ក្រុងព្រះសីហនុ​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​​យ៉ាង​ថ្មី​​សន្លាង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​​យ៉ាង​ថ្មី​​សន្លាង

2 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សមិទ្ធផល​នានា​នៃ​គម្រោង​សាងសង់​ផ្លូវ​៣៤​ខ្សែនៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ដើម​ខែមេសា ឆ្នាំ​២០២១ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់ បន្ទាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ បាន​សាងសង់​ស្ទើរ​រួចរាល់​ទាំងស្រុង គិត​មក​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សមិទ្ធផល​នានា​នៃ​គម្រោង​សាងសង់​ផ្លូវ​៣៤​ខ្សែនៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ដើម​ខែមេសា ឆ្នាំ​២០២១ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់ បន្ទាប់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ បាន​សាងសង់​ស្ទើរ​រួចរាល់​ទាំងស្រុង គិត​មក​ដល់​ពាក់កណ្តាល​ខែកុម្ភៈ ។

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​ថា តាម​គម្រោង​សមិទ្ធផល​នានា នៃ​គម្រោង​សាងសង់​ផ្លូវ​៣៤​ខ្សែ នៅ​ខេត្ត​ព្រះ​សីហ​នុ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ ។ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​បញ្ជាក់​ថា ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​​ទាំង​៣៤​ខ្សែ មក​ដល់​ពេល​នេះ (១២​កុម្ភៈ​) បាន​ធ្វើ​ស្ទើរតែ​រួចរាល់​ទៅ​ហើយ ឯ​ការងារ​នៅ​សេសសល់​កំពុង​សម្អាត និង​កែ​លម្អ​កន្លែង​ដែល​នៅ​ខ្វះខាត ។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​នៅ​លើ​ផ្លូវ​៣៤​ខ្សែ​អនុវត្ត​បាន​៧២,៧២​ភាគរយ​នៃ​ចំនួន​ផ្លូវ ១.២៧៩.៥៩២,៥០​ម៉ែត្រក្រឡា ត្រូវ​អ៊ុត​នោះ​ហើយ ។ ស្រប​ពេល​ជាមួយ​គ្នា​នឹង​ការ​អ៊ុត​កៅស៊ូ​នេះ​ការ​រៀបចំ គំនូស​ចរាចរណ៍​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន ។គម្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​ជាង​៨០​គីឡូម៉ែត្រ បាន​ចាក់​បេតុង រួចរាល់​ជា​ស្ថាពរ និង​កំពុង​ដំណើ​ការ​អ៊ុត​កៅស៊ូ បេ​ទី​មី​ន័​រ​បន្ថែម​ពីលើ​កម្រាស់​០,០៧​ម៉ែត្រ មាន​ប្រវែង​ជាង​៨០​គីឡូម៉ែត្រ ដោយ​គ្រោង​ធ្វើ​ឱ្យ​ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ។

ក្រុមហ៊ុន​ទទួល​បាន​គម្រោង អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ លើ​ផ្លូវ​ទាំង​៣៤​ខ្សែ នៅ​ក្រុង​ព្រះ​សីហនុ​មាន​ចំនួន​៣ គឺ​ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួល​បាន​ផ្លូវ​ចំនួន​៥​ខ្សែ​, ក្រុមហ៊ុន​TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ​, ក្រុម​ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន​១៧​ខ្សែ ។ គម្រោង​សាងសង់​ផ្លូវ​ខាងលើ​នេះ បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អ​គ្ក​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​គម្រោង​លើក​ឡើង ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន ។

ឯកឧត្តម គួ​ច ចំរើន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នីមួយ​ៗ​បង្កើន​ការងារ​ឱ្យ​បាន​ទ្វេ​ដង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ចប់​យ៉ាង​យូរ​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១ ដើម្បី​រៀបចំ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។ ឯកឧត្តម​បញ្ជាក់​ថា ទោះ​ផ្លូវថ្នល់​ត្រូវ​បាន​សាងសង់​រួច​ក៏​ពិតមែន តែ​នៅ​មានការ​ងារ​ផ្សេង​ៗ​ដែល​ត្រូវ​បញ្ចប់​ដូច​ជា បន្ទប់ទឹក​សាធារណៈ អាង​ប្រព្រឹត្ត​កម្ម ការ​អ៊ុត​បេ​ទី​ម ការ​បំពាក់​អំ​ពូ​ល​បំភ្លឺ​ផ្លូវ ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ការ​គូស​គំនូស​ចរាចរណ៍ ការ​បំពាក់​ភ្លើង​ចរាចរណ៍​ជាដើម ។

ក្រៅពី​គម្រោង​ផ្លូវ​៣៤​ខ្សែ​នេះ រាជរដ្ឋាភិបាល​ក៏​ទើបតែ​សម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​១០០​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​ផ្លូវ​១១​ខ្សែ ដោយ​គិត​ត្រឹម​ខែមករា ស​ម្រ​ច​បាន​ជាង ១១%​ហើយ ។ លើស​ពី​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​កំពុង​សិក្សា​បង្កើត​ជា​វិ​ថី​ម្ហូបអាហារ Street Food ថ្មី​មួយ​កន្លែង ក្នុង​គោលបំណង​ដើម្បី​លើក​សោភ័ណ​ភាព​ក្រុង និង​ជំរុញ​វិស័យ​ទេសចរណ៍​ផង​ដែរ ៕​