ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ចាប់ផ្តើមហើយ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ​កម្ពុជា ចា​ប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ​នៅថ្ងៃទី១០ ខែកុម្ភៈនេះតទៅ។  ​ការចាក់វ៉ាក់សាំងនេះ​​ ​​ត្រូវធ្វើជាដំណាក់​កាលៗ ទៅតាមចំនួនវ៉ាក់សាំង ដែលបាន ទទួលរួចហើយ…

ភ្នំពេញ​៖ ​កម្ពុជា ចា​ប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ​នៅថ្ងៃទី១០ ខែកុម្ភៈនេះតទៅ។  ​ការចាក់វ៉ាក់សាំងនេះ​​ ​​ត្រូវធ្វើជាដំណាក់​កាលៗ ទៅតាមចំនួនវ៉ាក់សាំង ដែលបាន ទទួលរួចហើយ និងវ៉ាក់សាំង ដែល​អាចនឹង​ទទួ​លបាន​នៅក្នុងឆ្នាំ២០២១​ នេះ​។

ការចាក់វ៉ាក់សាំងកូវីដ-១៩ SINOPHARM ដែលកម្ពុជា ទទួលបានពីចិន ចំនួន ៦០ម៉ឺនដូស​ ត្រូវធ្វើឡើងនៅតាម​មន្ទីរពេទ្យរដ្ឋ ចំនួន ៥ នៅភ្នំពេញ។ ​មន្ទីរ​ពេទ្យ ៤ សម្រាប់ស៊ីវិល និងមន្ទីរពេទ្យ ១ សម្រាប់កងកម្លាំងប្រដាប់អាវុធ​។​

ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃពុធ ទី១០កុម្ភៈ ក្រសួងសុខាភិបាល ​ចាប់ផ្តើម​ចាក់វ៉ាក់សាំង ៣០ម៉ឺនដូស នៅមន្ទីរពេទ្យ​​រដ្ឋ ចំនួន ៤ រួមមាន៖ ១-នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​ សម្រាប់​ឥស្សរជនជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។​ ​២-នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ ឥស្សរជន​ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ ឥស្សរជន ជាអភិបាលរាជធានីខេត្ត។ ​៤-នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់ អ្នកសារព័ត៌មាន​។

ការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើដោយឥតគិតថ្លៃ ដោយស្ម័គ្រចិត្ត និងត្រូវ​ចុះឈ្មោះជាមុន តាម ប្រព័ន្ធទូរស័ព្ទ ឬក៏នៅតាមមន្ទីរពេទ្យនីមួយៗ​។

ដោយឡែក នៅមន្ទីរពេទ្យ​ព្រះកេតុមាលា ឬមន្ទីរពេទ្យទាហាន នៅជិតវត្តភ្នំ នឹង​ចាប់ពីម៉ោង ២រសៀល ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ​នឹង​បើក​ចាក់​វ៉ាក់​សាំង​កូវីដ ស៊ីណូ​​​​​​​ហ្វាម ជូន​​​នាយ​ទាហានជាន់​ខ្ពស់ ថ្នាក់​ដឹកនាំ ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បី​បង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំងវ៉ាក់សាំងចិន​។

ដើម្បី​ឲ្យការចាក់វ៉ាក់សាំង​នេះ ប្រព្រឹត្តិទៅតាមពិធីសារ​ ស្តីពី យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែកុម្ភៈ បានណែនាំ​ ៩ចំណុច មានជាអាទិ៍៖ ក្នុងដំណាក់កាលទី១នេះ ចំនួនអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ១៩ គឺនឹងត្រូវ​កំណត់​មាន​ចំនួនត្រឹមតែ ១៤៩ ៥០០នាក់ ដែលនឹងត្រូវ​ប្រើប្រាស់វ៉ាក់សាំង ស៊ីណូ ហ្វាម ដែលបាន ទទួល ពីសាធារណរដ្ឋប្រជាមានិតចិន ហើយដែល​បានប្រកាសចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ​។

ក្រសួងសុខាភិបាល ក៏បានលើកឡើងថា ដោយអនុវត្តតាម​អនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់​នូវទំនុកចិត្ត​ ជូនដល់បងប្អូន​ប្រជាពលរដ្ឋ លើការចាក់វ៉ាក់សាំង​នេះ ក្រុមមនុស្ស ដែល​ត្រូវបានអនុញ្ញាត​ឲ្យចាក់វ៉ាក់សាំង ខាងលើនេះ គឺមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងបុត្រាបុត្រី ជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានា និងអ្នកសារព័ត៌មាន ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ជាដំបូងគេ ទៅតាមទីកន្លែង ដែលបាន​ប្រកាស កាលពីថ្ងៃទី៨ ខែកុម្ភៈ​។

ចំណែក​ក្រុមមនុស្ស ដែលត្រូវបានអនុញ្ញាត​ឲ្យចាក់ជាបន្តបន្ទាប់ នៅពេលបន្តបន្ទាប់​ទៀតនោះ គឺកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរថ្នាក់​ក្រោមជាតិ​ជួរមុខ រួមមាន ថ្នាក់ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ និងកងកម្លាំងមាន​សមត្ថកិច្ច ប៉ូលិស​ជួរមុខ ដែលកំពុងសកម្មក្នុងការជួយអន្តរាគមន៍ នៅក្នុង​ការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ និងប៉ូលិស ដែល​នៅឈរជើងតាមព្រំដែន នឹងត្រូវចាក់​ជូនដោយក្រសួងការពារជាតិ។​

សម្រាប់ក្រុមមនុស្សអាទិភាព ដែលស្ម័គ្រចិត្ត​ចាក់ផ្សេងៗទៀត ក្រសួង នឹងជូនព័ត៌មាន​តាមក្រោយៗទៀត នៅពេលដែលមានវ៉ាក់សាំង​ សម្រាប់ចាក់ជូន​។

ក្នុងសេចក្តីប្រកាសដដែល ក្រសួងសុខាភិបាល ក៏បាន​​បញ្ជាក់​ថា បុគ្គលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង គឺក្នុង​ក្រុមអាយុ​ចាប់​ពី ១៨​ឆ្នាំ ទៅ ៥៩ឆ្នាំ​ ត្រូវមានសុខភាពល្អ ​ហើយមិន​ស្ថិត​នៅក្នុងស្ថានភាព​មានជំងឺធ្ងន់ធ្ងរ ដែលមិនត្រូវមកទទួលវ៉ាក់សាំង ស៊ីណូ ហ្វាម ដូចជា មានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺអាឡាក់ស៊ី ឬក៏មានជំងឺ​ថ្លើម លើសឈាម ជាដើម។ ក្នុងនោះ អ្នកធ្លាប់កើតជំងឺកូវីដ១៩ ក៏មិនអាចចាក់វ៉ាក់សាំងនេះបានដែរ​។

ទោះបីជាពេលនេះ កម្ពុជា​​មានវ៉ាក់សាំងក៏ដោយ ក៏ក្រសួងសុខាភិបាល នៅតែប្រកាស អំពាវនាវ ​ឲ្យប្រជាពលរដ្ឋ បន្តចូលរួម​អនុវត្តវិធានការ​ការពារខ្លួន​ឲ្យបានត្រឹមត្រូវ ដោយទោះជា បាន​ចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏នៅតែមានតម្រូវការ​ឲ្យបន្ត​អនុវត្តវិធានការ​ ៣ការពារ គឺ​ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គល​យ៉ាងតិច ១កន្លះឡើងទៅ និង ៣កុំ គឺកុំទៅ កន្លែង​ដែលមានមនុស្សច្រើនកុះករច្រើន កុំទៅកន្លែង​ដែលបិទជិត ប្រើម៉ាស៊ីនត្រជាក់ ច្រើនពេក និងកុំ​ចាប់​ដៃគ្នា ឬកុំ​ឱបគ្នា ឬកុំកៀកស្មាគ្នា នៅពេលជួបគ្នា​។

ក្រសួងសុខាភិបាល ក៏បានប្រកាសជូនសាធារណជនថា ប្រសិនបើ​មានការវិវត្តន៍ ឬបញ្ហា ពាក់ព័ន្ធនឹងការងារវ៉ាក់សាំងកូវីដ១៩នេះ ហើយប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ​ករណី​មានប្រតិកម្មទៅនឹងវ៉ាក់សាំងកូវីដ១៩ សូមហៅទៅលេខទូរស័ព្ទទាន់​ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ 012 880 745 ឬ 012 830 588។

ដូច្នេះកម្ពុជា ចាប់ផ្តើម​យុទ្ធសាស្ត្រ​ការពារ​សុខភាព​ប្រជាជនកម្ពុជា តាមរយៈវ៉ាក់សាំង​ ដោយចេញមុនគេ គឺវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន។ តែ​កម្ពុជា ក៏រំពឹងថា នឹងទទួលបាន វ៉ាក់សាំងជាច្រើនទៀត រហូតដល់ ២០លានដូស ដែលអាចមានមកពីឥណ្ឌា អង់គ្លេស ឬក៏រុស្ស៊ី ជាដើម​។

ចំពោះប្រសិទ្ធភាព ក៏គួរតែ​មិនមានការសង្ស័យ​ទៀតនោះទេ​ ព្រោះថា លើកលែង តែសម្តេច តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗ ដែលមានអាយុលើសពី ៦០ឆ្នាំ គឺ​មានឥស្សរជន ថ្នាក់ដឹកនាំ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានីខេត្ត ព្រមទាំង​អ្នកសារព័ត៌មាន និងឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ អាយុក្រោម ៥៩ឆ្នាំ បានចាប់ផ្តើម​ចាក់វ៉ាក់សាំង ជាមួយនឹងកូនៗរបស់ថ្នាក់ដឹកនាំ​ជាច្រើនទៀត ផងដែរ​៕