រាជធានីភ្នំពេញ ៖ កីឡាករ-កីឡាការិនីក្រសួងព័ត៌មានចំនួន៣រូបដែលដណ្តើមបានមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ ដែលទើបតែបញ្ចប់កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានកិតិ្ដយសក្លិបហែលទឹកក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អ ដែលក្មួយៗជាកីឡាករ-កីឡាការិនីក្លិបហែលទឹកក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ហើយរាល់ស្នាដៃដែលទទួលបាននាពេលនេះ គឺដើម្បីខ្លួនឯង និងដើម្បីក្លិបហែលទឹកក្រសួងព័ត៌មានទាំងមូល។ លោករដ្ឋមន្ត្រីបានជំរុញឱ្យកីឡាករ កីឡាការិនីហែលទឹកទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលប្រកួតទាំងព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត ។ លោកបានលើកឡើងថា វិស័យកីឡានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស បើប្រៀបធៀបកាលពីឆ្នាំមុនៗ ដែលទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្ហាញពីកំណើនសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលអាចឱ្យយើងមានកីឡាករល្អៗ ដើម្បីយកទៅប្រកួតជាលក្ខណៈអន្តរជាតិ ។
លោកសង្ឃឹមថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ នឹងក្លាយជាមុខមាត់ដ៏សំខាន់សម្រាប់ប្រទេសជាតិ សម្រាប់ព្រឹតិ្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ លោកខៀវ កាញារីទ្ធ ក៏បានផ្ដល់ជូនរង្វាន់ជាថវិកាដល់ក្រុមកីឡាករ កីឡាការិនី ទទួលបានជ័យលាភី
រួមមាន កីឡាការិនី លឹម សុខគន្ធពណ៌ មេដាយមាស៣គ្រឿង។ កីឡាករ លឹម សុខវារៈស័ក្តិ
មេដាយមាស៣គ្រឿង ។ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ មេដាយមាស១គ្រឿង និងប្រាក់១គ្រឿង ។ សម្រាប់អ្នកទទួលបានមេដាយមាស ១គ្រឿង ផ្ដល់ថវិកា១លានរៀល សរុបអ្នកបានមេដាយមាស៣ ទទួលបាន៣លានរៀល មេដាយប្រាក់៨០ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ៥០ម៉ឺនរៀល ។ ចំពោះកីឡាករដែលមិនទទួលបានមេដាយចំនួន៤នាក់ក្នុងម្នាក់ៗទទួលបាន១០ ម៉ឺនរៀល ហើយលោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានថវិកា២០ ម៉ឺនរៀលផងដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានជម្រាបជូនពីដំណើរការនៃកិច្ចសហការក្នុងការជំរុញ និងលើកកម្ពស់គុណភាព សមត្ថភាព ក្រុមកីឡាករហែលទឹកកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ដោយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំការប្រកួតកីឡាហែលទឹកចំពោះកីឡាករហែលទឹកក្រសួងព័ត៌មាន ដែលដណ្តើមបានមេដាយមាសជាច្រើន ។ លោកអគ្គលេខាធិការបន្ដថា ជាក់ស្តែង នេះគឺជាមោទនភាពក្លិបហែលទឹកក្រសួងព័ត៌មាន នៅក្នុងឱកាសនៃការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ បានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាសចំនួន៧គ្រឿង និងប្រាក់១គ្រឿង៕
ចែករំលែកព័តមាននេះ