រាជធានីភ្នំពេញ ៖ គណៈកម្មាធិការនាយកគណបក្សហ៊ុនស៊ិនប៉ិច សម្រេចប្រកាសទទួលស្គាល់សមាជិកភាពថ្មីចំនួន១៣នាក់ ជំនួសអ្នកបាត់បង់ និងសម្រេចទុកមោឃៈសេចក្តីសម្រេចមួយចំនួន ។ ការសម្រេចនេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។
យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចបានលើកឡើងថា សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងករណីប្រធានស័ក្តិ ដូចមានចែងក្នុងប្រការ២៤ វាក្យខណ្ឌបីនៃលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច ឬបាត់បង់សមត្ថភាពដឹកនាំគណបក្ស ឬមិនអាចបំពេញភារកិច្ចជូនគណបក្សបានដោយប្រការផ្សេងៗដូចមានចែងក្នុង ប្រការ៥ ចំណុច៥.៣ នៃបទបញ្ជាផ្ទៃក្នុង ។
ប្រភពបន្តថា បញ្ហាសម្តេចក្រុមព្រះព្រះអវត្តមានរយៈពេលយូរពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើឲ្យមន្ត្រីមួយចំនួនក្នុងគណបក្សឆ្លៀតឱកាសរុះរើរចនាសម្ព័ន្ធដឹកនាំគណបក្សដោយរំលោភលើនីតិវិធីរដ្ឋបាល លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដោយប្រើប្រាស់ព្រះហស្តលេខាផ្តិតចម្លង ឬត្រាព្រះហស្តលេខារបស់ សម្តេចក្រុមព្រះក្នុងខណៈដែលព្រះអង្គគង់ព្យាបាលព្រះសុខភាពនៅបរទេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឥស្សរជន និងមន្ត្រីជាន់ខ្ពស់របស់គណបក្សបង្កើតភាពអនាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់បង្កការបែកបាក់សាមគ្គីផ្ទៃក្នុង ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ផ្អែកតាមមូលហេតុខាងលើនេះ សមាជិកគណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិចគ្នា ប្រជុំវិសាមញ្ញលើកទី២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របតាមប្រការ១ ចំណុច១.៣ នៃបទបញ្ជាផ្ទៃក្នុង ដើម្បីពិនិត្យកិច្ចការទូទៅ របស់គណបក្ស និងដោះស្រាយបញ្ហាផ្ទៃក្នុងមួយចំនួនស្របតាមស្មារតីខ្លឹមសារនៃលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ និងលិខិតលេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលទទួលបានលទ្ធិផលដូចខាងក្រោម ៖ ប្រកាសសមាសភាពគណៈកម្មាធិការនាយកដែលនៅមានសុពលភាពចំនួន១៤រូប ។
ជ្រើសរើសលោកញ៉េប ប៊ុនជិន ជាតំណាងគណៈកម្មាធិការនាយក ដើម្បីដឹកនាំ អង្គប្រជុំគណៈកម្មាធិការនាយក និងប្រគល់ភារកិច្ចចុះហត្ថលេខាលើឯកសារផ្សេងៗ ។ ទុកជាមោឃៈសេចក្តីសម្រេចមួយចំនួន ដែលបានធ្វើឡើងដោយរំលោភនីតិវិធីរដ្ឋបាល និងលក្ខន្តិកៈ និងកែសម្រួល អនុម័តបទបញ្ជាផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចដែលមាន ១២ជំពូក និង២៣ ប្រការ ។ ប្រកាសសុពលភាពសមាជិកគណៈកម្មាធិការនាយកចំនួន១៣រូប ដែលត្រូវដាក់ជំនួសសមាសភាពសមាជិកគណៈកម្មាធិការនាយកដែលបាត់បង់សមាជិកភាព ។
អនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច លើឯកសារផ្លូវការនានាដោយចាត់ទុកត្រាមូលចាស់ជាមោឃៈ ស្របតាមលិខិតលេខ០២១១/១៨ ហសប ចុះថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៨ ស្តីពីការជូនដំណឹងអំពីគំរូត្រាមូលថ្មីជូនក្រសួងមហាផ្ទៃជ្រាបជាព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។
ជាមួយគ្នានោះដែរ ក៏បានឯកភាព ប្រគល់ការងារជូនគណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច «គ.ក.ទ»ឲ្យបន្តបំពេញភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ០១០៥/១៨ ហសប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមនូវសមាសភាពគណៈកម្មការនេះ។ អនុវត្តតាមស្មារតីលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងលិខិត លេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ និងរៀបចំសណ្តាប់ធ្នាប់ វិន័យផ្ទៃក្នុង គណបក្សឡើងវិញ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ