ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើនការរឹតបន្តឹង តាមពេទ្យ និងមណ្ឌលចត្តាឡីស័ក!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងប៉ូលិស​ ត្រូវ​បានបង្កើនការប្រុងប្រយ័ត្ន ការពារ និងយាមប្រចាំការ​ ដោយបន្ថែម​កម្លាំងផង​ និងបន្ថែម​ឧបករណ៍ជាច្រើន​ផង ដូចជា ដំបងឆក់​…

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងប៉ូលិស​ ត្រូវ​បានបង្កើនការប្រុងប្រយ័ត្ន ការពារ និងយាមប្រចាំការ​ ដោយបន្ថែម​កម្លាំងផង​ និងបន្ថែម​ឧបករណ៍ជាច្រើន​ផង ដូចជា ដំបងឆក់​ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និង​ស្រោមដៃ។ ឧបករណ៍​សម្រាប់​បង្ក្រាបជនល្មើសទាំងនេះ សម្រាប់​ក្រុមប៉ូលិស ដែលកំពុង​ឈរជើង ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅតាមគោលដៅព្យាបាលអ្នកជំងឺកូវីដ១៩​ និង​មណ្ឌលចត្តាឡីស័ក​ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ​។​

កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ នៅស្នងការ ដ្ឋាននគរបាល​​​រាជធានី​ភ្នំពេញ​ ដើម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំងប្រចាំការ តាមគោល​ដៅព្យាបាល និងគោលដៅ កំពុងធ្វើចត្តាឡីស័ក ជាពិសេសកងកម្លាំង ទាំងអស់ ត្រូវតែបំពេញតួនាទី​ភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឹងម៉ាត់ តាមបទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អ នៅតាមគ្រប់ទីតាំងទាំងអស់។

ម្យ៉ាងវិញទៀត លោកស្នងការ ក៏បានណែនាំដល់​កម្លាំងទាំងអស់ ដែលប្រចាំការតាម គោលដៅ ត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ បើក្នុងករណី មានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់ វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហា នឹងចាប់​បញ្ជូន​ទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំ បណ្តេញ​ចេញពីប្រទេសកម្ពុជា​។​

​ដោយឡែក កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍ពិសេស ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី​ តឹង​ សុធី​ ស្នងការរង​នគរបាលរាជធានីភ្នំពេញ​ បាននាំ​យក​ដំបងឆក់​ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និងស្រោមដៃ ​ចែកជូនតាម​បណ្តាគោលដៅចត្តាឡីស័ក​ ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់ តាមគ្រប់ទីតាំងចត្តាឡីស័ក។

រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញលិខិត​ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ជម្រាបជូន​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងជម្រាបជូន​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ១៩ ក្នុងកម្មវត្ថុ ករណីស្នើសុំ​គោលការណ៍ អនុវត្តច្បាប់ចំពោះ​បុគ្គល​មិនអនុវត្តតាម​វិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេះ មិនព្រមចូល​ព្យាបាល ឬមិនសហការផ្តល់​ការសម្ភាសន៍ និងទីតាំង​ ដែលមិន សហការផ្តល់​ព័ត៌មានស្រាវជ្រាវ និងទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែម លើអនុក្រឹត្យ លេខ២៧ ស្តីពី​ ការធ្វើចត្តាឡីស័ក​។​

ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងក្នុងលិខិត ដែលគេផ្សព្វផ្សាយនៅរសៀល​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា ដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារទប់ស្កាត់​ការរីក​រាល​ដាល​នៃជំងឺកូវីដ១៩ ក្នុងសហគមន៍​ រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍​ឲ្យ​អនុវត្តនូវវិធាន​ការច្បាប់ បន្ថែម ចំពោះបុគ្គល និងទីតាំង ដែល​មិនសហការ នូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១-ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាម​ចូលប្រទេសសាជាថ្មី។ ២-ចំពោះ ជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ៣-ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

វិធានការ​អនុវត្តផ្ទាល់​របស់កងកម្លាំងប្រដាប់អាវុធ ប្រចាំការយាម​ល្បាត នៅទីតាំង​ព្យាបាល​អ្នកជំងឺកូវីដ១៩ ក៏ដូចជា កន្លែងធ្វើចត្តាឡីស័ក ដោយប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅពេលនេះ បានធ្វើឡើង ខណៈដែល​អ្នកទៅធ្វើតេស្ត និងអ្នកធ្វើចត្តាឡីស័ក ដោយសារ​តែពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ សម្រុកទៅកាន់តែ​ច្រើន​ ហើយអ្នកជំងឺកូវីដ ក៏បានរកឃើញ​​​កើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ​។

មកដល់ថ្ងៃទី២៦កុម្ភៈ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កើនឡើងដល់ចំនួន ២៣៤នាក់​។ រីឯនៅទូទាំងប្រទេស មានអ្នកឆ្លងកូវិដ១៩ សរុប ៧៤១នាក់។ ក្នុងនោះ ជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ២៦២នាក់។ ដោយឡែក ព្រឹត្តិ​​​​ការណ៍​​​​​​ឆ្លង​​​សហគមន៍ ថ្ងៃ​​​២០​​កុម្ភៈ គិតមកដល់ថ្ងៃទី២៦កុម្ភៈនេះ​​ មាន​​អ្នក​ឆ្ល​ង​ជំងឺ​កូវីដ​១៩ កើនឡើង​​ដល់​ ២៣៤នាក់ហើយ​។

មកដល់ថ្ងៃទី២៦កុម្ភៈ ក្រសួងសុខាភិបាល ក៏បានប្រកាសថា នៅមាន​អ្នកជំងឺ​កូវីដ​១៩ ចំនួន ២នាក់​ ដែលក្រុមគ្រូ​ពេទ្យ កំពុងតាម​រក ​​មិនទាន់ឃើញ ដើម្បីនាំមក​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​​​។

​វិធានការថ្មីខាងលើនេះ ក៏​ដើម្បីធានាថា មិនមានអ្នករត់គេច​ ហើយក៏ជា​វិធានការ​ម៉ឹង​ម៉ាត់ ដើម្បី​ធានាថា មិនអនុញ្ញាត​ឲ្យ​នរណាម្នាក់ មិនថា អ្នកជំងឺកូវីដ ឬក៏អ្នកកំពុង​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ អាចរត់ចេញពីមន្ទីរពេទ្យ ឬកន្លែង​ធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារ មណ្ឌលចត្តាឡីស័ក ឬក៏សូម្បីការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដូចជា នៅ​តាមផ្ទះ​ ភោជនីយដ្ឋាន ខារ៉ាអូខេ នោះឡើយ។​

ក៏ដូចគ្នាដែរ រាជរដ្ឋាភិបាល ក៏បានសម្រេច​​ឲ្យបណ្តេញចេញពីប្រទេស​កម្ពុជា និងហាម​ឃាត់​ឈប់ឲ្យចូល​​កម្ពុជា ចំពោះជនបរទេស ដែលគេចវេះ និងរត់គេច​ ហើយ​បើជាជន​ជាតិខ្មែរ ត្រូវចាប់ពិន័យ​ និងអនុវត្តច្បាប់ថែមទៀតផង។ ទាំងនេះ ​ជាវិធានការតឹងរឹង​ថ្មីមួយ​ទៀត ដើម្បី​កុំ​ឲ្យ​មានអ្នក​ល្មើស​ ហើយក៏​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ កុំ​ឲ្យមានអ្នក​គេចវេះ និង​រត់​​គេចពី​​កន្លែង​​ព្យាបាល ឬក៏​កន្លែង​ធ្វើចត្តាឡីស័ក​ណាក៏ដោយ​។​

ក្នុងអំឡុងកើតមានព្រឹត្តិការណ៍ឆ្លងសហគមន៍​ថ្ងៃ២០កុម្ភៈនេះ ដំបូងឡើយ កាលពីថ្ងៃ ទី២២កុម្ភៈ​ មានអ្នកធ្វើតេស្តរកឃើញ​កូវីដ១៩ ជាជនជាតិចិនម្នាក់ និងខ្មែរម្នាក់ មិនព្រម​ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​។ តែមួយថ្ងៃ ក្រោយមក ក្រសួងសុខាភិបាល ប្រកាសថា បានសម្របសម្រួល​ យកអ្នកទាំងពីរ ទៅដា​ក់នៅកន្លែង​ព្យាបាលហើយ។

ក្នុងពេលដំណាលគ្នានោះ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ក្រសួងសុខាភិបាល ក៏បានប្រកាសជាថ្មីទៀត​ថា មានអ្នកវិជ្ជមានកូវីដ១៩ ក្រោយធ្វើតេស្តរួច ៣នាក់ គេចវេះ ដោយក្រុមការងារពេទ្យយើង មិនអាចទាក់ទងបាន ដើម្បីនាំ​ទៅសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលថា រកឃើញម្នាក់​ហើយ នៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ​។​

ករណីអ្នកជំងឺកូវីដ១៩ គេចវេះនេះ ជាបញ្ហា​ ដែលអាចនាំឲ្យមានហានិភ័យ​កាន់តែធ្ងន់ធ្ងរ​ក្នុងការចម្លង​កូវីដ១៩ ពីម្នាក់ ទៅច្រើននាក់ ហើយ​បើនៅតែកើតមានអ្នក​រត់គេចដូច្នេះ នោះមិនដឹងពេលណា ទើបអាចទប់ស្កាត់ និង​កាត់ផ្តាច់ការឆ្លងក្នុង​សហគមន៍ឡើយ​។​

 ការគេចវេះ ក្រោយការ​ធ្វើតេស្តរកកូវីដ១៩នេះ អាច​ដោយ​សារតែ​ការអនុញ្ញាត​ឲ្យ​អ្នក​ទៅ​ធ្វើតេស្ត​ ធ្វើដំណើរ​ដោយខ្លួនឯង ដោយសេរី ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅ​តាមផ្ទះ ឬកន្លែងស្នាក់​រៀងៗខ្លួន ដែលមានហានិភ័យមួយហើយ ក្នុងការធ្វើដំណើរ។ តែដល់ពេល​ធ្វើតេស្តរួច ទោះជាបុគ្គលនោះ បន្តដំណើរ​ដើរពាសណាពាសណី ក៏គ្មាន​នរណាហាមឃាត់ ហើយ​គាត់​មិនវិលទៅផ្ទះ ឬកន្លែងគាត់ស្នាក់​វិញ ក៏មិន​មាន​នរណាដឹង​។ នេះក៏ជាបញ្ហា ដាច់ដោយឡែកមួយទៀត​។

ការដាក់ពង្រាយគ្រូពេទ្យ ចុះ​ទៅធ្វើតេស្តដល់កន្លែងគាត់​ស្នាក់​នៅ​ ដូចករណីនៅ​កោះពេជ្រ គឺជាការអនុវត្ត​​ល្អ ដែល​គួរបន្តអនុវត្តដូច្នេះ ព្រោះបានកាត់បន្ថយហានិភ័យ​នៃការឆ្លងរាលដាលកូវីដ ក្នុងពេលធ្វើដំណើរ ចេញពីកន្លែងស្នាក់ ចេញពីផ្ទះ ទៅធ្វើតេស្តបានផង ហើយក៏​ដើម្បីធានាថា អ្នកទៅធ្វើតេស្ត ទាំងនោះ មិនគេច​ចេញទៅណា ក្នុងពេលដែលតំបន់ ដែលពួកគាត់រស់នៅ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​ឆ្លងសហគមន៍​២០កុម្ភៈ ក៏ត្រូវបានបិទជាបណ្តោះអាសន្ន លែង​ឲ្យមាន​ការចេញ​ចូល ហើយប៉ូលិស​កងកម្លាំងប្រដាប់អាវុធ​ ក៏ដាក់ពង្រាយ​នៅយាម​ជាប្រចាំផង​​។

​​កងកម្លាំង​សមត្ថកិច្ច បានប្រឹងប្រែង​យាម​ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោងហើយ នៅតាមកន្លែងព្យាបាល និងនៅតាមកន្លែងធ្វើចត្តាឡីស័ក រួមទាំង​រាជរដ្ឋាភិបាល ក៏បានចេញ​វិធានការ​បន្ទាន់ម៉ឹងម៉ាត់ ​ចំពោះ​អ្នកគេចវេះ មិនសហការ ដោយមាន​ទាំងការបណ្តេញចេញ​ពីកម្ពុជាថែមទៀត។ ប៉ុន្តែ​បើសិនជា​មិនមានវិធានការ​​ឲ្យ​ប្រាកដថា បុគ្គលសង្ស័យ​នោះ ពិតជាវិលត្រឡប់​ទៅផ្ទះ ឬទៅកន្លែងស្នាក់វិញ ក្រោយ​ចេញ​ពីកន្លែង​ធ្វើតេស្តរករោគកូវីដ នោះ​យើងនៅតែ​មានករណី​ចេញលទ្ធផលមកហើយ បែរជារកអ្នកជំងឺ​​មិនឃើញ។ នេះ​នៅតែ​ជាហានិភ័យ​ខ្ពស់​ ក្នុងការបន្តឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​​​ នៅក្នុងប្រទេសយើង​។

ដូច្នេះបើអាច គួរតែ​រៀបចំ​កន្លែង​ប្រមូលផ្តុំណាមួយធំ សម្រាប់​ក្រុមអ្នកធ្វើតេស្តស្នាក់នៅ ធ្វើចត្តាឡីស័ក ក្នុងពេលរង់ចាំលទ្ធផល។ ឬក៏​បង្កើតក្រុមការងារ ចុះធ្វើតេស្ត យកសំណាក​​​ដល់​ផ្ទះ ដល់កន្លែងស្នាក់​នៅ ដល់កន្លែងធ្វើចត្តាឡីស័ក​។

បើគ្មានក្រុមការងារពេទ្យគ្រប់គ្រាន់ ដើម្បីចុះ​ទៅធ្វើតេស្តដល់ទីកន្លែងធ្វើចត្តាឡីស័កទេ ក៏គួរតែមានឡាន​ក្រុង ដឹកជញ្ជូន​ក្រុមអ្នកត្រូវ​ធ្វើតេស្ត ពី​កន្លែងស្នាក់ ពីសណ្ឋាគារ ឬពីផ្ទះ ទៅធ្វើតេស្ត ហើយជូនពួកគាត់ត្រឡប់មកវិញ ដូចករណីក្រសួងសុខាភិបាល រៀបចំឡានក្រុង​ សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរតាមយន្តហោះ ពីព្រលា​នយន្តហោះ ទៅកន្លែងធ្វើចត្តាឡីស័ក​ ក្នុងពេលកន្លងមក​។

ករណី​អ្នកស្ម័គ្រចិត្ត ទៅធ្វើតេស្តរកកូវីដ នៅតាមមន្ទីរពេទ្យ និងតាមកន្លែង​ធ្វើតេស្តនានា​ ក៏គួរ​តែ​ធ្វើតេស្តរួច ឲ្យ​អ្នកទាំងនោះ ស្នាក់នៅ ១កន្លែង ដើម្បីប្រាកដ​ថា អ្នកនោះ មិនគេច រត់ទៅណា ក្រោយចេញលទ្ធផល។ លទ្ធផលធ្វើតេស្តរកកូវីដ ក៏គួរតែចេញ​ឲ្យឆាប់​ជាងសព្វថ្ងៃ​។

​រាជរដ្ឋាភិបាល ទើបចេញវិធានការថ្មី ថាបើជនបរទេស គេចវេះ ត្រូវបណ្តេញ​ចេញពី​កម្ពុជាក៏ដោយ តែបើរកអ្នករត់គេចនោះ មិនឃើញ ក៏មិនដឹងបណ្តេញនរណាចេញយ៉ាង ម៉េចកើត! ហើយបើអ្នករត់គេចនោះ កើតជំងឺកូវីដទៀត នោះទម្រាំតែរកឃើញ មិនដើរ​ចម្លង​គេឯង​ប៉ុន្មាននាក់រួចបាត់ទៅហើយ​។​

បើសិនជា​អនុវត្តនូវ​វិធានការបន្ថែម​ទាំង​ប៉ុន្មាន​ខាង​លើ​បាន​ នោះ​យើងពិតជា​អាច​កាន់​តែ​​​ប្រាកដ​​ថា​ ​ចេញ​លទ្ធផលតេស្ត​មក រកឃើញមនុស្សតែម្តង ហើយបើសូម្បីតែ​លទ្ធផល​​អវិជ្ជមាន ក៏យើង​មាន​​មនុស្ស នៅធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់​គ្រប់ ១៤ថ្ងៃ​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​ដែរ៕​