ ប៉ុន្តែ​តែង​លាយឡំ​នឹង​អារម្មណ៍​ភ័យ​ខ្លាច​ថា គាំងបេះដូង សន្លប់ ឬ​បាត់បង់​ជីវិត​ជាដើម​។

ជំងឺ​នេះ បណ្ដាល​មក​ពី​ខួរក្បាល​ដំណើរការ​មិនល្អ នាំ​ឲ្យ​អ្នកជំងឺ​ទៅ​ជា​មាន​អាកា​រៈ​ដូច​ជា ឧស្សាហ៍​​ធ្វើទុក្ខ ពិបាក​ក្នុង​ខ្លួន​មួយ​ឆាវ​ៗ ណែន​ទ្រូង ថប់​ៗ ធី​ង​ធោ​ង អស់ដៃអស់ជើង រកកល​ចង់​សន្លប់​ជាដើម​។

ក្រៅពី​នេះ អ្នកជំងឺ​តែងតែ​ភ័យ​ខ្លាច​ធ្វើទុក្ខ​ទៀត ហើយ​ព្យាយាម​គេច​ចេញពី​ស្ថានភាព ឬ​សកម្ម​ភាព​​ដែល​គាត់​គិត​ថា នាំ​ឲ្យ​ធ្វើទុក្ខ​ដូច​មុន​។ ជំងឺស្រឺត ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ មាន​មនុស្ស​ពី​២​ទៅ​៥​នាក់​អាច​កើត​មាន​ជំងឺស្រឺត ជា​ពិសេស​ស្ត្រី​អាច​កើត​ជំងឺ​នេះ​លើស​បុរស​ចំនួន​ពីរ​ទៅ​បី​ដង​។

កា​រវិ​វត្ត និង​ផលវិបាក ៖
ជំងឺស្រឺត​ច្រើន​មាន​លក្ខណៈ​រ៉ាំរ៉ៃ បើ​មិន​ព្យាបាល គឺ​វា​អាច​នៅ​បន្ត​ដល់​រាប់​ឆ្នាំ ឬ​សឹង​មួយ​ជីវិត​ក៏​មាន ដែល​រំខាន​ជា​ខ្លាំង​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​ក្នុង​ករណី​ខ្លះ អ្នកជំងឺ​អាច​ឃុំខ្លួន​នៅ​តែ​ផ្ទះ មិន​ហ៊ាន​ធ្វើ​អ្វី និង​ទាមទារ​ឲ្យ​មាន​មនុស្ស​នៅ​ក្បែរ​ជា​និច្ច​។

ពេល​ខ្លះ គាត់​អាច​ទៅ​ជា​អស់សង្ឃឹម​លែង​ចង់​រស់ ឬ​ទៅ​ប្រើប្រាស់​ថ្នាំ​ងងុយគេង ស្រា ដែល​នាំ​ឲ្យ​កាន់តែ​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត​។

ការ​ព្យាបាល ៖
ទោះជា​យ៉ាងណា ជំងឺស្រឺត ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ក្រោម​ការ​ព្យា​បាល​ដ៏​ត្រឹមត្រូវ ជំងឺ​នេះ​អាច​ជា​សះស្បើយ​ដោយ​ប្រើ​ពេល​ពី​៣​ទៅ​៦​ខែ និង​អាច​ព្យាបាល​បន្ត ដើម្បី​បង្ការ​ការ​លាប់​ឡើង​វិញ​រហូត​យ៉ាងតិច​១​ឆ្នាំ ដោយ​ប្រើប្រាស់​ឱសថ និង​ការ​ព្យាបាល​ចិត្ត​សាស្ត្រ​។

លោក​វេជ្ជបណ្ឌិត ទួន សុវណ្ណ​រិ​ទ្ធិ ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​រំលឹក​ដល់​លោក​អ្នក​បើ​សង្ស័យ ឬ​ស្គាល់​មនុស្ស​ដែល​មាន​ជំងឺស្រឺត សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៕