ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២១នេះ​ខេត្ត​ព្រះ​សីហ​នុ​នឹង​មាន​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៣ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​គម្រោង​នៅ​ឆ្នាំ​២០២១​នេះ ខេត្ត​ព្រះ​សីហ​នុ​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៣ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ក្នុង​នោះ​រួម​មាន ៖ ទី​១-​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ « ជិះ​កង់ នៃ​ក្តី​ស្រឡាញ់​,…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​គម្រោង​នៅ​ឆ្នាំ​២០២១​នេះ ខេត្ត​ព្រះ​សីហ​នុ​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៣ ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ក្នុង​នោះ​រួម​មាន ៖ ទី​១-​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ « ជិះ​កង់ នៃ​ក្តី​ស្រឡាញ់​, ទី​២-​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវ​ថ្មី​ទាំង​៣៤​ខ្សែ និង​ទី​៣-​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣​ឆ្នាំ​២០២១​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នឹង​មាន​រៀបចំ​មុនគេ​នូវ​ព្រឹត្តិការណ៍ « ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ » ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ មាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ « ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ » ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវ​ថ្មី​ទាំង​៣៤​ខ្សែ និង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣​ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​អូ​ឡា​ពិ​ក​កម្ពុជា ( NOCC ) បាន​ថ្លែង​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​សម្រាប់​ព្រឹត្តិការណ៍ « ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» បាន​ជិត​២០០​នាក់​ហើយ ហើយ​កំពុង​តែ​ទទួល​ការ​ចុះ​ឈ្មោះ​បន្ត​ទៀត​។ លោក​បញ្ជាក់​ថា សម្រាប់​ទីតាំង​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នោះ​មាន​៣​កន្លែង​រួម​មាន ទី​១-​នៅ​ទីតាំង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ជិត​រង្វង់​មូល​វត្ត​សំពៅ​មាស សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​, ទីតាំង​ទី​២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះ​លេខ​79C, ផ្លូវ 155, សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន និង​ទីតាំង​ទី​៣ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​។

លោក​អគ្គលេខាធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ​ជា​ព្រឹត្តិការណ៍​មួយ​បន្ត​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ឥរិយា​បទ ក្នុង​ស្រទាប់​យុវវ័យ នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ១៤​កុម្ភៈ ដែល​កន្លង​មក​យុវជន​មួយ​ចំនួន​នៅ​តែ​យល់​ច្រឡំ​នូវ​និយម​ន័យ​ពិត​នៃ​ថ្ងៃ​បុណ្យ​នេះ​។ លោក​ថា និយម​ន័យ​ពិត​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​គឺ​សំដៅ​ទៅ​លើ​ការ​គោរព​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ ក្រុម​គ្រួសារ មិត្តភក្តិ មិនមែន​ជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ព្រហ្មចារី​យ៍​ដល់​គូស្នេហ៍​នោះ​ទេ​។

លោក​បន្ថែម​ថា ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ក៏​មាន​គោលបំណង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​។ តាម​រយៈ​ការ​ជិះ​កង់​នេះ​នឹង​នាំ​ឲ្យ​យុវជន និង​មហាជន​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ព្រមទាំង​ទាក់ទាញ​ឲ្យ​មហាជន​ជួយ​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​ទៀត​ផង​។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ត្រូវ​បាន​រៀបចំ​វិញ្ញាសា​កីឡា​ជិះ​កង់​ចំនួន​៣​ប្រភេទ​រួម​មាន​៖ ទី​១ ប្រណាំង​កង់​ភ្នំ​ចំងាយ​៤០​គីឡូម៉ែត្រ​ដោយ​ចេញដំណើរ​ពី​ឆ្នេរ​ឈើទាល​១​។ ទី​២-​ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល​១ និង​ទី​៣-​ជិះ​កង់​ក្រុម​គ្រួសារ និង​គូរ​ស្នេហ៍​ចម្ងាយ​១៥​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូរ​ឈើទាល​១​ដូច​គ្នា​។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​បាន​ក្នុង​ពេល​ថ្មី​ៗ​នេះ សំខាន់​ផ្លូវ​ទាំង​៣៤​ខ្សែ ក្រោម​ការ​ច​ង្អុ​រ​បង្ហាញ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ក៏​ថ្លែង​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ សំខាន់​អភិបាលខេត្ត​ព្រះ​សីហ​នុម​ន្ត្រី​រាជការ ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​ដែល​មិន​នឹក​ស្មាន​ដល់ ដូច​សព្វ​ថ្ងៃនេះ​។ លោក ថោ​ង ខុន ក៏​បាន​បញ្ជាក់​ដែរ​ថា ហេតុ​អ្វី​បានជា​យើង​ហ៊ាន​រៀបចំ​ព្រឹត្តិការណ៍ « ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ » អំឡុង​ពេល​ដែល​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភពលោក​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដូច្នេះ​។ លោក​សង្កត់ធ្ងន់​ថា បញ្ហា​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភពលោក​ធ្លាក់​ចុះ​ប្រមាណ​៨០% និង​ប៉ះពាល់​វិស័យសេដ្ឋកិច្ច​ប្រមាណ​៩៧៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ប៉ះពាល់​ដល់​វិស័យ​ការងារ​រហូត​ដល់​ដល់​១២០​លាន​នាក់​ឯណោះ​។ ចំណែក​នៅ​តំបន់​អាស៊ាន​ក៏​ដូច​កម្ពុជា​ក៏​មានការ​ធ្លាក់​ចុះ​ប្រមាណ​៨០% ផង​ដែរ​។

ប៉ុន្តែ​លោក​ថា សម្រាប់​កម្ពុជា​យើង​បាន​កត់សម្គាល់​ឃើញ​ថា បាន​គ្រប់គ្រង​បាន​ល្អ​អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​-១៩ ហើយ​ចំណុច​ដែល​សំខាន់​នោះ​គឺ​យើង​គ្រប់គ្រង​បាន​ដោយ​មាន​អ្នក​ឆ្លង​តិច ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ហើយ​ករណី​នេះ​គឺ​មាន​តែ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ករណី​នេះ​ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​យើង​ឆ្លៀតឱកាស​ជម្រុញ​វិស័យសេដ្ឋកិច្ច​ជា​បណ្តើរ​ៗ សំខាន់​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង​តែ​ម្តង​។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ថា ទូ​ទាំង​សកលលោក​បាន​ដាក់​ចេញ​នូវ​សេណា​រី​យោ​៣ សម្រាប់​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ខណៈ​ដែល​សេណានី​យោ​ទី​១-​វិស័យ​ទេសចរណ៍​អន្តរជាតិ​នឹង​ងើបឡើង​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​។

ចំពោះ​សេណានី​យោ​ទី​២-​គឺ​ងើបឡើង​វិញ​នៅ​ចុងឆ្នាំ​២០២៣ និង​សេណា​រី​យោ​ទី​៣-​អាច​ងើបឡើង​វិញ​នៅ​ចុងឆ្នាំ​២០២៤​ឯណោះ​។ ប៉ុន្តែ​លោក​ថា អ្វី​ទាំងអស់​គឺ​វា​ចំណុះ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ចំណុះ​លើ​ការ​រិ​ត​ដ្បិត​ការ​ដើរ​ហើយ​នៅ​តាម​ព្រំដែន​ការ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត និង​ទី​៣-​ចំណុះ​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក​តែ​ម្តង​។ លោក​ថ្លែង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ប្រទេស​អាស៊ាន​បាន​ប្រកាស​រួច​ហើយ អំពី​វិធី​ជំរុញ​កម្មវិធី​នាក់​វ៉ាក់សាំង​ដោយ​សង្កត់ធ្ងន់​ថា ទេសចរណ៍​ចូល​អាស៊ាន​ត្រូវ​តែ​មានការ​ចាក់​វ៉ាក់សាំង​រួច​ហើយ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​តែ​មិនមែន​អាច​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស​នោះ​ទេ ព្រោះ​កង្វះខាត​វ៉ាក់សាំង​ផង ខណៈ​ដែល​សកម្មភាព​ចាក់​វ៉ាក់សាំង​ក៏​មិនមែន​ធ្វើ​ក្នុង​រយៈពេល​ខ្លី​បាន​ដែរ​។ លោក ថោ​ង ខុន បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​កម្ពុជា​យើង​ក៏​ជា​ឱកាស​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ ដូច​ជា​ផលិតផល​ទេសចរណ៍​ជាដើម​។

ដូច្នេះ​ព្រឹត្តិការណ៍ « ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ » វា​ក៏​ជា​ផលិតផល​ទេសចរណ៍​ផង​ដែរ​។ លោក​ថា យើង​អាច​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​បាន​មែន តែ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ណា​ដែល​មិន​ប៉ះពាល់​ដល់​៣​កុំ​៣​ការពារ​ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩​។ លោក​ថា ខណៈ​នេះ​យើង​ត្រូវ​ឆ្លៀត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ និង​ផ្សព្វផ្សាយ​ទៅ​ទេសចរណ៍​អន្តរជាតិ​បានដឹង​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ