ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងសំាង និង ហ្គាស ឡើងថ្លៃប៉ះពាល់ជីវភាពពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រេងសំាងលក់នៅតាមស្ថានីយ៍ប្រេងឥន្ទនៈនានា ក្នុងថ្ងៃទី ១ខែមីនាឆ្នាំ ២០២១នេះ ផ្តើមឡើងថ្លៃទៀតហើយ ពោលគឺបានឡើងថ្លៃខ្ពស់ពីការកំណត់​របស់អាជ្ញាធរការពីពីរ​សប្តាហ៍មុន ។ នៅថ្ងៃនេះប្រេងបានឡើងថ្លៃ…

រាជធានីភ្នំពេញ ៖ ប្រេងសំាងលក់នៅតាមស្ថានីយ៍ប្រេងឥន្ទនៈនានា ក្នុងថ្ងៃទី ១ខែមីនាឆ្នាំ ២០២១នេះ ផ្តើមឡើងថ្លៃទៀតហើយ ពោលគឺបានឡើងថ្លៃខ្ពស់ពីការកំណត់​របស់អាជ្ញាធរការពីពីរ​សប្តាហ៍មុន ។ នៅថ្ងៃនេះប្រេងបានឡើងថ្លៃ ២០០រៀលក្នុងមួយលីត្របើប្រៀបធៀប​ការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មកាល​ពីសប្តាហ៍មុន ។

ប្រេងសំាងស៊ុមពែរ លក់ថ្ងៃនេះមួយលីត្រ តម្លៃ ៤០៥០រៀល ប្រេងសំាងធម្មតា​មូយលីត្រ ៣ ៧​០០រៀល ចំណែកប្រេងម៉ាស៊ូតមួយលីត្រថ្លៃ ៣៣០០រៀល រីឯហ្គាស​វិញមួយ​លីត្រ ២ ២០០រៀល​ ។ ការកំណត់ថ្លៃដែលចេញដោយក្រសួង​ពាណិជ្ជកម្មកាល​ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨កុម្ភៈ ប្រេងសំាងមួយលីត្រថ្លៃតែ ៣៥០០រៀល ចំណែកប្រេង​ម៉ាស៊ូត​មួយលីត្រថ្លៃ៣ ២០០រៀល ។

ប្រេងសំាងឡើងថ្លៃប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដោយសារប្រេងសំាងនិងហ្គាស​ពលរដ្ឋត្រូវប្រើប្រាស់ប្រចំាថ្ងៃ ។ ការឡើងថ្លៃប្រភពថាមពលនេះ អាចធ្វើឲ្យតម្លៃផលិត​ផលក្នុងស្រុកនានាឡើងថ្លៃផងដែរ ហើយជាចុងបញ្ចប់ពលរដ្ឋអ្នកប្រើប្រាស់​ផលិតនិង​សេវាកម្ម ត្រូវចំណាយថវិកាច្រើន ។

កន្លងមកសូម្បីអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកបានត្អូញត្អែរ ការចិញ្ចឹមត្រីរបស់គាត់មិន​អាចលក់ថោក ប្រកួតប្រជែងជាមួយត្រីដែលនាំចូលពីប្រទេសជិតខាង ដែលថ្លៃដើម​ផលិតរបស់គេទាបនោះទេ ។ អ្នកចិញ្ចឹមត្រីម្នាក់ឈ្មោះ ដា នៅខេត្តសៀមរាបនិយាយ​ថាថ្លៃទឹក ប្រេង និងចំណីសត្វនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង ដែលធ្វើឲ្យត្រីដែល​គាត់​ចិញ្ចឹមបាន​ត្រូវលក់ក្នុងតម្លៃខ្ពស់ជាងត្រីនាំចូលពីប្រទេសជិតខាង ប៉ុន្តែឈ្មួញ​កណ្តាល​ដើម្បី​បាន​ចំណេញច្រើនពួលគេ បាននាំចូលត្រីពីបរទេសលក់ឲ្យពលរដ្ឋទទួល​ទាន ចំណែកអ្នកចិញ្ចឹមត្រីក្នុងស្រុករងការខាតបង់ជាខ្លំាង ។ អ្នកចិញ្ចឹមត្រីជាង ១០ឆ្នាំ​មកហើយ នៅក្នុងខេត្តសៀមរាបដដែលនោះ បញ្ជាក់ថា បច្ចុប្បន្នគាត់មានត្រីអណ្តែក​ទំហំពេញលក់ចេញប្រមាណ ១៥តោន ប៉ុន្តែគ្មានទីផ្សារនោះទិញឡើយ ។ គាត់កំពុង​ប្រឈមការ​ខាតបង់ជាខ្លំាងនៅខណៈដែលការចិញ្ចឹមត្រីបន្តទៀតឬអត់នោះ ស្ថិតនៅក្នុងការពិចារណា ។

ចំណែកលោក សុផល អ្នករត់រឺម៉កកង់បីម្នាក់នៅភ្នំពេញនិយាយថា ប្រេងសំាង ​និងហ្គាសបានឡើងថ្លៃខ្លំាងចាប់ពីពាក់កណ្តាលឆ្នាំ ២០២០មក ពិសេសហ្គាស់តែម្តង ។ លោកថា ហ្គាសបានឡើងថ្លៃពីជាង ១ពាន់រៀលមកដល់ជាង ២ពាន់រៀល នៅក្នុងរយៈ​ពេល​តែប៉ុន្មានខែនេះ ។ “ម៉ូតូកង់បីខ្ញុំប្រើសហ្គាសកាលពីហ្គាសថ្លៃ ១២០០រៀល​ក្នុងលីត្រ ខ្ញុំរត់ម៉ូតូគ្រាន់បានចំណេញខ្លះ តែពេលនេះពិបាករក​ចំណេញណាស់ ។ អ្នករត់កង់បីក៍ច្រើន ហ្គាស់ក៍ថ្លៃ ។ លុយរកបានត្រូវកាត់ថ្លៃហ្គាស កាត់ថ្លៃសេវា​ឲ្យក្រុមហ៊ុន Pass App ប្រាក់ចំណេញមានតិចតូចណាស់ ស្របពេលដែល​ជំងឺកូវីដ ១៩ កំពុងរាតត្បាយការធ្វើដំណើររបស់ពលរដ្ឋបានកាត់បន្ថយ” លោក សុផល ត្អូញត្អែរ ។

គិតតាមទម្លាប់ទៅនៅថ្ងៃទី ១ខែមីនានេះ ក្រសួងពាណិជ្ជកម្មត្រូវចេញប្រកាសពីការ​កំណត់ថ្លៃប្រេងសំាងឥន្ទនៈ ដែលត្រូវលក់ក្នុងទីផ្សារកម្ពុជាពីរសប្តាហ៍ទៅមុខទៀត តែរហូតមកដល់រសៀលថ្ងៃនេះគេនៅមិនទានទទួលបានសេចក្តីប្រកាសពីក្រសួង ដែលតែងតែចេញជាទៀងទាត់នោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ