ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​នឹង​បន្ដ​ធ្លាក់​រហូត​ដល់​ថ្ងៃ​១៨​តុលា ដែល​អាច​បង្ក​ឱ្យ​មាន​ជំ​ន​ន់​ទឹកភ្លៀង​នៅ​ភ្នំពេញ​និង​ខេត្ដ​ចំនួន​១៤

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​ខណៈ​​​ដែល​ទឹកជំនន់​​ទន្លេ​មេគង្គ​​មិន​បាន​គំរាម​កំហែង​ធ្ងន់​ធ្ងរ​​​ដល់​ តំបន់​ដែល​នៅ​តាមដង​ទន្លេ​ បញ្ហា​ជំនន់​ទឹក​ភ្លៀង​បាន​​ចោទ​ជាបញ្ហា​បន្ទាប់​ពីមាន​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កើត​មាន​តាំងពី​ថ្ងៃទី​១០ តុលា មក​គឺ​នៅ​តែ​បន្ត​គ្រប​ដណ្តប់​ និង​មាន​ឥទ្ធិ​ពល​​​មកលើ​ព្រះរាជាណា​ចក្រកម្ពុជា
,(ទំនប់សណ្តស្ទឹង​ព្រែក​ត្នោត​ដល់​ចំណុច​ប្រកាសអាសន្ន )
,(អាជ្ញា​ធរ​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​តាខ្មៅ)
,(ជំនន់​ទឹក​ភ្លៀង​លិច​ខេត្ត​ពោធិ៍​សាត់​មិន​បារម្ភ​​ដូច​ឆ្នាំ​១៩៩៦ ព្រោះ​ទឹក​ទន្លេ​តូច)
,(ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​នៅក្រុង​សិរី​សោភ័ណ​លិច​ទឹក​២៣៩ហិកតា)

រាជធានីភ្នំពេញ​ ៖ ​ខណៈ​​​ដែល​ទឹកជំនន់​​ទន្លេ​មេគង្គ​​មិន​បាន​គំរាម​កំហែង​ធ្ងន់​ធ្ងរ​​​ដល់​តំបន់​ដែល​នៅ​តាមដង​ទន្លេ​ បញ្ហា​ជំនន់​ទឹក​ភ្លៀង​បាន​​ចោទ​ជាបញ្ហា​បន្ទាប់​ពីមាន​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​កើត​មាន​តាំងពី​ថ្ងៃទី​១០ តុលា មក​គឺ​នៅ​តែ​បន្ត​គ្រប​ដណ្តប់​ និង​មាន​ឥទ្ធិ​ពល​​​មកលើ​ព្រះរាជាណា​ចក្រកម្ពុជា។ លក្ខណៈ​បែបនេះ​និង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃនេះ (១៥ តុលា) ដល់​ថ្ងៃទី១៨ តុលា លើ​តំបន់​វាល​ទំនាប និងតំបន់​មាត់​សមុទ្រ។ យោង​តាម​ការ​ប្រ​កាស​ជូន​ដំណឹង​បន្ថែម​​កាលពី​ថ្ងៃទី​​១៤ តុលា របស់​ក្រសួង​​ធនធានទឹក​ និង​ឧតុនិយម​​បាន​ឱ្យ​ដឹងថា ស្ថានភាព​ទឹក​ភ្លៀង​និង​បន្ត​ធ្លាក់​ហើយ​អាច​នឹង​បន្ត​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅរាជ​ធានី​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​​ដូចជា ខេត្ត​កណ្តាល​ កំពង់​ស្ពឺ តាកែវ កំពង់ឆ្នាំង ព្រៃវែង ពោធិ៍​សាត់ បាត់​ដំបង សៀមរាប កំពង់​ធំ ព្រះ​សីហនុ​ កំពត កោះកុង កែប ព្រៃវែង និង​ស្វាយ​រៀង។​ ការ​ប្រកាស​នេះ​ក៏​​បាន​តំរូវ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ដើម្បី​ចៀស​វាង​​គ្រោះ​ថ្នាក់​ជាយថា​ហេតុ។

  • ទំនប់សណ្តស្ទឹង​ព្រែក​ត្នោត​ដល់​ចំណុច​ប្រកាសអាសន្ន

អាជ្ញាធរ​រាជធានីភ្នំពេញបាន​​និងកំពុង​ខ្នះខ្នែង​​​​​​យ៉ាង​មមាញឹក ​ក្នុង​វិធានការ​ត្រៀម​លក្ខណៈ​ការ​ពារ​ទប់ទំនប់​សណ្តស្ទឹងព្រែក​ត្នោត​ និង​ត្រៀម​​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​សណ្តស្ទឹង​ព្រែក​ត្នោត ​ខណៈ​ពេល​ស្ថានភាព​​​ទំនប់​នេះ​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់​បំផុត។ នៅ​ក្នុង​កិច្ច​​ប្រជុំ​ត្រួត​ពិនិត្យវាយ​តម្លៃ​ការ​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានីភ្នំពេញ​ លោក​កែប ជុតិមា អភិបាល​រាជធានី បាន​ដាក់​ផែន​ការ​យ៉ាង​​ក្តៅ​គគុក​ក្នុង​វិធានការ​ត្រៀម​រៀបចំ​ទប់​ទំនប់​សណ្តស្ទឹង​ព្រែក​ត្នោត​ ​ខណៈមន្ត្រី​មូល​ដ្ឋាន​រាយ​ការណ៍​​​ថា ឈាន​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ កិច្ច​ប្រជុំ​នេះ ​ធ្វើ​ឡើង​នៅ​សាលារាជធានី​នា​រសៀល​ថ្ងៃទី​១៤ តុលា ដោយ​​មាន​ការចូលរួម​ពីមន្ត្រី​​ក្រោម​ឱវាទ​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ។​ លោក​កែប ជុតិមា បាន​ណែនាំ​ឱ្យលោក​លី សាវ៉េត នាយក​រដ្ឋ​បាលសាលា​​រាជធានីភ្នំពេញ​រៀបចំ​ជា​ក្រុម​គណៈបញ្ជា​ការ​ប្រមូល​កម្លាំង​ទូទាំង​រាជ​ធានី ជាពិសេស​កម្លាំង​នគរបាល ​និងកង​រាជអាវុធ​ហត្ថ​ឱ្យ​ចុះទៅ​ប្រចាំការ​ចាប់ពី​យប់​ថ្ងៃទី​១៤ តុលា​តទៅ ​ដើម្បី​ត្រៀម​ទប់​ទំនប់​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា​ប្រសិន​បើមាន​គ្រោះ​បាក់ទំនប់​ជាយថាហេតុ​ដែល​កើតឡើង។​
លោក​កែប ជុតិមា បាន​លើក​ឡើង​ថា ពេលនេះ​យើង​មាន​ក្តីបារម្ភ​ហើយ​ចំពោះ​ទឹក​ជំនន់​នៅ​សណ្តស្ទឹង​ព្រែក​ត្នោត​ ព្រោះ​កន្លែង​ខ្លះ​មានរូង​នាគ​​ តែទោះ​ជារូងនាគ​នៅតូចឬតែមួយឬពីរក្តី​​ក៏​យើង​ត្រូវ​តែ​មាន​វិធានការ​ទប់​ស្កាត់​ចាប់ពី​ពេល​នេះ​តទៅ​និង​ឱ្យ​បាន​មុន​ពេលដែល​អាច​កើត​ឡើង​​។ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត​នោះ​​​បើ​តាម​ព័ត៌​មាន​ពីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹងថា នៅថ្ងៃទី​១៧ និង​១៨​ តុលា នឹង​មាន​ភ្លៀង​មួយមេយ៉ាង​ធំ ហើយអាច​លើស​ជំនន់​​ទឹក​​ភ្លៀង កាលពីពេលថ្មីៗ​​កន្លងមក។ ​បើ​សិន​ជា​ភ្លៀង​មួយមេ​ធំ​ដែលមាន​កំពស់​ទឹក​៦០០​មីល្លី​ម៉ែត្រ ដូច​នៅ​ខេត្តកណ្តាល​ តើ​រាជធានី​ភ្នំពេញ នឹង​ទៅជា​យ៉ាង​ណា​ បើ​កន្លងមក​កំពស់ទឹក​ភ្លៀង​ត្រឹម​តែ​ជាង​៩០​មីល្លី​ម៉ែត្រ​ គឺមាន​ការលិច​លង់​ទៅ​ហើយ​នោះ។

លោកកែប ជុតិមា បានលើកឡើង​ទៀត​ថា ដោយសារ​ក្តីបារម្ភ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុនគឺ​​ការពារ​ជាមុន​ កុំចាំ​ទាល់​តែ​មាន​គ្រោះ​អាសន្ន​មក​ដល់​ទើបភ្ញាក់ផ្អើល​នោះ។ ដូច​យើង​ដឹង​ហើយ ប្រជា​ពលរដ្ឋ​ឆាប់​មានការ​ភ័យ​ខ្លាច​ណាស់​ ដែល​យើង​ជាអាជ្ញាធរ​ត្រូវ​ផ្តល់​ភាពកក់​ក្តៅ​ឱ្យពួកគាត់ដែល​គាត់ទុកចិត្ត​យើង​នោះ។​ លោក​លី សាវ៉េត នាយក​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​​កោះ​សន្តិភាព​ដឹង​ថា ​ដោយ​​មាន​ការ​ណែនាំ​ និងដាក់​ផែនការ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​លោក​​កែប ជុតិមា អភិបាល​រាជ​ធានី​ ពេល​នេះលោក​បាន​រៀបចំ និង​ត្រៀម​កំលាំង​ ព្រម​ទាំង​​បាន​ដឹកជញ្ជូន​ និង​បញ្ជូន​កំលាំង​ចុះ​​ប្រចាំការ​នៅ​តាម​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​រួច​អស់ហើយ។ ការ​ត្រៀម​លក្ខណៈ​នោះគឺ​​យើងមាន​ការុង​ ឬ​បាវ​ខ្សាច់​ ចប ​បង្គី ​គ្រឿង​ចក្រ ទូក​កាណូត ឬ​អូប័រ គ្រប់គ្រាន់ ដើម្បី​ទប់​ទំនប់​នៅ​កន្លែង​ដែល​មាន​ការ​សង្ស័យ​ថា មាន​រូងនាគ និង​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​។
លោកលី សាវ៉េត បានបញ្ជាក់​ថា ​សាលា​រាជ​ធានី​ភ្នំពេញ បានធ្វើ​សេចក្តី​ប្រកាស​ជូនដំណឹង​ភ្លាម​នៅ​​យប់ថ្ងៃ​ទី​១៤ តុលា​ ដើម្បីជូនដំណឹង​ទៅប្រជា​ពលរដ្ឋ​​រាជ​ធានី ជា​ពិសេស​ប្រជាពល​រដ្ឋ​​រស់នៅ​​​​ក្នុងសង្កាត់​សាក់អំពៅ ក្រាំង​ពង្រ ប្រទះ​ឡាង និង​សង្កាត់ព្រៃ​ស ឱ្យ​មានការប្រុង​ប្រយ័ត្ន​ និងត្រៀម​លក្ខណៈ​ជាមុន។ ចំពោះ​កំលាំង​ដែល​ចុះទៅ​ប្រចាំការ​​២៤​ម៉ោងលើ​២៤​ម៉ោង​​នៅតាម​ទំនប់​សណ្តស្ទឹង​ព្រែក​ត្នោត​ ត្រូវ​ពង្រាយ​គ្រប់​គោលដៅ និង​ត្រូវ​​រៀបចំ​​គោល​ដៅ​ប្រចាំការធំៗចំនួន​ពីរកន្លែង គឺមួយ​នៅ​សង្កាត់​ក្រាំងពង្រ និង​មួយ​ទៀត​នៅ​សង្កាត់​​សាក់អំពៅ ក្នុងនោះ​កំលាំង​នគរបាល​​បាន​ត្រៀម​៨០០នាក់ ឯ​កំលាំង​កង​រាជអាវុធ​ហត្ថ​​ក៏ប្រហាក់ប្រហែល​​គ្នា​នេះដែរ។ ក្រៅពីនេះ ​មាន​​ទាំងកំលាំង​អង្គភាព​ផ្សេងៗ និងអាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ហើយ​កំលាំង​នេះនឹងមានការ​បន្ថែម​​នៅ​ពេល​មានករណីចាំ​បាច់។

  • អាជ្ញា​ធរ​ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​តាខ្មៅ

ខេត្ត​កណ្តាល ៖ អាជ្ញា​ធរ​​ខេត្ត​កណ្តាល​ដឹក​នាំ​ដោយ​លោក​ជឹម សុខុន អភិ​បាល​រង​ខេត្ត​​អម​ដំណើរ​ដោយ​លោក​មាស សឿន ប្រធាន​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ លោក​ជុន ប៉េង​ឡុង ប្រធាន​មន្ទីរ​ធន​ធាន​ទឹក រួម​នឹង​អាជ្ញា​ធរ​ក្រុង​តាខ្មៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ បាន​អញ្ជើញ​ចុះ​​ទៅ​ពិនិត្យ​ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​ ដែល​បង្ក​ឱ្យ​លិច​នៅ​​​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​ទី ១១ តុលា កន្លង​មក​។ នា​ព្រឹក​នោះ​លោក​ជឹម សុខុន និង​ក្រុម​ការ​ងារ​ជំនាញ​បាន​ទៅ​ពិនិត្យ​នៅ​ចំណុច​ដែល​មាន​ការ​លិច​ជ្រៅ​ដូច​ជា​នៅ​វិទ្យា​ល័យ​ហ៊ុន សែន តាខ្មៅ នៅ​​វិទ្យា​ល័យ​សេរីភាព និង​នៅទី​សាធា​រណៈ​មួយ​ចំនួន​ទៀត និង​ពិនិត្យ​មើល​ការ​បូម​ទឹក​ចេញ​ពី​ក្រុង ​ដែល​មាន​៣​គោល​ដៅ​ មាន​មា៉សីុន​បូម​ទឹក​ចំនួន​៧​​គ្រឿង។ គោល​ដៅ​ទី១ នៅ​ស្ថានីយ​ព្រែក​រាំង​ ទី​២​នៅ​​ក្រោយ​បន្ទាយ​សុវត្ថិ​ភាព និង​ទី​៣​នៅ​​​ក្រោយ​តុលា​ការ​ខេត្ត។ លោក​ជឹម សុខុន បាន​ថ្លែង​ថា ថ្វីដ្បិត​តែ​ពេល​នេះ​ទឹក​មិន​ទាន់​​រីង​ទាំង​ស្រុង គឺ​នៅ​មាន​តំបន់​ទំនាប​មួយ​ចំនួន​​ក្នុង​ក្រុង​មាន​ទឹក​លិច​នៅ​ឡើយ​ធ្វើ​ឱ្យ​មាន​ផល​លំបាក​ខ្លះ​ដល់​ការ​ធ្វើ​ចរា​ចរណ៍​ តែ​យើង​មាន​ផ្លូវ​មួយ​ចំនួន​ទៀត​បាន​គោក​ រីឯ​​​ប្រជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ ខាង​មន្ទីរ​ជំនាញ​ក៏​ដូច​ជា​អាជ្ញា​ធរ​​​ក្រុង-ខណ្ឌ​បាន​ខិត​ខំ​រក​គ្រប់​វិធី ដើម្បី​រំដោះ​ទឹក​ដែល​ជន់​លិច ឱ្យ​ស្រក​​​ជា​បណ្តើរៗ។ ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​មន្ទីរ​ជំនាញ​ ធ្វើ​យ៉ាង​ណា​​ខិត​ខំ​ឱ្យ​អស់​ពី​​លទ្ធ​ភាព​​ដើម្បី​រក​មធ្យោ​បាយ រំដោះ​ទឹក​ឱ្យ​អស់​​​ពី​​ក្នុង​​ក្រុង​នៅ​​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

  • ជំនន់​ទឹក​ភ្លៀង​លិច​ខេត្ត​ពោធិ៍​សាត់​មិន​បារម្ភ​​ដូច​ឆ្នាំ​១៩៩៦ ព្រោះ​ទឹក​ទន្លេ​តូច

ខេត្ត​ពោធិ៍​សាត់ ៖ ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ បាន​បង្ក​​ជា​ជំនន់​​​លិច​លង់​ស្រុក​ចំនួន​​៣ នៅ​តាម​បណ្តោយ​ដង​ស្ទឹង​ពោធិ៍​សាត់ មាន​ស្រុក​ភ្នំ​ក្រវាញ ក្រុង​ពោធិ៍​សាត់ និង​ស្រុក​កណ្តៀង បណ្តាល​ឱ្យ​លិច​ផ្លូវ​ថ្នល់ ផ្ទះ​សម្បែង​ ស្រែ​ស្រូវ និង​ផល​ដំណាំ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ធំ។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​ខូយ សុខា អភិ​បាល​ខេត្ត​ពោធិ៍​សាត់ អភិ​បាល​ក្រុង អភិ​បាល​ស្រុក ​មន្ត្រី​មន្ទីរ​ធន​ធាន​ទឹក និងឧតុ​និយម មន្ទីរ​បរិ​ស្ថាន មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​​បណ្តា​មន្ទីរ​នានា​ក្នុង​ខេត្ត​បាន​ទៅ​ពិនិត្យ​មើល​ការ​លិច​លង់​ក្នុង​ក្រុង​ពោធិ៍​សាត់ និង​ស្រុក​កណ្តៀង ដើម្បី​​ចាត់​​វិធាន​ការ​ប្រមូល​ទិន្ន​ន័យ​ការ​ខូច​ខាត និង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ទឹក​ជំនន់។ ក្នុង​ឱកាស​នោះ លោក​ខូយ សុខា បាន​ផ្តល់​សំបក​ការុង ចលនា​មេ​ភូមិ ឃុំ ប្រជា​ពល​រដ្ឋ និង​សិស្សា​​នុ​សិស្ស​​សំរាប់​ច្រក​ដី​​ទប់​ទឹក​ជំនន់​ដែល​ហូរ​មក​លើ​ថ្នល់​ពៀប​មាត់​ស្ទឹង​ឈាន​ទៅ​បាក់​ដាច់​បង្ក​មហន្ត​រាយ។ លោក​អភិ​បាល​ខេត្ត​បាន​ចូល​រួម​ធ្វើ​ពល​កម្ម និង​ឈរ​ជើង​​ចាំ​បញ្ជា​គ្រប់​ពេល​ ដើម្បី​ទប់​​ទល់​នឹង​សភាព​ការណ៍​ទឹក​ជំនន់​ ព្រម​ទាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​បណ្តា​ឃុំ-​សង្កាត់​ ដើម្បី​​បន្ត​ការ​ងារ​។

លោក​កែវ វ័យ ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បាន​​ឱ្យ​ដឹង​ថា ទឹក​ស្ទឹង​ពោធិ៍​សាត់​​ចាប់​ផ្តើម​ជន់​ខ្លាំង​នៅ​ថ្ងៃ​ទី​១៣ តុលា ដែល​នៅ​ល្ងាច​នោះ​កំពស់​ទឹក​នៅ​ស្រុក​ភ្នំ​ក្រវាញ​ឡើង​ដល់​៦,៣០​ម៉ែត្រ ជា​ចំណុច​ប្រកាស​អាសន្ន។ ​ទឹក​ជំនន់​លឿន​បែប​នេះ​ដោយ​សារ​ស្ទឹង​​៣ មាន​ស្ទឹង​អារ៉ៃ ស្ទឹង​ព្រៃ​ខ្លុង និង​ស្ទឹង​វាល​វែង ហូរ​ចាក់​មក​ស្ទឹង​ពោធិ៍​សាត់​តែ​មួយ។ លោក​បន្ត​ថា ខេត្ត​ពោធិ៍​សាត់ ធ្លាប់​លិច​ទឹក​ធំ​បំផុត​កាល​ពី​ឆ្នាំ​១៩៩៦ គឺ​ចូល​មក​ដល់​ក្នុង​ទីរួម​ខេត្ត​តែ​ម្តង​​បណ្តាល​ឱ្យ​​លិច​ផ្សារ និង​ផ្ទះ​ថ្ម​ដោយ​សារ​កាល​នោះ​ទឹក​ទន្លេ​ធំ​ រួម​ជា​មួយ​ទំនន់​ទឹក​ភ្លៀង​ធំ​ទៀត ប៉ុន្តែ​ឆ្នាំ​២០១០​នេះ ទឹក​ទន្លេ​តូច ដូច្នេះ​ជំនន់​ទឹក​ភ្លៀង​​ប្រហែល​ជា​មិន​ធ្វើ​ឱ្យ​លិច​លង់​ដល់​ក្នុង​ទីរួម​ខេត្ត​ខ្លាំង​ក្លា​បង្ក​គ្រោះ​មហន្ត​រាយ​ដូច​ឆ្នាំ​១៩៩៦​​ទេ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ទឹក​នៅ​ស្រុក​ភ្នំ​ក្រវាញ​​​ចាប់​ផ្តើម​​ស្រក​ជិត​មួយ​ម៉ែត្រ ប៉ុន្តែ​បាន​មក​ជន់​ជោរ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​ក្រុង​ពោធិ៍​សាត់ និង​ស្រុក​កណ្តៀង​ បណ្តាល​ឱ្យ​ហៀរ​ចូល​ក្នុង​ទីរួម​ខេត្ត បែក​វាល​លិច​ស្រែ​ស្រូវ ភូមិ​ឋាន ផ្ទះ​សម្បែង ផល​ដំណាំ​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​មិន​ទាន់​ដឹង​ការ​ខូច​ខាត​ និង​ប៉ះ​ពាល់​ប៉ុន្មាន​​​ទេ។ ​ពី​​ម៉ោង​៨ ទៅ​ម៉ោង​៩​យប់ ​ទឹក​ជំនន់​នឹង​ស្រក​ទៅ​វិញ ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ។ ដោយ​​ឡែក​កោះ​សំពៅ​មាស​មិន​ទាន់​លិច​ទេ។ លោក​លឹម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ដែល​បាន​​​ទៅ​ពិនិត្យ​ទឹក​ជំនន់​​នៅ​ខេត្ត​ពោធិ៍​សាត់​​នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា បាន​​​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ ស្រុក និង​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ជាប់​រហូត ព្រោះ​តាម​ការ​ព្យាករណ៍​ គឺ​នៅ​ថ្ងៃ​ទី​១៧ និង​១៨ តុលា ​នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ បង្ក​ទឹក​ជំនន់​ជា​យថា​ហេតុ​ទៀត។ ជំនន់​ទឹក​ភ្លៀង​ក៏​មាន​នៅ​ខេត្ត​កំពង់​ឆ្នាំង កំពង់​ស្ពឺ តាកែវ និង​កំពត​ផង​ដែរ បុ៉ន្តែ​មិន​ទាន់​មាន​ការ​ខូច​ខាត​​ធ្ងន់​ធ្ងរ​ទេ។ ក្នុង​ឱកាស​នោះ​ លោក​រដ្ឋ​មន្ត្រី​​បាន​ផ្តល់​បង្គោល​ចំនួន​២០០​ដើម សំរាប់​បោះ​កន្លែង​ហូរ​ច្រោះ​រូង​នាគ​ ព្រម​ទាំង​ផ្តល់​អនុ​សាសន៍​ឱ្យ​ខេត្ត​ត្រៀម​ទប់​ទល់​សភាព​ការណ៍​ ក្នុង​នោះ​បើ​សិន​លិច​ដល់​ក្នុង​ទីរួម​ខេត្ត​ត្រូវ​ប្រើ​​​ម៉ាស៊ីន​បូម​ចេញ។

  • ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​នៅក្រុង​សិរី​សោភ័ណ​លិច​ទឹក​២៣៩ហិកតា

ខេត្ត​បន្ទាយ​មាន​​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយ​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង និង​អស់​លោក​តំណាង​ឱ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត មន្ទីរ​កសិ​កម្ម​ខេត្ត​ ព្រម​ទាំង​អាជ្ញា​ធរ​​ភូមិ សង្កាត់ បាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​សិរី​សោភ័ណ ដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​សរុប​២៣៩​ហិក​តា។ បើ​តាម​ការ​រៀប​រាប់​​របស់​អាជ្ញា​ធរ​​ភូមិ-​សង្កាត់​ ​ពី​ផល​ប៉ះ​ពាល់​ស្រូវ​ប្រជា​ពលរដ្ឋ​នេះ គឺស្ថិត​នៅ​ខាង​ត្បូង​ប្រឡាយ​មេ​​មាន​ទឹក​ជំនន់​ជន់​លិច​ស្រូវ​ច្រើន​ ចំណែក​ខាង​ជើង​ប្រឡាយ​មេ​ពុំ​សូវ​មាន​ទឹក​ប៉ុន្មាន​ទេ ទាំង​នេះ​​​បណ្តាល​មក​ពី​ប្រព័ន្ធ​ចែក​ចាយ​ទឹក​តិច ហើយ​ប្រព័ន្ធ​ចែក​ចាយ​ដែល​មាន​នោះ​មាន​ទំហំ​​តូច​ទឹក​ហូរ​មិន​ទាន់ ទើប​បណ្តាល​ឱ្យ​ខូច​ខាត​ស្រូវ​​ ព្រោះ​​ត្រូវ​​ទឹក​លិច​អស់​រយៈ​ពេល​២​ទៅ ៣​ខែ​មក​ហើយ។ លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង និង​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​សិរី​​សោភ័ណ បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​​​បាន​នូវ​របាយ​ការណ៍​ពី អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ​-សង្កាត់​​ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ តុលា ឆ្នាំ ២០១០ លោក​បាន​ដឹក​នាំ​ប្រតិភូ​រួម​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​​ថា ស្រូវ​ដែល​រង​នូវ​ការ​ខូច​ខាង​ទាំង​ស្រុង គឺ​​នៅ​សង្កាត់​ទឹក​ថ្លា សរុប​១៥០​ហិកតា ក្នុង​នោះ​ភូមិ​គាប ចំនួន​៨៤​ហិក​តា ភ្នំ​បាក់​១១​ហិកតា ទំនប់​ជ្រៃ​៥៥​ហិកតា។ រីឯ​​សង្កាត់​អូរ​អំបិល​សរុប​​៨៩​ហិកតា រួម​មាន​ភូមិ​រោង​ម៉ាស៊ីន​ចំនួន​១៩​ហិក​តា ប្រហ៊ូត​២០​ហិកតា និង​ទំនប់​ផ្តោ​៥០​ហិកតា សរុប​ទាំង​២​សង្កាត់​២៣៩​ហិកតា។ ហើយ​ភូមិ​សាស្ត្រ​​ដែល​រង​នូវ​ផល​ប៉ះ​ពាល់​នេះ​ គឺ​ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​សង្កាត់​ទឹក​ថ្លា និង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរី​សោភ័ណ បាន​​បញ្ជាក់​​ថា អាជ្ញា​ធរ​ភូមិ​-សង្កាត់​បាន​សំណូម​ពរ​ដល់​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​តាម​រយៈ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បន្ទាយ​មាន​ជ័យ សុំ​បង្កើត​លូ​បង្ហូរ​ទឹក​ចំនួន​២​កន្លែង ដែល​មាន​មុខ​កាត់​១០០សង្ទី​ម៉ែត្រ និង​ទ្វារ​បង្ហូរ​ទឹក​មាន​​ទ្វារ​៦​ត្រង់​ចំណុច​ទំនប់​ដែល​ដាច់។ លោក​អនុ​ប្រធាន​​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​ថា ប្រឡាយ​មេ​ដែល​ក្រសួងធន​ធាន​ទឹក និង​ឧតុ​និយម​បាន​​ធ្វើ​នៅ តំបន់​នេះ​មាន​២​ដំណាក់​កាល​ គឺ ឆ្នាំ​២០០៩ និង​២០១០ ប្រវែង​សរុប​១០.២២៤​ម៉ែត្រ និង​មាន​លូ​ទឹក និង​ទ្វារ​ទឹក​ចំនួ​ន៣៤​កន្លែង។ ក្រសួង​មាន​គំរោង​ធ្វើ​ប្រឡាយ​មេ​ប្រវែង​៩០០​ម៉ែត្រ​ទៀត​តភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ស្រោច​​ស្រព​លើ​ផ្ទៃ​ដី​៣.១៩៥​ហិកតា​ទៀត ក្នុង​សង្កាត់​ព្រះ​ពន្លា និង​អូរ​អំបិល រួម​ទាំង​ស្រុក​មង្គល​បុរី ក្នុង​ឃុំ​ឫស្សី​ក្រោក​ផង​ដែរ។ ចំពោះ​សំណើ​សុំ​​ធ្វើ​លូ និង​​ទ្វារ​បង្ហូរ​ទឹក​​ខាង​លើ​ លោក​នឹង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​​ឱ្យ​បាន​ជ្រាប​ផង​ដែរ៕