ខេត្តបាត់ដំបង ៖ ក្រុមអ្នកបើកបររថយន្តពេលយប់ ដែលសមត្ថកិច្ចចាប់ធ្វើតេស្ដទឹកនោមរកឃើញមានសារធាតុញៀនចំនួន១៦នាក់ ក្នុងចំណោមអ្នកបើកបររាប់រយនាក់ នឹងត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីសាកសួរបន្តទៀតនៅព្រឹកថ្ងៃទី២០ កុម្ភៈ ដែលក្នុងនោះមានទាំងអ្នកបើកបររយន្តក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនផង។
ស្នងការរងទទូលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក កុយ ហៀង បានឲ្យដឹងថា អ្នកបើកបររថយន្តទាំង១៦នាក់នោះ ត្រូវបានកម្លាំងជំនាញធ្វើតេស្ដទឹកនោម ហើយរកឃើញថា «ពួកគេមានសារធាតុញៀន» ហើយត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យមន្ត្រីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿង បញ្ជូនពួកគេទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
លោកស្នងការរងបានបញ្ជាក់ថា មន្ត្រីជំនាញបានបញ្ជូនក្រុមតៃកុងឡានទាំងនេះ ទៅតុលាការម្ដងហើយ តែដោយតុលាការមិនទាន់បញ្ចប់ការសាកសួរ ទើបត្រូវបញ្ជូនជាលើកទី២ នៅថ្ងៃនេះ(២០ ០២ ២១)។ លោក កុយ ហៀង បានបញ្ជាក់ថា ក្រុមអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងញៀនទាំងនេះ មានមួយចំនួនជាអ្នកបើកបររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពេលយប់ ហើយពួកគេអាចប្រឈមនឹងការជាប់ពន្ធធនាគារ ប្រសិនបើតុលាការរកឃើញថា មានកំហុសបំពានច្បាប់ធ្ងន់ធ្ងរ។
យោងតាមរបាយការណ៏របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តបានបង្ហាញឈ្មោះអ្នកបើកបរក្រោមឥទ្ធិពលគ្រឿហញៀនទាំង១៦នាក់នោះរួមមាន ១-ឈ្មោះឈុំ ធារាជ អាយុ៣២ឆ្នាំ ២-ឈ្មោះធន លីហុង អាយុ២៥ឆ្នាំ ៣-ឈ្មោះស ចាន់ដេត អាយុ៣៦ឆ្នាំ ៤-ឈ្មោះឡុង ដារ៉ា អាយុ២៩ឆ្នាំ ៥-ឈ្មោះស៊ីម ពិសិដ្ឋ អាយុ២៣ឆ្នាំ ៦-ឈ្មោះមៀន សារុន អាយុ២៥ឆ្នាំ ៧-ឈ្មោះសៀន វាសនា អាយុ២៨ឆ្នាំ ៨-ឈ្មោះឌុល ឌឿន អាយុ៣២ឆ្នាំ ៩-ឈ្មោះសេង សុបុត្រា អាយុ២៣ឆ្នាំ ១០-ឈ្មោះសឿន គឹមអេង អាយុ១៩ឆ្នាំ ១១-ឈ្មោះមន ភារម្យ អាយុ៣០ឆ្នាំ ១២-ឈ្មោះអ៊ុយ ចន អាយុ២២ឆ្នាំ ១៣-ឈ្មោះឆន សួ អាយុ៣១ឆ្នាំ ១៤-ឈ្មោះមឿន ប៊ុនធូ អាយុ៣១ឆ្នាំ ១៥-ឈ្មោះម៉ា ទីន អាយុ២៨ឆ្នាំ និង១៦-ឈ្មោះរីម ទត អាយុ២៨ឆ្នាំ។
សមត្ថកិច្ចបាននិយាយថា ក្រុមនេះសុទ្ធតែជាអ្នកបើកបររថយន្តពេលយប់ ដែលខ្លះដឹកទំនិញ ខ្លះជាអ្នកបើករថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពេលយប់។ សូមរំលឺកថា កាលពីយប់ថ្ងៃទី១៧ កុម្ភៈ កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត និង លោក កុយ ហៀង ស្នងការខេត្ត បានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រូតពិនិត្យលើអ្នកបើកបរយានយន្តនៅពេលយប់ នៅលើដងផ្លូវជាតិលេខ៥៧ នៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ដើម្បីធ្វើតេស្ដទឹកនោមរកសារធាតិញៀន។
បើយោងលើរបាយការណ៏របស់ការិយាល័យជំនាញ នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះ បានកាក់ត្រូតពិនិត្យលើយានយន្តគ្រប់ប្រភេទបានសរុបចំនួន១៩៩គ្រឿង និង បានត្រូតពិនិត្យធ្វើតេស្ដទឹកនោមលើអ្នកបើកបរនិងអ្នកដំណើរដទៃទៀតចំនួន២៤៨នាក់ ហើយបានរកឃើញអ្នកបើកបរយានយន្តចំនួន១៦នាក់ មានផ្ទុកនូវសារធាតុញៀន។ ជាមួយនឹងការរកឃើញបទល្មើសរបស់អ្នកបើកបរយានយន្ត មានសារធាតុញៀននេះ សមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន១១គ្រឿង និង ម៉ូតូចំនួន០៣គ្រឿង ដើម្បីយកទៅរក្សាទុកបណ្ដោះអាសន្នផងដែរ។ ប្រជាពលរដ្ឋបានស្វាគមន៏ពេញទំហឹងចំពោះកិច្ចប្រតិបត្តិការស្វែងរកសារធាតុញៀន ចំពោះអ្នកបើកបរយានយន្តនៅពេលយប់នេះ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺ ការរកឃើញអ្នកបើកបររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពេលយប់ មានផ្ទុកសារធាតុញៀន។ មហាជនសសំណូមពរឲ្យសមត្ថកិច្ច ឬ ក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានតឹងតែងចំពោះក្រុមហ៊ុននានា ដែលប្រើប្រាស់ជនពាក់ព័ន្ធនឹងគ្រឿងញៀន ឲ្យបើកបរយានយន្ត។ ជាពិសេសក្រុមហ៊ុនដឹកអ្នកដំណើរតែម្ដង ដែលប្រឈមនឹងហានិភ័យខ្លាំងបំផុតសម្រាប់អ្នកដំណើរដែលផ្ញើជីវិតលើអ្នកបើកបរ។
ទោះយ៉ាងណា លោក កុយ ហៀង បានបញ្ជាក់ថា បើតាមផែនការរបស់លោកស្នងការខេត្ត ក៏ដូចប្រធានគណបញ្ជាការកងឯកភាពខេត្ត បានដាក់ចេញនូវផែនការនេះថា នឹងចុះធ្វើការងារបន្តទៀត ដែលអាចនិយាយបានថា «ធ្វើដូចភ្លៀងរលឹម»។ លោក កុយ ហៀង ក៏បានអំពាវនាវផងដែរ ដល់អ្នកបើកបរយានយន្ត និង ម្ចាស់ក្រុមហ៊ុននានា ដែលប្រើប្រាសយានយន្តគ្រប់ប្រភេទ ត្រូវត្រូតពិនិត្យចំពោះអ្នកបើកបរយានយន្តរបស់ខ្លួន ក្រែងមានជាប់ពាក់ព័ន្ធគ្រឿងញៀន ចៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ៕
ចែករំលែកព័តមាននេះ