ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​បកស្រាយ​ក្រោយ​ម្ចាស់​ចំការ​ស្វាយ​ថាស្វាយ​ចុះថោក​ត្រឹម​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​មាន​ម្ចាស់​ចំការ​ស្វាយ​មួយ​ចំនួន​បាន​ត្អូញត្អែរ និង​ផ្ញើ​សារ​ចំ​ៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ រឿងរ៉ាវ​តម្លៃ​ផ្លែស្វាយ​ចុះថោក​ខ្លាំង​ពិបាក​នឹង​ទទួលយក​បាន​នោះ នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​មាន​ម្ចាស់​ចំការ​ស្វាយ​មួយ​ចំនួន​បាន​ត្អូញត្អែរ និង​ផ្ញើ​សារ​ចំ​ៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ រឿងរ៉ាវ​តម្លៃ​ផ្លែស្វាយ​ចុះថោក​ខ្លាំង​ពិបាក​នឹង​ទទួលយក​បាន​នោះ នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ថ្នាក់ដឹកនាំ​ក្រសួង​បាន​បកស្រាយ​ថា ការ​ពិត​ទៅ​នា​ដើមឆ្នាំ​នេះ ផ្លែស្វាយ​មាន​តម្លៃ​ល្អ​ប្រសើរ ប៉ុន្តែ​ចាប់ពី​ដើមខែ​កុម្ភៈ​មក​ទល់​បច្ចុប្បន្ន​នេះ តម្លៃ​ផ្លែស្វាយ​កំពុង​មានការ​ធ្លាក់​ចុះ​ដោយសារ​ជា​រដូវ​កាល​ប្រមូល​ផល​ផ្លែស្វាយ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេង​ៗ ដែល​បណ្តាល​ឲ្យ​មាន​បរិមាណ​ផ្លែស្វាយ​ជន់​ច្រើន​លើសលប់​នៅ​លើ​ទីផ្សារ ស្រប​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​កំពុង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ការ​បញ្ជាក់​របស់​ក្រសួង​ធ្វើ​ឡើង ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ម្សិលមិញ​នេះ​មាន​ម្ចាស់​ចំការ​ស្វាយ​មួយ​ចំនួន​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ​ថា តម្លៃ​ស្វាយកែវ​រមៀត​បាន​ត្រឹមតែ​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម ចឹ​ង​តើ​គួរ​លក់ ឬ​គួរ​ចាំ​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម​កំពុង​ខិតខំ​ស្វែងរក​ទីផ្សារ​ផលិតផល​ផ្លែស្វាយ​ទៅ​ចិន កូរ៉េ ជប៉ុន ។ ក្រសួង​បាន​បន្ត​ថា បន្ទាប់​ពី​ផលិតផល​ផ្លែស្វាយ​ធ្លាក់​ថ្លៃ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ខិតខំ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែស្វាយ​សំខាន់​ៗ តាម​រយៈ​ការ​ចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​កូរ៉េ ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ជាដើម ។ ក្រសួងកសិកម្ម​ទទួលស្គាល់​ថា តម្លៃ​ផលិតផល​កសិកម្ម រួម​ទាំង​ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង​ចុះ​មិន​ទៀងទាត់​តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ ។

ក្រសួងកសិកម្ម​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា «​ក្នុង​គោលដៅ​ចូលរួម​ចំណែក​លើកកម្ពស់​តម្លៃ​ផលិតផល​ផ្លែស្វាយ​នៅ​លើ​ទីផ្សារ និង​បង្កើន​ប្រាក់​ចំណេញ​ជូន អ្នក​ផលិត ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ខិតខំ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែ ស្វាយ​សំខាន់​ៗ តាម​រយៈ​ការ​ចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​បណ្តា​ប្រទេស​មាន​សក្តានុពល​មួយ​ចំនួន ដូច​ជា ប្រទេស​កូរ៉េ ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ជាដើម ។

ការ​សម្រេច​បាន​នូវ​ការ​ព្រមព្រៀង​គ្នា​ជាមួយ​ប្រទេស​កូរ៉េ​ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ចាប់ផ្តើម​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់ ទៅ​កាន់​ប្រទេស​កូរ៉េ​តាំងពី ខែមករា ឆ្នាំ​២០២០» ។ ដោយឡែក ការ​ចរចា​ជាមួយ​ប្រទេស​ចិន​សម្រេច​បាន​នូវ​ការ​ព្រមព្រៀង​គ្នា​លើ​ពិធីសារ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ នៅ​ខែមិថុនា ឆ្នាំ​២០២០​កន្លង​មក ក៏​ប៉ុន្តែ​ដំណើរការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់ ពងរុយ​ចោះ ផ្លែស្វាយ ដែល​វិនិយោគ​ដោយ​ផ្នែក​ឯកជន មានការ​យឺតយ៉ាវ​ដោយសារ​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ ជំងឺ​កូ​វី​ដ -១៩ ។

ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​តម្លៃ​សម​ស្រប និង​មាន​ទីផ្សារ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ ម្តង​ម្តងទៀត​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់ ត្រូវ​ធ្វើការ​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំ​ចេញ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួល​បាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្រប​តាម​ស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង​ជា​បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់ទំនង​ជាមួយ ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ធ្វើការ​កែ​ច្នៃ​និង​នាំ​ចេញ ។

សូម​ជម្រាប​ថា មួយ​រយៈពេល​នេះ ផលិតផល​ស្វាយ​មានការ​ធ្លាក់​ថ្លៃ​ចុះ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នក​ផលិត​ខាត​ច្រើន​ហើយ​អ្នកខ្លះ​មិន​បេះ​ថែម​ទៀត ដោយ​លក់​មិន​គ្រាន់​នឹង​ថ្លៃ​ឈ្នួល​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ