ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​កង់​៣៥១​នាក់ ចូលរួម​កម្មវិធី​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទិវា​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់​លើក​ទី​១ នៅ​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី​សរុប ចំនួន​៣៥១​នាក់ មក​ពី​0៥​ប្រទេស​។…


ខេត្ត​ព្រះ​សីហ​នុ ៖ ទិវា​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់​លើក​ទី​១ នៅ​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី​សរុប ចំនួន​៣៥១​នាក់ មក​ពី​0៥​ប្រទេស​។ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ រៀបចំ​ឡើង​ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​។

ជាមួយ​ការ​រៀបចំ​ទិវា​ជិះ​កង់​លក្ខណៈ​អាជីព និង​កម្សាន្ដ​លើក​ដំបូង​នេះ លោក រដ្ឋមន្ដ្រី ថោ​ង ខុន បាន​ចាត់​ទុក​ថា នេះ​គឺជា​ការ​ចាប់ផ្ដើម​ឡើង​វិញ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ នៅ​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​ជាទី​ក្រុង​ដ៏​ប្រណីត ក្រោយ​ការ​ដាក់​ទុន​វិនិយោគ​យ៉ាងច្រើន​ពិ​វិនិយោគ​គិ​ន​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​មក​កាន់​តំបន់ឆ្នេរ​កម្ពុជា​យើង​។

លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ ទោះបី​នៅ​មាន​ចំនួន​តូច តែ​វា​ពិតជា​បាន​បង្ហាញ​នូវ​ការ​ចាប់ផ្ដើម​សាកល្បង​ជា​បណ្ដើរ​ៗ នូវ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តូច​ៗ ប៉ុន្ដែ​យើង​ត្រូវ​គោរព​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​អាច​ជា​ការ​ចាប់ផ្ដើម​បង្ហាញ និង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​មួយ​នេះ​។ លោក​បន្ដ​ថា កីឡាករ​ទាំងអស់​ក៏​ដូច​ជា​ប្រជាជន​យើង​ទូ​ទាំង​ប្រទេស​ពិតជា​មាន​មោទនភាព​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស​របស់​ទី​ក្រុងព្រះសីហនុ ដែល​ជាទី​ក្រុង​មួយ​ដ៏​ប្រណីត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្នុង​ប្រសិទ្ធ​នាម​ជា (​តារា​រះ​នា​ទិសនិរតី )​។

រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​អ្នក​វិនិយោគ​គិ​ន​យ៉ាងច្រើន​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​នេះ ដើម្បី​បង្កើន​ការ​ទាក់ទាញ​អ្នក​វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត មក​កាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​របស់​យើង​។ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ក្នុង​នាម​ម្ចាស់ផ្ទះ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ជិះ​កង់​នេះ គឺជា​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​លេង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ផ្លូវ​កាយ ផ្លូវចិត្ត ដែល​ការ​ជិះ​កង់​នេះ ធ្វើ​ឲ្យ​សរសៃ​សាច់ដុំ ផ្លូវដង្ហើម​មាន​ភាពរឹងមាំ និង​ទ​ទួ​បាន​នូវ​សុខភាព​ល្អ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទោះបី​ព្រឹត្តិការណ៍​នេះ មិនមែន​ជា​ការ​អភិវឌ្ឍ​ជំនាញ​កម្រិត​ខ្ពស់ ប៉ុន្ដែ​វា​ជា​ការ​បំផុស​ចលនា​កីឡា​មួយ ដែល​ស្របគ្នា​ជាមួយនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ គួរ​បញ្ជាក់​ថា វិញ្ញាសា​ប្រកួត នៃ​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នេះ គឺ​មាន​ចំនួន​0៣​វិញ្ញាសា រួម​មាន​វិញ្ញាសា​អ្នក​ជិះ​កង់​អាជីព​ចម្ងាយ​៤០​គីឡូម៉ែត្រ​, វិញ្ញាសា​ប្រភេទ Fun Ride គឺជា​ការ​ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ថ្មី​ចម្ងាយ ២៥​គីឡូម៉ែត្រ និង​វិញ្ញាសា Family Couple Ride ជិះ​កង់​ជា​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​ចម្ងាយ​១៥​គីឡូម៉ែត្រ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ក្រុងព្រះសីហនុ​។ ចំពោះ​អ្នកចូលរួម គឺ​មាន​ពី​ខេត្តកំពង់ចាម​, កំពង់ស្ពឺ​, កណ្ដាល​, រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ជនបរទេស ដូច​ជា​ឥណ្ឌា ចិន ថៃ ហ្វី​លី​ពី​ន និង​អង់គ្លេស​ជាដើម​។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ NOCC និង​ក្រសួងទេសចរណ៍ សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ នៃ​ខេត្ត​ព្រះ​សីហ​នុ ព្រម​ចូលរួម​បញ្ជ្រាប​ការ​យល់ និង​ផ្លាស់​ប្ដូរ​ឥរិយា​បទ​ក្នុង​ស្រទាប់​យុវវ័យ​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​១៤ កុម្ភៈ ដែល​កន្លង​មក​យុវជន​មួយ​ចំនួន​នៅ​តែ​យល់​ច្រឡំ​នូវ​និយម​ន័យ​ពិត​នៃ​ថ្ងៃ​បុណ្យ​នេះ​។ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បាន​សង្កត់ធ្ងន់​លើ​ការ​ចូលរួម​ស្វែង​យល់​ឲ្យ​យល់​ដឹង​ពី​អ​ន្ថ​ន័យ​ខ្លឹមសារ​ពិត​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ សំដៅលើ​ការ​គោរព​ស្រឡាញ់ ចំពោះ​ឪពុក​ម្តាយ ក្រុម​គ្រួសារ មិត្តភក្តិ មិនមែន​ជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ព្រហ្មចារី​យ៍​ដល់​គូស្នេហ៍​នោះ​ទេ​៕ ដោយ ៖ រស់ ភី​ណា