បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលកាប់បំផ្លាញ់ម៉ូតូជនរងគ្រោះ ព្រោះតែគំនុំសងសឹក។ យុវជនទាំងពីរនាក់នោះ ត្រូវបាន ចាប់បញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ចន សត្យា ហៅម៉ា ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ រឿម ណាវីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា ការចាប់ខ្លួនយុវជនទាំងពីរនាក់នេះ គឺក្រោយទទួលពាក់បណ្តឹងពីឈ្មោះ បិត ធារី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ យុវជននេះ បានប្តឹងជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពដេញកាប់ខ្លួន បណ្តាលរបួសដៃ និងកាប់បំផ្លាញម៉ូតូ បណ្តាលខ្ទេចកែប និងក្បាលអាវម៉ូតូសុះ ហើយខ្លួន បានរត់គេចរួច ផុតពីគ្រោះថ្នាក់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវ និងកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិដីឡូតិ៍ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។ ជនទាំងពីរនាក់នោះ ត្រូវបាននាំយកសាកសួរ។ ជនសង្ស័យ ២នាក់ បានសារភាពថា បានចូលរួមជាមួយបក្ខពួករបស់គេ ក្នុងចំណោម ៣នាក់ តែមិនបានកាប់បំផ្លាញម៉ូតូ និងយកដំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសទេ គឺឈ្មោះ ឈូ ដែលកំពុងគេចខ្លួនជាអ្នកកាប់បំផ្លាញម៉ូតូ និងយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលរបួស ព្រោះរឿងគំនុំផ្ទាល់ខ្លួន ជាមួយជនរងគ្រោះ ទើបបណ្តាលឲ្យមានរឿងដូច្នេះ។
កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនទាំងពីរ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ