រាជធានីភ្នំពេញ ៖ ក្នុងនាមជារៀមច្បងមួយរូប នាង ប៉ុប ពី បានប្រើពាក្យណែនាំមួយចំនួនក្នុងន័យលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីកញ្ញាឯកភេទទី៣ ក្នុងការបន្តដំណើររបស់ខ្លួននៅលើវិថីសិល្បះដោយភាពអត់ធ្មត់ ដូចដែលខ្លួនបានធ្លាប់ពើបប្រទះកន្លងមក មុននឹងឈានដល់ចំណុចជោគជ័យនាពេលនេះ។
ក្នុងនាមជាកញ្ញាឯកភេទទី៣លើកដំបូង ប៉ុប ពី បានបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពដែលនាងបានផ្តល់កិត្តិយសបំពាក់ឈៀងឲ្យម្ចាស់ជ័យលាភីបវរកញ្ញាភេទី៣ដែលបានរកឃើញនៅក្នុងការប្រកួតប្រជែងកាលពីពេលថ្មីៗនេះថា វិថីមួយនេះបងធ្លាប់ឆ្លងកាត់ច្រើនហើយ អ្វីដែលសំខាន់ ត្រូវតែជាបុគ្គលគំរូដល់ប្អូនៗជំនាន់ក្រោយហើយធ្វើខ្លួនអោយថ្លៃថ្នូរមិនបង្ករបញ្ហារដល់សង្គមនឹងក្រុមគ្រួសារ ជូនពរប្អូនអោយមានឆន្ទៈមុះមុតនូវអ្វីដែលប្អូនដើរលើវិថីជិវិតមួយនេះ។
ប៉ុប ពី បញ្ជាក់ថា សមត្ថភាពនឹងសម្រស់ជាពិសេសចរិកនឹងចំណេះដឹងសង្គមគឺជាវិថីឆ្ពោះរកគោលដៅ យើងមិនអាចរកកន្លែងកើតនឹងដឹងភេទអ្វីឡើយ តែយើងគួរតែរីករាយជាមួយនឹងការពិត។ ទោះជាយ៉ាង ប៉ុប ពី ក៏បានបង្ហាញក្តីរំពឹងទុកដែរថា បេក្ខភាពកញ្ញាឯកភេទទី៣ ដែលទើបតែទទួលបានជ័យលាភីនាពេលនេះនឹងទទួលបានជោគជ័យនៅក្នុងអាជីពសិល្បះរបស់ខ្លួន ហើយហ៊ានជម្នះនូវគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដូចទៅនឹងអ្វីដែលនាងធ្លាប់ឆ្លងកាត់ទម្រាំឈានមកចំណុចមួយនេះ។
ប៉ុប ពី ធ្លាប់បានលើកឡើងថា ដំបូងពេលទៅដល់ទីកន្លែងណា គឺតែងមានគេហៅ អាខ្ទើយ! ប្រុសមិនប្រុស ស្រីមិនស្រី ធ្វើឲ្យនាងមានការឈឺចាប់ តែនាងក៏អរគុណ នៅពេលពួកទាំងនោះមើលងាយនិងរិះគន់ ហើយទាំងអស់នេះបានក្លាយជាកម្លាំងចិត្តធ្វើឲ្យនាងខ្លាំង និងតស៊ូរហូតដល់ថ្ងៃនេះ។
គួរបញ្ជាក់ថា ការប្រកួតបវរកញ្ញាភេទទី៣ ឬMiss Queen Cambodia នៅកម្ពុជាលើកដំបូងបានបិទបញ្ចប់កាលពីពេលថ្មីៗ នេះ ក្រោយកម្មវិធីបានដំណើរការមកអស់រយៈយូរ ក្រោយរកឃើញម្ចាស់ជយលាភីសម្រាប់កម្មវិធីឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះកម្មវិធីប្រកួតកញ្ញាឯកភេទទី៣នេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់បេក្ខភាពភេទទី៣ គ្រប់រូបដែលមានបំណងចង់ប្រកួត ដើម្បីមានឱកាសក្លាយជាកញ្ញាឯកភេទទី៣ តំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញាឯកភេទទី៣ អន្តរជាតិនៅប្រទេសថៃ។
ជ័យលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំង៥រូបមានដូចជាជយលាភី បានទៅលើកញ្ញាឯកភេទទី៣ពាក់ស្លាកលេខ២ ដែលមានឈ្មោះថា SAIFHON ចំណែកជយលាភីរងទី១ គឺកញ្ញា Hani ក្នុងពេលកញ្ញា Anna បានទទួលជយលាភីរងទី២។ ជយលាភីទាំង៥រូបនឹងចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយ ក្រុមហ៊ុន CAMBODIA INTERNATIONAL MODELS រយៈពេល២ឆ្នាំ បូករួមនឹងរង្វាន់ជាច្រើន ពីម្ចាស់ឧបត្ថម្ភកម្មវិធី។
លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួតបានលើកឡើងថា កម្មវិធីនេះ បានប្រព្រឹត្ត ក្នុងបរិយាកាស ទទួលផ្លែផ្កាខ្ពស់ បើទោះជាការរៀបចំបានជួបបញ្ហាជាច្រើនព្រោះតែការផ្ទុះជំងឺកូវីដ១៩ក្ដី ហើយយើងក៏សប្បាយចិត្តដោយការរៀបចំការប្រកួតបវរកញ្ញាភេទទី៣ដំបូងទទួលបានផ្លែផ្កាលើសពីការរំពឹងទុករបស់ខ្លួន ខណះពេលអ្នកឈ្នះក្នុងកម្មវិធីនេះសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់។
លោកបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតបវរកញ្ញាភេទទី៣ លើកទី២ ក្នុងឆ្នាំ២០២១នេះ ត្រៀមនឹងរៀបចំជាថ្មីទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ តាមគម្រោង ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំងអស់ នឹងធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ ប្រពៃណី និង វប្បធម៍ ក្នុងអំឡុងពេលនៃការគ្រងមកុដក្នុងនាមជាជយលាភីបវរកញ្ញាបវរកញ្ញាភេទទី៣កម្ពុជា២០២០៕
ចែករំលែកព័តមាននេះ