ចាប់ផ្តើមរកសុី គឺពិបាក ហត់នឿយ តែត្រូវអត់ធ្មត់ និងបត់បែន ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើមរកសុី គឺពិបាក ហត់នឿយ តែត្រូវអត់ធ្មត់ និងបត់បែន !

1 ខែ មុន

ភាគទី ១០ ៖ នៅពេលដែលខ្ញុំចាប់ផ្តើមបង្កើតវេបសាយព័ត៌មានសុខភាព health.com.kh ដំបូងនោះអ្វីៗមិនដំណើរការល្អនោះឡើយ ។ ពេលខ្លះខ្ញុំអស់កម្លាំងរហូតដល់ចង់បោះបង់ចោលដោយសារតែនឿយ ហត់ខ្លាំង និងបញ្ហាហិរញ្ញវត្ថុ…

ភាគទី ១០ ៖ នៅពេលដែលខ្ញុំចាប់ផ្តើមបង្កើតវេបសាយព័ត៌មានសុខភាព health.com.kh ដំបូងនោះអ្វីៗមិនដំណើរការល្អនោះឡើយ ។ ពេលខ្លះខ្ញុំអស់កម្លាំងរហូតដល់ចង់បោះបង់ចោលដោយសារតែនឿយ ហត់ខ្លាំង និងបញ្ហាហិរញ្ញវត្ថុ ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ខ្ញុំនៅតែអត់ធ្មត់ហើយពុះពារការលំបាកនេះ ។ ខ្ញុំអាចជំនះនិងឧបសគ្គបានដោយសារតែខ្ញុំចូលចិត្តក្នុងការងារចែករំលែកព័ត៌មាននិងចំណេះដឹង ។ ខ្ញុំតាំងចិត្តថា គម្រោងមួយនេះមិនត្រូវបរាជ័យទេ ។ វាត្រូវតែជោគជ័យ ពីព្រោះវាមានតម្លៃមិនត្រឹមតែសម្រាប់រូបខ្ញុំឡើយ វាមានសារសំ ខាន់សម្រាប់ប្រជាជនទាំងអស់ ។

សម្រាប់ខ្ញុំពេលនោះ គឺ ខ្ញុំចង់ឃើញថានៅប្រទេសកម្ពុជាមានវេបសាយព័ត៌មានសុខភាពដែលគួរទុក ចិត្តដើម្បីជួយ អប់រំ ប្រជាជនកម្ពុជាអោយយល់ដឹងបញ្ហាសុខភាពនេះ ដែលមានសារសំខាន់ ជា អាយុជីវិត។ មនុស្សយើងមិន ថាមានលុយប៉ុន្មានលានដុល្លារនោះទេ កាលបើសុខភាព ទ្រុឌទ្រោម ហើយយើងមិនអាចមានជីវិតដ៏រីករាយ មួយនោះឡើយ។

ដំបូងវេបសាយសុខភាពបានសឹងតែបរាជ័យទៅហើយ ។ ពេលចាប់ផ្តើមដំបូងខ្ញុំយល់ថា ព័ត៌មានត្រូវតែ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ។ ដូច្នេះក្នុងរយៈពេលប៉ុន្មានខែដំបូងនៃដំណើរការនោះ ខ្ញុំបានផលិតអត្ថបទវែង និងលម្អិតដោយគិតថា វាជាតម្រូវការដើម្បីអោយប្រជាជនយល់បានច្បាស់អំពីបញ្ហាសុខភាព ។

ប៉ុន្តែអត្ថបទវែង និងស៊ីជម្រៅទាំងនោះមិនមានអ្នកមើលច្រើនឡើយ ។ នៅក្នុងមុខរបរសារព័ត៌មាន គឺពឹងផ្អែកទៅលើចំនួនអ្នកអានទើបអាចរកចំណូលបានតាមការសផ្សាយពាណិជ្ជកម្ម ។ គ្មានអ្នកអាន គឺមាន ន័យថា គ្មានអ្នកផ្សាយពាណិជ្ជកម្ម ។ គ្មាន្នអ្នកផ្សាយពាណិជ្ជកម្ម គឺគ្មានចំណូល ។

បន្ទាប់មក ខ្ញុំក៏ផ្លាស់ប្តូរយុទ្ធសាស្ត្រដោយកែប្រែពីការផ្សាយអត្ថបទវែង និងស៊ីជម្រៅ និងមកជាការផលិតអត្ថបទខ្លី និងងាយយល់ ។ វាជាការផ្លាស់ប្តូរដូរមានប្រសិទ្ឋភាព ។ អត្ថបទខ្លីៗ និងមានចំណងជើងទាក់ទាញទាំងនោះ គឺមានអ្នកអាចច្រើនជាងអត្ថបទវែងកន្លងមក ។ វានាំអោយខ្ញុំសន្និដ្ឋានបានថា មនុស្សនៅលើបណ្តាញសង្គមចូលចិត្តអានអត្ថបទខ្លីជាងអត្ថបទវែង ។ ចាប់តាំងពីពេលនោះមក រូបខ្ញុំ និងក្រុមការងារនាំគ្នាផលិតអត្ថបទខ្លីៗ និងសាមញ្ញរហូតមកដល់ពេលនេះ ។

តើមិត្តទាំងឡាយទទួលបានអ្វីពីបទពិសោធន៍នេះ ?

ការរកស៊ីដំបូង គឺមិនមានភាពរលូនឡើយ ។ ឧបសគ្គ និងបញ្ហាជាច្រើននឹងលេចឡើងក្នុងពេលដំណើរការដំបូង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះយើងមិនត្រូវបោះបង់ក្តីស្រមៃរបស់យើងឡើយ ។ យើងត្រូវ តែអត់ធ្មត់ និងព្យាយាមដោះស្រាយរាល់បញ្ហាទាំងអស់ដែលកើតមាន ។ យើងត្រូវតែអត់ធ្មត់ហើយទទួលស្គាល់ការពិតដែលថា គ្មានអ្វីងាយស្រួលឡើយហើយការចាប់ផ្តើមដំបូងតែងតែមានបញ្ហាដោយចៀសមិនរួច ។

ទោះបីជាយើងមានផែនការច្បាស់លាស់ក្តី ពេលខ្លះយើងត្រូវមានភាពបត់បែនហើយព្យាយាមកែធ្វើអោយ ផលិតផល ឬក៏សេវាកម្មរបស់យើងបំពេញតម្រូវការពិតៗដល់អតិថិជន ។ ដូចដែលសៀវភៅមានចំណងជើងថា Lean Startup បានសរសេរថា គោលបំណងតែមួយគត់របស់ជំនួញ ចាប់ផ្តើមថ្មី គឺត្រូវរកអោយ ឃើញគំរូធុរកិច្ចប្រកបដោយចីរភាព ។ យើងត្រូវតែបង្កើតផលិតផល ឬសេវាកម្មអោយចំនឹងការចង់បាន របស់អតិថិជន ៕