រាជធានីភ្នំពេញ ៖ មនុស្សរាប់ម៉ឺននាក់បានបាត់បង់ការងារធ្វើដោយសារការវាយប្រហារនៃមេរោគកូវីដ ១៩ នៅប្រទេសកម្ពុជា ។ ពួកគេទាំងនោះភាគច្រើន គឺបម្រើការនៅក្នុងផ្នែកទេសចរណ៍ និងកម្សាន្តដូចជា សណ្ធាគារ ផ្ទះសំណាក់ ខារាអូខេ ក្លឹបកម្សាន្ត មគ្គុទេសទេសចរណ៍ និងវិស័យពាក់ព័ន្ឋផ្សេងៗទៀត ។
ការបាត់បង់ការងារធ្វើនេះក៏បានធ្វើអោយពួកគេប្រឹងប្រែងស្វែងរកការងារផ្សេងធ្វើ ដោយខ្លះឈប់ធ្វើមគ្គុទេសទេសរណ៍ ឬបុគ្គលិកសណ្ឋាគារទៅធ្វើជាអ្នករត់កង់បី ឬក៏លក់ដូរអនឡាញជាដើមដើម្បីចិញ្ចឹមជីវិត ។
នេះ គឺជាវាសនាមិនទៀងទាត់នៃអ្នកធ្វើការងារឯកជន ខណះដែលការរកស៊ីរបស់ក្រុមហ៊ុន គឺមិនទៀងទាត់ឡើយ ។ ចំណែកការងាររបស់បុគ្គលិកក៏រឹតតែមិនទៀងទាត់ថែមទៀត ព្រោះងាយនឹងត្រូវបាត់បង់ដោយសារការសម្រេចចិត្តរបស់ថៅកែ ដែលអាចនឹងបណ្តាលមកកត្តាជាច្រើនដូចជាការរកស៊ីខាត ឬក៏ការមិនសប្បាយចិត្តក៏មាន ។
ទាំងនេះ គឺផ្ទុយនឹងវាសនារបស់អ្នកធ្វើការងាររដ្ឋដែលមានភាពច្បាស់លាស់ជាង ជាប់ លាប់ជាង និងមិនងាយត្រូវបានគេដេញចោលឡើយ ។ ជាក់ស្តែងដូចជាក្នុងស្ថានភាពកូវីដ ១៩ នៅពេលនេះបុគ្គលិកការងាររដ្ឋមិនត្រូវបានកាត់បន្ថយ ឬបញ្ឈប់ដូចជាបុគ្គលិកនៅតាមក្រុមហ៊ុនឯកជនឡើយ ។ បុគ្គលិករដ្ឋក៏មិនសូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដូចជាបុគ្គលិឯកជនឡើយ ។
ហេតុដូច្នេះហើយ បានជាមួយរយៈពេលចុងក្រោយនេះ នៅពេលដែលរដ្ឋាភិបាលមានការដំឡើងប្រាក់ខែច្រើនដល់បុគ្គលិករដ្ឋនោះ មនុស្សជាច្រើនមានក្តីស្រមៃចង់ធ្វើការងាររដ្ឋជាងការងារឯកជន ។ ដោយសារពេលនេះការររាតត្បាតកូវីដ ១៩ បានធ្វើអោយមនុស្សជាច្រើននៅក្នុងវិស័យឯកជននោះ ការងារររដ្ឋនឹងរឹតតែត្រូវបានផ្តល់តម្លៃថែមទៀតក្នុងសង្គមខ្មែរ ៕
ចែករំលែកព័តមាននេះ