ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​៖ដំណើរការជួសជុលសម្រេចបានច្រើនតែមិនទាន់បើកឲ្យភ្ញៀវចូល

4 ខែ មុន
  • Siem Reap

ខេត្ត​សៀម​រាប ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ក្រុម​អ្នកជំនាញ​ជួសជុល​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត មក​ដល់​ពេល​នេះ​បាន​បញ្ចប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​រួចរាល់​ហើយ ព្រមទាំង​បាន​ជួសជុល​ច្រាំង​ស្រះ​បាន​ចំនួន​ ៥៦ ​ម៉ែត្រ និង​បញ្ចូល​ទឹក​ក្នុង​ស្រះ​ចំនួន ​៦០០០០​…

ខេត្ត​សៀម​រាប ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ក្រុម​អ្នកជំនាញ​ជួសជុល​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត មក​ដល់​ពេល​នេះ​បាន​បញ្ចប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​រួចរាល់​ហើយ ព្រមទាំង​បាន​ជួសជុល​ច្រាំង​ស្រះ​បាន​ចំនួន​ ៥៦ ​ម៉ែត្រ និង​បញ្ចូល​ទឹក​ក្នុង​ស្រះ​ចំនួន ​៦០០០០​ ម៉ែត្រគូប​។ ទោះជា​យ៉ាងនេះ​ក្តី ទី​នេះ​នៅ​តែ​បន្ត​បិទ​ស្បៃ​ខ្មៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ ភ្ញៀវ​ទេសចរ​ចូល​ទៅ​ផ្តិត​រូបភាព​ប្រាសាទអង្គរវត្ត​ ពី​ស្រះ​នេះ​នៅឡើយ ព្រោះ​គម្រោង​ជួសជុល​និង​លើក​តម្លៃ​រចនា​សម្ពន្ធ​ស្រះ​នៅ​តែ​បន្ត អាច​នឹង​រួចរាល់​ទាំងស្រុង​នៅ ២ ឆ្នាំ​ក្រោយ​ឯនោះ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ថា តាម​រយៈ​លោក ស្រ៊ុ​ន តិច បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​រចនា​សម្ពន្ធ​ស្រះ​ខាងជើង ថ្លែង​ថា ការងារ​ទាំងនេះ​បាន​ចាប់ផ្តើម​កិច្ចការ​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៨ និង​អនុវត្ត​ការ​ជួសជុល​នៅ​ឆ្នាំ ២០២០ ។ បច្ចុប្បន្ន​មិន​ទាន់​បើក​ឱ្យ​ភ្ញៀវ​ចូល​ផ្តិត​រូបភាព​ទេ ព្រោះ​រចនា​សម្ពន្ធ​ស្រះ​ខាងជើង​ខូចខាត​ខ្លាំង មិន​ទាន់​ជួសជុល​រួចរាល់​ទាំងស្រុង​។ ស្រប​នឹង​ពេល​នេះ ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ក៏​មិន​មាន​ភ្ញៀវ​មក​ទស្សនា​ដែរ​។ ម្យ៉ាងវិញទៀត ក៏​ទុក​ឱកាស ឱ្យ​អ្នកជំនាញ​ស្រាវជ្រាវ និង​អ្នក​ជួសជុល​ងាយស្រួល​បំពេញការងារ​បាន​ល្អ​ផង​។

នា​ឆ្នាំ ២០២១ នេះ អាជ្ញាធរ​ជាតិ​អប្សរា​នៅ​សល់​កាំជណ្តើរ​ស្រះ ៣ ជ្រុង​ទៀត ដែល​ត្រូវ​ពង្រឹង​និង​កំពុង​តែ​កំណាយ មើល​ស្ថានភាព​ខូចខាត​ជាក់ស្តែង ដើម្បី​លើក​គម្រោង​ជួសជុល​បន្ថែមចំនួន ៦៥ ម៉ែត្រ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ​២ ឆ្នាំ​ទៀត តែបើ​ជួបនឹង​ករណី​ស្រាវជ្រាវ វា​នឹង​អាច​ពន្យារពេល​យូរ​ជាង​នេះ​។ រចនា​សម្ពន្ធ​ស្រះ​ខាងជើង​ខូចខាត​ទ្រុឌទ្រោម ដោយសារ​ថ្មភក់​មាន​ប្រតិកម្ម​ខ្លាំង​នឹង​កម្តៅថ្ងៃ ជាមួយនឹង​ទឹក​ធ្វើ​ឱ្យ​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​ងាយ​សឹក​រិច​រិល ងាយ​នឹង​បាក់បែក ហើយ​កន្លែង​ខ្លះ​បាត់​ថ្ម ដែល​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះ​។ ដូច្នេះ​ក្រុមការងារ​ត្រូវការ​សិក្សា​ស្រាវជ្រាវ ពី​វិធីសាស្ត្រ​ពង្រឹង ការ​បិទ​ចន្លោះ​ប្រហោង​យ៉ាងម៉េច​ដើម្បី​កុំឱ្យ​វា​ច្រោះ​ទៀត​។

លោក ស្រ៊ុ​ន តិច បញ្ជាក់​ថា «​ការ​អភិរក្ស​សំណង់​បុរាណ យើង​អត់​អាច​កំណត់​បាន​ដូច​សំណង់​សម័យ​ទំនើប​ទេ យើង​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​កុំឱ្យ​បាត់បង់​នូវ​ទម្រង់​ដើម​របស់​ស្រះ​។ យើង​មិន​អាច​ធ្វើ​លឿន​ពេក ដោយ​មិន​គិតគូរ​អំពី​កិច្ចការ​ស្រាវជ្រាវ បច្ចេកទេស​បុរាណ វិស្វកម្ម​បុរាណ ការ​ប្រើប្រាស់​វត្ថុធាតុដើម​នោះ​ឡើយ​។ ដូច្នេះ​មុន​នឹង​យើង​ធ្វើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ យើង​ត្រូវ​កំណាយ​បើក​ដី​មើល​ឱ្យ​អស់ពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ រួច​សិក្សា​ប្លង់ តើ​ត្រូវ​រៀប​ម៉េច​ឱ្យ​ដូច​ទម្រង់​ដើម ដែល​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​មិន​អាច​កែប្រែ​វា​បាន​ទេ​»​។

ចំពោះ​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ក៏​ធ្លាប់​មាន​ប្រវត្តិ​ជួសជុល​កាលពី​ឆ្នាំ​១៩២២ ដោយ​លោក ហង់​រី ម៉ាក​ហ្សា​ល់​។ គាត់​បាន​រៀប​ផ្នែក​ខាងជើង​ម្តង​រួច​មក​ហើយ ដោយ​លោក​បាន​កែ​លម្អ​លើក​ថ្ម​ឱ្យ​មាន​ទម្រង់​ចេញ​ជា​រូបរាង​ស្រះ​៕