បណ្ដា​ប្រទេស​អាស៊ាន​ ស្នើ​ឲ្យ​ដោះ​លែង​​លោកស្រី ​អ៊ួ​ង ​សាន់​ស៊ូ​ជី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បណ្ដា​ប្រទេស​អាស៊ាន​ ស្នើ​ឲ្យ​ដោះ​លែង​​លោកស្រី ​អ៊ួ​ង ​សាន់​ស៊ូ​ជី

1 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​ប្រទេស​អាស៊ាន​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២​ ខែ​មីនា ឆ្នាំ២០២១ ដល់​របប​យោធាមី​យ៉ា​ន់​ម៉ា​ឲ្យ​ដោះ​លែង មេដឹកនាំ​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ួង ​សាន់​ស៊ូ​ជី ដែល​ត្រូវ​ផ្ដួល​រំលំ​កាលពី​ខែ​មុន​ដោយសារ​រដ្ឋប្រហារ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​ប្រទេស​អាស៊ាន​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២​ ខែ​មីនា ឆ្នាំ២០២១ ដល់​របប​យោធាមី​យ៉ា​ន់​ម៉ា​ឲ្យ​ដោះ​លែង មេដឹកនាំ​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ួង ​សាន់​ស៊ូ​ជី ដែល​ត្រូវ​ផ្ដួល​រំលំ​កាលពី​ខែ​មុន​ដោយសារ​រដ្ឋប្រហារ និង​បញ្ឈប់​ការ​បង្ក្រាប​បាតុករ​។

ការ​អំពាវនាវ​នោះ​ត្រូវ​បាន​ធ្វើ​ ខណៈ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា ប្រើ​កាលពី​ថៃ្ង​ទី​២ ​មីនា​ នូវ​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​​ត្រចៀក ដើម្បី​បំបែកពួក​បាតុករ ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី ក្នុង​ទីក្រុង​ធំ​របស់​ប្រទេស ​គឹ​ក្រុង​រ៉​ង់​ហ្គូ​ន ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ​កុម្ភៈ​។ តាម​សាក្សី​ទាំងឡាយ​ថា ​មាន​អ្នក​រង​របួស​ច្រើន​នាក់​។ យោង​តាម​ពួក​សកម្មជន​ថា មនុស្ស​ច្រើន​រយ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន ក្នុង​នោះ​មាន​អ្នកកាសែត​៦​នាក់​។ ក្នុង​ចំណោម​អ្នកកាសែត​ទាំងនោះ មាន​អ្នកកាសែត​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន កាលពី​ថ្ងៃ​ទី​២ ​មីនា បាន​ពិភាក្សា​គ្នា​តាម​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន ជាមួយ​តំណាង​១​រូប​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា ២​ថ្ងៃក្រោយ​ការ​បង្ក្រាប​បង្ហូរឈាម​ពួក​បាតុ​ករ ដែល​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​យ៉ាងតិច​១៨​នាក់​មក​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ BBC នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​លី​សៀង​ឡុ​ង​វាយ​ត​មៃ្ល​ថា វិបត្តិ​ដែល​កើត​មាននៅ​មី​យ៉ា​ន់​ម៉ា គឺជា​ការ​ដើរ​ថយក្រោយ​មួយ ប្រកបដោយ​សោកនាដ​កម្ម។​ លោក​គូសបញ្ជាក់​ថា ​ការ​ប្រើ​កម្លាំង​ជ្រុល ប្រឆាំង​បណ្ដាជន​ស៊ី​វិល ​និង​បាតុករ​គ្មាន​អាវុធ​ខ្ញុំ​យល់​ថា វា​ជា​រឿង​មិន​អាច​ទទួលយក​បាន​។ នោះ​ជា​មហន្តរាយ​មិន​ត្រឹមតែ​ក្នុង​កម្រិត​អន្តរជាតិ​ទេ តែ​ក្នុង​កម្រិត​ជាតិ​ផង​ដែរ​។

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី លោក ​HISHAMMUDDIN HUSSEIN ​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​​លោកស្រី​ស៊ូ​ជី ​និង​អ្នក​ជាប់​ឃុំឃាំង​ដទៃ​ៗ​ទៀត​ជា​បន្ទាន់​។ លោក​បាន​ព្រមាន​ថា ​ប្រសិនបើ​សភាពការណ៍​កាន់តែ​អាក្រក់​ថែម​ទៀត នោះ​នឹង​ជា​ការ​ប៉ះពាល់​មួយ សម្រាប់​សន្តិភាព ស្ថេ​រ​ភាព​និង​ភាព​រុងរឿង​របស់​តំបន់​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី លោក ​RETNO MARSUDI ជា​អ្នក​នាំមុខ​ក្នុង​ការ​ស្វែង​រក​ការ​ដោះស្រាយ តាម​ការទូត​របស់​តំបន់ បាន​ស្នើ​ដល់​មី​យ៉ា​ន់​ម៉ា​ឲ្យ​បើកទ្វារ​ដល់​អាស៊ាន ដើម្បី​ជួយ​​ដោះស្រាយ​ជម្លោះ​។ នៅ​មុខ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សា​ការ​តា​លោក​RETNO MARSUDI​ក៏​អំពាវនាវ​ផង​ដែរ ឲ្យ​ដោះ​លែង​បណ្ដា​អ្នកទោស​នយោបាយ និង​ស្ដារ​ឡើង​វិញ​​លទ្ធិប្រជាធិប​តេយ្យ​។

ឆន្ទៈ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ឲ្យ​មានការ​ចរចា​ជាមួយ​កងទ័ព​មី​យ៉ា​ន់​ម៉ា នាំ​ឲ្យ​មានការ​រិះគន់​នានា ដោយ​អ្នក​រិះគន់​មួយ​ចំនួន​យល់​ថា បែប​នោះ​ជា​ការ​ចង់​ផ្ដល់​ភាព​ស្របច្បាប់ ដល់​របប​យោធា​។ ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​យល់​ថា ការ​ដាក់​ទណ្ឌកម្ម ប្រឆាំង​មី​យ៉ា​ន់​ម៉ា​នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ថែម​ទៀត ដល់​ប្រជាជន​ជាង​ដល់​កង​យោធា​។

ប៉ូលិស​និង​កងទ័ព​មី​យ៉ា​ន់​ម៉ា បាន​បង្កើន​ការ​ប្រើ​កម្លាំង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុនប៉ង​ទប់​ការ​បះបោរ​ប្រឆាំង​រដ្ឋប្រហារ​។ បាតុករ​ជាង​២០​នាក់ រង​របួស​កាលពី​ថ្ងៃ​ទី​២​មីនា ក្នុង​នោះ ៣​នាក់​របួសធ្ងន់​ក្រោយ​ការ​បាញ់​គ្រាប់​ពិត​។ បណ្ដា​អ្នកកាសែត​ក៏​រង​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo