ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ ៖ ទោះជា​ប្រឹង​យំ​ក៏​យំ​មិន​ចេញ សើច​ក៏​សើច​មិន​ចេញ ព្រោះ​ស្វាយកែវ​រមៀត​ថោក​ខ្លាំង​ពេក

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភ​: ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​រអ៊ូរទាំ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​គ្រប់​ៗ​គ្នា ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភ​: ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​រអ៊ូរទាំ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​គ្រប់​ៗ​គ្នា ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ខណ​:​ឈ្មួញ​ដើរ​ទិញ​ផ្លែស្វាយ​នេះ​ក្នុង​តម្លៃ​កាន់តែ​ថោក​ទៅ​ៗ ពោល គឺ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ជាង​ឆ្នាំ​មុន​តែ​ម្តង ។

បុរស​ម្នាក់​ឈ្មោះ ហុ​ក អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ូច សា​ឌី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ចាំចម្ការ​ឱ្យ​ថៅកែ​ម្នាក់​ឈ្មោះ រស្មី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​បាន​ដាំ​ដើម​ស្វាយ អាច​ប្រមូល​ផល​បាន​ជាង​២០០០​ដើម បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ទឹកមុខ​ស្រពោន​ថា ៖ ពេល​នេះ​គាត់​ក៏​ដូច​ជា ម្ចាស់​ចម្ការ ពិតជា​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ពេល​ដែល​ឈ្មួញ​ដើរ​ទិញ​កសិផល​ផ្លែស្វាយ​កែវ​រមៀត ក្នុង​តម្លៃ​ទាប​បំផុត ដោយ​ពី​មុន​គាត់​បេះ​លក់​ឱ្យ​ឈ្មួញ ១​គីឡូក្រាម តម្លៃ​១០០០​ទៅ​១២០០​រៀល ។ តែ​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ឈ្មួញ​ដើរ​ទិញ​ស្វាយកែវ​រមៀត​ខៀវ ១​គីឡូក្រាម ត្រឹមតែ​តម្លៃ​២៥០​រៀល ទៅ​៣០០​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​បែប​នេះ មិន​រួចខ្លួន​នោះ​ទេ ព្រោះ​ម្ចាស់​ចម្ការ​ជួល​កម្មករ ឱ្យ​ថែទាំ​ដើម​ដាក់​ជី បាញ់ថ្នាំ​កំចាត់​សត្វល្អិត ប្រើ​ថ្នាំ​ប៉ូវ​ដើម និង​ប៉ូវ​ផ្លែ ព្រមទាំង​ជួល​កម្មករ​ឱ្យ​បូមទឹក​ស្រោច​២​ទៅ​៣​ថ្ងៃ​ម្តង លុះ​ប្រមូល​ផល​បែរជា​មានការ​ធ្លាក់​ចុះ​បែប​នេះ​នេះ ។ បើ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត ឈ្មួញ​នាំ​គ្នា​ទិញ​ក្នុង​តម្លៃ​ចាប់ពី​១០០០​រៀល​ឡើង​លើ គឺ​អាច​ទទួលយក​បាន ដោយ​ផាត់​ថ្លៃ​ចំណាយ​ទៅ គឺ​នៅ​សល់​ថវិកា​តិចតួច​ដែរ សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ ។ តែបើ​តម្លៃ​ផ្លែស្វាយ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​យ៉ាង​គំហុក​ដូចនេះ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយ​គាត់​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​អភិបាលខេត្ត​ប៉ៃលិន និង​មន្ទីរ​កសិកម្ម​ខេត្ត ព្រមទាំង​ថ្នាក់លើ ឱ្យ​ជួយ​រក​ទីផ្សារ​សម្រាប់​កសិករ​ផង​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ផ្សេង​ទៀត រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ក្តី​អស់សង្ឃឹម​ដែរ​ថា ៖ ពួក​គាត់​ពិតជា​មានការ​លំបាក​ខ្លាំង​អស់សង្ឃឹម ទោះបីជា​ប្រឹង​យំ​ក៏​យំ​មិន​ចេញ សើច​ក៏​សើច​មិន​ចេញ មិនដឹង​ជា នៅ​បន្ត​ដាំ​ដំណាំ​អ្វី​ទៀត ដើម្បី​លក់​ឱ្យ​បាន​ថ្លៃ​សម្រាប់​យក​ទៅ​ចិញ្ចឹមជីវិត ព្រោះ​បើ​ដាំ​ស្វាយ បែរជា​ផ្លែស្វាយ​ធ្លាក់​តម្លៃ​ចុះ លុះ​ពេល​នាំ​គ្នា​ដាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​ក៏​ធ្លាក់​ចុះ​ដូច​គ្នា ។

រីឯ​ដាំ​ដំណាំ​ផ្សេង​ៗ​ទៀត ពេល​ខ្លះ​ឡើងថ្លៃ​តែ​ដំបូង​លុះ​បាន​មួយស្របក់ ស្រាប់តែ​ធ្លាក់​ចុះ​ដូច​ៗ​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​បោះបង់​ការ​ដាំ​ដំណាំ​លក់​ដីចម្ការ នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាដើម ក្រែង​បាន​ប្រាក់​សម្រាប់​យក​ទៅ​សងបំណុល​គេ និង​សល់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ