ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ ​៖ គ្រូបង្រៀន​ភាសា​ខ្មែរ​ដល់​ជនបរទេស​រក​ចំណូល​មិនសូវ​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កញ្ញា ​ឈិ​ន ណា​វី បាន​អង្គុយ​ជជែក​ជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ភ្នំពេញ ​។ គាត់​និយាយ​ពី​នេះ ពី​នោះ ជា​ភាសា​ខ្មែរ​មួយ​ៗ​។…

រាជធានីភ្នំពេញ ៖ កញ្ញា ​ឈិ​ន ណា​វី បាន​អង្គុយ​ជជែក​ជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ភ្នំពេញ ​។ គាត់​និយាយ​ពី​នេះ ពី​នោះ ជា​ភាសា​ខ្មែរ​មួយ​ៗ​។ ជនបរទេស​បាន​និយាយ​តាម​គាត់ ជួន​ការ​កិច្ច​សន្ទនា​បាន​ប្តូរ​ទៅ​ជា​ភាសា​អង់គ្លេស ហើយ​បាន​ប្តូរ​មក​ជា​ភាសា​ខ្មែរ​វិញ ​។ ស្តាប់​មួយ​ភ្លែត​កិច្ច​សន្ទនា​រវាង​នារី​ខ្មែរ​វ័យក្មេង​ និង​ជនបរទេស​នេះហាក់ជា​ការ​និយាយ​ពី​ការងារ តាម​ពិត​នោះ​ជា​ការ​បង្រៀន​សោះ​ ។ កញ្ញា ​ឈិ​ន ណា​វី កំពុង​បង្រៀន​ភាសា​ខ្មែរ​ដល់​ជនបរទេស ​។

ណា​វី ដែល​ជា​កូន​កសិករ​មក​ពី​ខេត្តកំពង់ចាម បាន​ផ្តើម​អាជីព​បង្រៀន​ភាសា​ខ្មែរ​ដល់​បរទេស​នេះ​ប្រមាណ​ជា ​៥​ឆ្នាំ​មក​ហើយ​ ។ ដើម​ឡើយ​គាត់​មានកូន​សិស្ស​ច្រើន ប៉ុន្តែ​ចាប់ពី​ផ្ទុះ​កូ​វី​ដ​ ១៩ ​មក ចំនួន​បង្រៀន​របស់​គាត់​បាន​ធ្លាក់​ចុះ ដោយសារ​ការ​ចូល​មក​កម្ពុជា​របស់​ជនបរទេស​មិនសូវ​មាន​ ។ កូនសិស្ស​ដែល​គាត់​បង្រៀន​ពេល​នេះ ជា​កូនសិស្ស​ចាស់​ដែល​ពួក​គេ​បាន​ចូល​មក​កម្ពុជា​តាំងពី​ពេល​មិន​ទាន់​មាន​ផ្ទុះ​កូ​វី​ដ ​១៩ ​មក​ម្លេះ​ ។
«​បច្ចុប្បន្ន​ខ្ញុំ​នៅ​មាន​សិស្ស​បង្រៀន​ផ្ទាល់​តែ​ពីរ​នាក់​ទេ ហើយនឹង​ការ​បង្រៀន​តាម​អន​ឡាញ​បី​បួន​នាក់​ទៀត ​។ ការ​បង្រៀន​របស់ខ្ញុំ​បាន​ធ្លាក់​ចុះ ដូ​ច្នះ​ចំណូល​របស់ខ្ញុំ​ក៍​ធ្លាក់​ចុះ» ​។​ ណា​វី បាន​បន្ថែម​ថា ​ពិត​ណាស់​បើ​កូ​វី​ដ​ ១៩ អូស​បន្លាយ​យូរ​ទៅ​មុខ​ទៀត អាជីព​របស់ខ្ញុំ​ប្រាកដជា​បញ្ហា​ ​។

ជនជាតិ​បរទេស​ដែល​រៀន​ភាសា​ខ្មែរជាមួយ​អ្នកគ្រូ​ ណា​វី មាន​ច្រើន​ជាតិ​សាសនា អា​មេ​រិ​ក បារាំង អង់គ្លេស កា​ណា​ដា សឹ​ង្ហ​បុរី និង​មាន​ជាតិ​សាស​អាស៊ី អឺរ៉ុប​ផ្សេង​ទៀត ​។ ជនជាតិ​បរទេស​ដែល​រៀន​ភាសា​ខ្មែរ ជា​អ្នក​ត្រូវ​មក​ការ​ធ្វើការ​នៅ​កម្ពុជា ឬ​ជា​អ្នកជំនួញ ហើយក៍​​អ្នកខ្មានលះ​បំណង​ចង់​រៀប​ការ​ជាមួយ​ស្ត្រី​ ឬ​បុរស​ខ្មែរ ​។

អ្នកគ្រូ ឈិ​ន ណា​វី អាច​បង្រៀន​សា​ភា​ខ្មែរ​ទៅ​ជនបរទេស​បាន គឺ​គាត់​ត្រូវ​ចេះ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ជ្រៅជ្រះ ។ ​គាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​។ ក្រៅពី​នោះ​គាត់​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ផង​ ។ ព្រោះថា​ នៅ​ពេល​បង្រៀន​ជនបរទេស កូនសិស្ស​របស់​គាត់​មិន​ត្រឹមតែ​ចង់​ចេះ​ភាសា​ខ្មែរ​នោះ​ទេ ពួក​គេ​បាន​សួរនាំ​ពី​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ ។

តម្លៃ​បង្រៀន​អ្នកគ្រូ ​ឈិ​ន ណា​វី គិត​ម៉ោង​ ។ មួយ​ម៉ោង​ថ្លៃ​ ១០​ដុល្លារ ​។ ជា​ទៅ​កូនសិស្ស​របស់​គាត់​ត្រូវការ​រៀន​ពី​ ១០​ម៉ោង​ទៅ​ ៣០​ម៉ោង ឬ​លើស​ពី​នេះ ទៅ​តាម​គោលបំណង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​របស់​គេ ​។ «​បើ​គាត់​គ្រាន់តែ​ចង់​ស្កាត់​ភាសា​ខ្មែរ ពាក្យ​សាមញ្ញ​ៗ គឺ​ត្រឹមតែ ​១០​ម៉ោង​ពួក​គាត់​អាច​ស្តាប់​បាន​និយាយ​បាន ប៉ុន្តែ​បើ​គាត់​ចង់​សរសេរ​គឺ​ត្រូវ​ពេល​ ៣០​ម៉ោង​ឡើង​ទៅ​» ​ណា​វី​ ឲ្យ​ដឹង ​។ ក្រៅពី​ណា​វី នៅ​មាន​គ្រូ​ជា​ច្រើន​ទៀត​ដែល​បើក​បង្រៀន​បរទេស​ពី​ភាសា​ខ្មែរ​នេះ ចំណែក​ស្ថាប័ន​របស់​ជាតិ មាន​វិទ្យាស្ថាន​ភាសាបរទេស និង​រាជបណ្ឌិត្យសភាកម្ពុជា ក៍​មាន​បង្រៀន​ភាសា​ខ្មែរ​ដល់​ជនបរទេស​នោះ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ