ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជម្រើសជាតិ គ្រូ​បង្វឹក និង​មន្ត្រី​កីឡា​ជាង​១​ពាន់​នាក់តម្រូវ​​ឱ្យ​ចាក់​វ៉ាក់​សាំង​មុន​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​កំពុង​ចាប់អារម្មណ៍​នឹង​ព្រឹត្តិ​ការណ៍​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​យ៉ាង​ខ្លាំង ខណៈ​អ្នក​ដែល​បាន​ចាក់​មុនគេ​ហាក់ដូចជា​បាន​​រួច​ផុត​ពី​គ្រោះថ្នាក់ នៃ​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​។ អ្នកខ្លះ​អន្ទះសារ​ចង់ឱ្យ​ដល់​វេន​របស់​ខ្លួន​ឆាប់​ៗ​ផង​ដែរ ដោយសារ​តែ​កូ​វី​ដ​-១៩ នៅ​តែ​បង្ក​ផល​ប៉ះ​ពាល់ និង​ការ​ភ័យ​ខ្លាច​ដដែល ។…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​កំពុង​ចាប់អារម្មណ៍​នឹង​ព្រឹត្តិ​ការណ៍​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​យ៉ាង​ខ្លាំង ខណៈ​អ្នក​ដែល​បាន​ចាក់​មុនគេ​ហាក់ដូចជា​បាន​​រួច​ផុត​ពី​គ្រោះថ្នាក់ នៃ​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​។

អ្នកខ្លះ​អន្ទះសារ​ចង់ឱ្យ​ដល់​វេន​របស់​ខ្លួន​ឆាប់​ៗ​ផង​ដែរ ដោយសារ​តែ​កូ​វី​ដ​-១៩ នៅ​តែ​បង្ក​ផល​ប៉ះ​ពាល់ និង​ការ​ភ័យ​ខ្លាច​ដដែល ។ ដូច្នេះ​ហើយ​ទើប​កីឡាករ កីឡាការិនី​ជម្រើសជាតិ គ្រូបង្វឹក និង​មន្ត្រី​កីឡា​មិន​តិច​នាក់​ទេ មាន​អារម្មណ៍​សប្បាយចិត្ត​មិន​ខុស​គ្នា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ពួក​គេ​ត្រូវ​កំណត់​ឱ្យ​ចាក់​វ៉ាក់សាំង​ការពារ​មុនគេ ដែល​ក្នុង​ពេល​នេះ គឺ​កំពុង​តែ​តម្រូវ​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ការពារ​នោះ​។

យោង​តាម​ការ​បញ្ជាក់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​រួច​ហើយ ចំពោះ​សំណើសុំ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ សម្រាប់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ គ្រូបង្វឹក និង​មន្ត្រី​កីឡា​រហូត​ដល់​ជាង​១​ពាន់​នាក់ ដោយ​កីឡាករ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ត្រូវ​ឱ្យ​ចាក់​បន្តបន្ទាប់​គ្នា​ចាប់ពី​ពេល​នេះ​តទៅ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ជុំវិញ​ការ​លើក​ឡើង​ថា​តើ​ក្រុម​កីឡាករ​ពេល​ណា​ទើបបាន​ដល់​វេន​។

លោក​បាន​ថ្លែង​ដដែល​ជា​ដដែល​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ទទួល​គោល​ការណ៍​រួច​ស្រេច​អស់ហើយ ដោយពេល​នេះ ក្រុម​គ្រូពេទ្យ​របស់​ក្រសួងការពារជាតិ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ទៀ បាញ់ នឹង​រៀបចំ​ផែនការ​ចាក់​ជូន​កីឡាករ និង​មន្ត្រី​កីឡា​ជា​អាទិភាព​។ យ៉ាងណាមិញ ចំនួន​ដែល​ត្រូវ​ចាក់​ក្នុង​មួយ​ថ្ងៃ​ៗ ក៏​ដូច​ជាទី​តាំង​ចាក់ គឺ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ តែ​គោលការណ៍​ទាំងស្រុង គឺ​ស្ថិត​ក្នុង​ការ​ចាត់ចែង​ទាំងស្រុង​។

លោក​អគ្គលេខាធិការ NOCC ក៏​ដូច​ជា CAMSOC បាន​បញ្ជាក់​ទៀត​ថា ការ​ចាក់​នៅ​តែ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​របស់​អត្ត​ព​លិ​ក និង​មន្ត្រី​កីឡា​ដែល​ពាក់ព័ន្ធ ដោយ​មិន​មានការ​បង្ខិតបង្ខំ​នោះ​ឡើយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក វ៉ា​ត់ ចំរើន បង្ហាញ​នូវ​ក្តី​កង្វល់​ថា កីឡាករ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង អាច​មាន​បញ្ហា​ប្រឈម​ពេល​ចេញ​ទៅ​ប្រកួត ឬ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នា​ពាក់កណ្តាល ឬ​ចុងឆ្នាំ​២០២១​នេះ ទើប​រាជរដ្ឋាភិបាល​ត្រូវ​តែ​មានការ​គិតគូរ​ជា​អាទិភាព ។

លោក​បាន​ពន្យល់​ថា​៖ «​យើង​ខ្លាច​ប្រទេស​ទាំងអស់​ដាក់​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អត្ត​ព​លិ​ក ឬ​ប្រតិភូ​កីឡា​ត្រូវ​មានការ​បញ្ជាក់ ឬ​សៀវភៅ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​។ ជា​ទូទៅ​កីឡាករ​ទាំងអស់​សុទ្ធតែ​មាន​សុខភាព​ល្អ ប្រហែលជា​មិន​មាន​អ្នក​ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាក់​នោះ​ឡើយ​»​។

លោក​បន្ត​ថា កីឡាករ​ទាំងអស់​ត្រូវ​តែ​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ឱ្យ​បាន​ឆាប់​បំផុត ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​កីឡាករ​ជម្រើសជាតិ និង​មន្ត្រី​មួយ​ចំនួន សុទ្ធ​តែ​ត្រូវ​​ត្រៀមខ្លួន​ចេញដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ដោយនៅ​ខែកក្កដា ត្រូវ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក និង​ខែវិច្ឆិកា​ត្រូវ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ដែល​ពួក​គាត់​គឺ​សុទ្ធតែ​ត្រូវ​ប្រឈម​ទាំងអស់ ។

លោក​បន្ត​ថា ដើម្បី​ត្រៀម​ប្រកួត យើង​នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​កីឡាករ កីឡាការិនី​ឱ្យ​បាន​រួចរាល់​សិន ទើប​អាច​ឱ្យ​ពួក​គាត់​មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង នៅ​ក្នុង​ការ​ប្រកួត ដោយ​គិតតែ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត និង​ដើម្បី​ឱ្យ​កីឡាករ​ទាំងនោះ កាន់តែ​មាន​ទំនុកចិត្ត​សម្រាប់​ការ​ប្រកួត​ដណ្ដើម​មេដាយ​ជូន​ជាតិ​។

លោក​ក៏​ទទូច​ឱ្យ​កីឡាករ​ទាំងអស់​ថែរក្សា​សុខភាព​ផង​ដែរ ដោយ​មិនមែន​គ្រាន់តែ​បង្ការ​ជំងឺ
កូ​វី​ដ​-១៩​ហើយ​ចុង​ក្រោយ​ក៏​បណ្ដែតបណ្ដោយ​ខ្លួន​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ