ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​មែន​ទេ​! ហេតុ​អ្វី​ទឹក​ចូល​សួត ឬ​ស្រោម​សួត? នេះ​ហើយ​ជា​មូលហេតុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​ជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត ខុស​គ្នា​ឬ​ដូច​គ្នា? លោក​វេជ្ជ បណ្ឌិត ឆ ប៊ុ​ន​ប៉ូ​ល ឯកទេស​ជំងឺ​សួត​នៃ​មន្ទីរ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ តើ​ជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត ខុស​គ្នា​ឬ​ដូច​គ្នា? លោក​វេជ្ជ បណ្ឌិត ឆ ប៊ុ​ន​ប៉ូ​ល ឯកទេស​ជំងឺ​សួត​នៃ​មន្ទីរ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ជំងឺ​ទាំង​ពីរ​នេះ គឺ​ខុស​គ្នា​ស្រឡះ ៖

– ​ករណី​ទឹក​ចូល​សួត បាន​ន័យ​ថា ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល ដោយ​ប្រការ​ណា មួយ ដែល​បណ្តាល​អោយ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​នៅ​ក្នុង​ថង់​ខ្យល់​របស់​សួត ដែល​ធ្វើ​អោយ​យើង​ហត់​ខ្លាំង​។ មូលហេតុ អាច​បណ្តាល​មក​ពី​ខ្យោ​យ​បេះដូង​ដែល​នាំ​អោយ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ គឺ​ធ្វើ​អោយ​ជាតិ​ទឹង​ច្រាល​មក​ក្នុង​សួត ឬ​មូលហេតុ​មួយទៀត​មក​ពី​ខ្យោ​យ​តម្រង​នោម​ខ្លាំង ដែល​មិន​អាច​បញ្ចេញ​ជាតិ​ទឹកបាន​ល្អ ក៏​បណ្តាល​អោយ​ច្រាល​មក​សួត​ដែរ​។

– ​រីឯ​ទឹក​ចូល​ស្រោម​សួត គឺជា​រឿង​មួយ​ដោយឡែក ដែល​មាន​ន័យ​ថា មានការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​ដែល​ព័ទ្ធ​ជុំវិញ​សួត​អាច​ខាងឆ្វេង ឬ​អាច​ខាងស្តាំ ឬ​ក៏​ទាំង​សង្ខាង​ក៏​មាន ដែល​វា​អាច​បណ្តាល​មក​ពី​ការ​រលាក​ស្រោម​សួត​ខ្លួនឯង​ផ្ទាល់ ឬ​មក​ពី​ការ​ខ្យោ​យ​បេះដូង តម្រងនោម ឬ​ក៏​ថ្លើម ទើប​ដែល​បណ្តាល​អោយ​ចាល់​ជាតិ​ទឹក​រហូត​ដល់​ទៅ​ក្នុង​ស្រោម​សួត​។

ខ​) តើ​ការ​ងូតទឹក ជា​ពិសេស​នៅ​ពេល​ក្តៅខ្លួន អាច​បណ្តាល​ឱ្យ​ទឹក​ចូល​សួត ឬ​ក៏​ចូល​ស្រោម​សួត​បាន​ដែរ​ឬទេ?
ករណី​នេះ គឺ​ពុំ​អាច​កើតឡើង​ទេ​។ ការ​យល់​ឃើញ​បែប​នេះ គឺ​ខុស​ទាំងស្រុង ផ្ទុយ​ទៅ​វិញ​ពេល​ក្តៅខ្លួន​ត្រូវ​ព្យាយាម​ងូតទឹក​អោយ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កំ​ដៅ​ក្នុង​ខ្លួន​។

គ​) តើ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​មាន​រោគ​សញ្ញា​ដូច​ម្តេច?

  • ក្អក​ស្ងួត ជា​ពិសេស​នៅ​ពេល​ប្តូរ​ឥរិយា​បទ ដូច​ជា​ក្រោក​ពី​ដេក ឬ​ផ្អៀងខ្លួន​ជាដើម
  • ហត់
  • ឈឺទ្រូង​ផ្នែក​ចំហៀង​ឆ្វេង ឬ​ស្តាំ អាស្រ័យ​ទៅ​លើ​ការ​មានទឹក​ចូល​ស្រោម​សួត​ខាង​នោះ
  • និង​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត អាស្រ័យ​លើ​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ​។

ឃ​) ហេតុ​អ្វី​បាន​មាន​ជំងឺ​ទឹក​ចូល​ស្រោម​សួត?
ជំងឺ​នេះ មាន​មូលហេតុ​បង្ក​ផ្សេង​ៗ ដែល​ភាគច្រើន​គេ​ជួប​ញឹកញាប់​មាន​ដូច​ជា ៖

  • រលាក​ស្រោម​សួត ដោយ​មេរោគ​បាក់តេរី ឬ​របេង​ជាដើម
  • ជំងឺមហារីក​ស្រោម​សួត ឬ​ក៏​មហារីក​សរីរាង្គ​ផ្សេង តែ​វា​រាលដាល​ដល់​ស្រោម​សួត
  • ជំងឺខ្សោយបេះដូង
  • ជំងឺ​ខ្សោយតម្រងនោម
  • ជំងឺ​ក្រិន​ថ្លើម
  • និង​មូលហេតុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

ង​) តើ​ធ្វើ​យ៉ាងណា​ទើប​ដឹង​មូលហេតុ​ទាំងនេះ?
ជា​ទូទៅ​គ្រូពេទ្យ​ធ្វើការ​វិភាគ​តាម​រយៈ​ថត​សួត​ដោយ​កាំរស្មី​អិ​ច ឬ​អេកូ​សួត និង​ជួនកាល​អាច​ធ្វើការ​ស្កេ​ន​សួត​។ ភាគច្រើន​តំរូវ​អោយ​មានការ​បូម​ទឹកស្រោមសួត ដើម្បី​ធ្វើការ​វិភាគ​អម​វេជ្ជ​សា​ស្រ​ផ្សេង​ៗ​។

លោក​វេជ្ជបណ្ឌិត ឆ ប៊ុ​ន​ប៉ូ​ល ឯកទេស​ជំងឺ​សួត​នៃ​មន្ទីរ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ បើ​លោក​អ្នក​មាន​​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោក​អ្នក​អញ្ជើញ​មក​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​ការពិគ្រោះ និង​ព្យាបាល​បាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ