ក្រសួង​វប្បធម៌​នឹង​ផ្សាយ​ឡើង​វិញ​ល្ខោន​យីកេ​រឿង​ទុំ​ទាវ​៣​ជំនាន់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​វប្បធម៌​នឹង​ផ្សាយ​ឡើង​វិញ​ល្ខោន​យីកេ​រឿង​ទុំ​ទាវ​៣​ជំនាន់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នឹង​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ទស្សនីយភាព​សិល្បៈ​ទម្រង់​ល្ខោន​យីកេ…

រាជធានី​ភ្នំពេញ ៖ ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នឹង​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ទស្សនីយភាព​សិល្បៈ​ទម្រង់​ល្ខោន​យីកេ រឿង “​ទុំ​ទាវ​” ក្រោម​ប្រធានបទ “​ទុំ​ទាវ​បី​ជំនាន់​” នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ៩.០០​ព្រឹក នៅ​លើក​ផេ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។

នាយកដ្ឋាន​សិ​ល្បះ​ទស្សនីយភាព​បាន​បញ្ជាក់​ថា ល្ខោន​យីកេ​រឿង ទុំ​ទាវ ក្រោម​ប្រធានបទ ទុំ​ទាវ​បី​ជំនាន់ ជា​ការ​ផ្តួចផ្តើម​គំនិត​រៀបចំ​ដោយ លោកស្រី អ៊ិ​ន ថា​ច (​អតីត​អនុប្រធាន​នាយកដ្ឋាន​) និង​ឯកឧត្តម សាយ សំ​អាល់ អនុប្រធាន ស​.​ស​.​យ​.​ក ដើម្បី​រំលឹក​អនុស្សាវរីយ៍ និង​ប្រមូលផ្តុំ​ព្រឹទ្ធា​ចារ្យ​ចាស់​ៗ ដែល​ធ្លាប់​សម្តែង​ល្ខោន​យីកេ​រឿង​ទុំ​ទាវ មក​បង្ហាញ​ស្នាដៃ ទេព​កោសល្យ ទោះជា​មាន​វ័យ​ចំណាស់​ទៅ​ហើយ ក្នុង​នាម​ជា​ធនធាន​មរតក​មនុស្ស​រស់​ដ៏​មាន​តម្លៃ សម្រាប់​ផ្ទេរ​ចំណេះ​ជំនាញ​មក​សិល្បករ​វ័យក្មេង​ជំនាន់​ក្រោយ​។

ទស្សនីយភាព​ល្ខោន​យីកេ​នេះ បាន​លេច​ជា​រូបរាង និង​បាន​សម្តែង​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក ដោយ​ចូលរួម​សម្តែង​ដោយ​សិល្បករ សិល្ប​ការិនី ចាស់ ក្មេង ទាំង​បី​ជំនាន់ ចាប់ពី​ឆ្នាំ​១៩៦០ រហូត​ដល់​ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​សហការ និង​ឧបត្ថម្ភ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ស្ថានីយទូរទស្សន៍​អប្សរា និង​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​រំដួល​។

ព្រឹត្តិការណ៍​សម្តែង​ទស្សនីយភាព​ដ៏​ធំ​បែប​នេះ សង្ឃឹមថានឹង​បាន​វិល​ត្រឡប់​មក​វិញ​តាម​រយៈ​ទម្រង់​សិល្បៈ​ផ្សេង​ៗ​ទៀត ប្រសិនបើ​មាន​ចំណាប់អារម្មណ៍ និង​សំណូមពរ​ច្រើន​ពី​ទស្សនិក​ជន។

គិត​មក​ដល់​បច្ចុប្បន្ន លោកគ្រូ​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន និង លោក អាង គឹ​ម​អ៊ ដែល​បាន​ចូលរួម និង​សម្តែង​ក្នុង​កម្មវិធី​ខាងលើ បាន​ទទួលមរណភាព​ដោយ​ជរាពាធ​ជា​បន្តបន្ទាប់ ដែល​ជា​ការ​បាត់បង់​នូវ​ធនធាន​មរតក​មនុស្ស​រស់​ដែល​មាន​តម្លៃ និង​គួរ​ឱ្យ​សោកស្តាយ​។

សូម​រីករាយ​ទស្សនា ផ្សព្វផ្សាយ ចែករំលែក​ដែល​អាច​ធ្វើ​បាន​ទៅ​តាម​រយៈ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សាយ​នានា​ដោយ​សេរី ដើម្បី​បញ្ជ្រាប​អំពី​សិល្បៈ​ដ៏​សម្បូរ​បែប​របស់​ខ្មែរ​ដល់​សាធារណជន ជា​ពិសេស​គឺ​យុវជន​៕