ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ សុខ គឹមសេង នៅប៉ៃលិន ដាំគូឆាយផង ចិញ្ចឹមបង្កងផង

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន៖ មានអាយុ ៣០ឆ្នាំ កសិករ សុខ គឹមសេង បាន​ប្រកបរបរ ដាំបន្លែគូឆាយ និងចិញ្ចឹមបង្កង ដែលទទួលបានប្រាក់ចំណូល​…

ប៉ៃលិន៖ មានអាយុ ៣០ឆ្នាំ កសិករ សុខ គឹមសេង បាន​ប្រកបរបរ ដាំបន្លែគូឆាយ និងចិញ្ចឹមបង្កង ដែលទទួលបានប្រាក់ចំណូល​ ផ្គត់ផ្គង់​ជីវភាពគ្រួសារ​បានប្រសើរ។​​

គូឆាយរបស់​លោក សុខ គឹមសេង មានជាង ២០រង នៅក្បែរផ្ទះ។ គូឆាយទាំងនេះ អាច​កាត់លក់ឱ្យម៉ូយស្ទើរតែរៀងរាល់ថ្ងៃ។

គូឆាយ ជាបន្លែ​មួយប្រភេទ សម្រាប់​ធ្វើម្ហូបអាហារ ដើម្បី​ឆាតៅហ៊ូ លាយសណ្តែក​បណ្តុះ និងធ្វើនំគូឆាយ លក់ដូរនៅក្នុងផ្សារសាមគ្គី ហៅ ប៉ាហ៊ី ផងដែរ​។

លើសពីនេះ លោក សុខ គឹមសេង បាន​ចិញ្ចឹមបង្កង​ ដើម្បីបង្កាត់ពូជលក់ បានប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ​។ បុរសកសិករវ័យក្មេងនេះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

លោក សុខ គឹមសេង ​បានប្រកបមុខរបរដាំដើមគូឆាយនេះ អស់រយ:ពេលជាច្រើន​ឆ្នាំមកហើយ ដែលមានជាង ២០រង ដាក់ទុយោបូមទឹកស្រោច ជារៀងរាល់ថ្ងៃ ជាពិសេសពេលរដូវ​ប្រាំង មិន​មានភ្លៀងធ្លាក់។

លោក សុខ គឹមសេង បន្ថែមថា បន្លែគូឆាយនេះ មិនសូវមានអ្នកដាំប៉ុន្មានទេ នៅក្នុងក្រុងប៉ៃលិន។ ក្រៅពីជាបន្លែ ដែលអាចយកទៅឆាជាមួយតៅហ៊ូលាយ សណ្តែកបណ្តុះ ធ្វើនំគូឆាយ គឺ​គូឆាយ​ ក៏អាចយកទៅធ្វើជាឱសថ សម្រាប់លាបពោះក្មេង ពេលហើមចុកឆ្អល់ផងដែរ​។ ​

បន្លែគូឆាយ​របស់កសិករ សុខ គឹមសេង លក់ដាច់ខ្លាំង ជាហូរហែ នៅរដូវបុណ្យទាន ដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដូវភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំចិន ជាដើម។ ពោលគឺឈ្មួញសម្រុកទិញ ក្នុង ១គីឡូក្រាម លក់បានថ្លៃ ៤០០០រៀល ទៅ ៥០០០រៀល​។

ចំពោះការដាំដើមគូឆាយនេះ ត្រូវបានលោក សុខ គឹមសេង លើកឡើងថា ជាការងាយ​ស្រួលបំផុត គឺមិនចេះផុតរលត់នោះឡើយ ពេលកាត់ដើមចាស់អស់ ដើមថ្មី លូតលាស់​ចេញមកជាបន្តបន្ទាប់ ហើយក៏កាត់លក់បន្តទៀត ដោយមិនមានការដាំសា​ថ្មីនោះទេ​។

លោក គឹមសេង មិនត្រឹមតែដាំបន្លែគូឆាយមួយមុខប៉ុណ្ណោះទេ គឺមាន​ចិញ្ចឹមបង្កង សម្រាប់​បង្កាត់ពូជ លក់ឱ្យប្រជាពលរដ្ឋទិញយកទៅចិញ្ចឹមបន្ត​ ព្រមទាំងបង្កើតមុខរបរ​ឱ្យប្រពន្ធ​បោកអ៊ុតសម្លៀកបំពាក់​ថែមទៀតផង៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ