រាជធានីភ្នំពេញ ៖ បើទោះបីជាតារាកំប្លែងជើងចាស់ល្បីឈ្មោះ២ដួងមានអាយុលើសពីកាលពីកំណត់ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិនយ៉ាងណាក៏ដោយ ក៏លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម និងលោក ជួងជី ហៅកុយ បានប្រកាសថា ខ្លួននឹងស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ដែលមានឈ្មោះSinopharm ខណៈពេលដែលកម្ពុជាទើបតែទទួលជំនួយថ្នាំវ៉ាក់សាំងលើកទី១ ប្រមាណ៦០ម៉ឺនដូស ដោយបានដឹកតាមយន្ត ហោះមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
បើទោះបីជាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ដែលមានឈ្មោះ Sinopharm មិនអាចចាក់បានលើមនុស្សដែលមានអាយុលើសពី៥៩ឆ្នាំក៏ដោយ ប៉ុន្តែសម្រាប់នាយ ក្រឹម បានប្រកាសក្តែងៗថា ខ្លួននឹងស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងនេះ ក្នុងពេលដែលនាយ កុយ ក៏បានយល់ព្រមនៅក្នុងការចាក់នេះដូចគ្នា ប្រសិនមានគោលការណ៍ពីថ្នាក់ដឹកនាំ ហើយអាស្រ័យលើសុខភាពរបស់លោកផងដែរ។
លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម ដែលមានអាយុ៦០ឆ្នាំ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ខ្ញុំ អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ស្ម័គ្រចិត្តចាក់វ៉ាក់ សាំង Sinopharm របស់ចិន សូមបងប្អូនទាំងអស់គ្នាចូលរួមបង្ការ និងកាពារមេរោគកូវីដ១៩ នេះ។ អរគុណ សន្តិភាព!។
ចំណែកលោក ជួង ជី ហៅកុយ ដែលមានអាយុ៦៤ឆ្នាំ បានអះអាងប្រាប់តាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ចំពោះលោក ប្រសិនបើគោលការណ៍របស់សម្ដេចថា វ៉ាក់សាំងមកហើយត្រូវតែចាក់នោះ គឺលោកនឹងចាក់ ប៉ុន្តែមុននឹងសម្រេចចាក់លោកក៏ត្រូវពិនិត្យសុខភាពជាមុន ព្រោះលោកមានអាយុច្រើនហើយដែរ។
លោកបញ្ជាក់ថា ក្នុងករណីដែលលោកអាចចាក់បាន លោកនឹងចាក់ ព្រោះលោកជាមនុស្សរបស់មហាជន ហើយប្រសិនក្នុងករណីរូបលោកចាក់មិនបានទេនោះ លោកនឹងប្រាប់កូនចៅ និងសាច់ញាតិឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រសិនបើវ៉ាក់សាំងនេះ មានប្រើទូលំទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរហើយ។
ជាការកត់សម្គាល់ នៅមុនពេលដែលជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនមកដល់កម្ពុជានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបញ្ចេញឈ្មោះ នាយ កុយ យ៉ាងច្បាស់ៗថា លោកជាមនុស្សដែលត្រូវទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលបានមុន។
ក្រោយពីការប្រកាសនោះ នាយ កុយ ក៏បានបញ្ចេញសារបង្ហោះតាមហ្វេសប៊ុកភ្ជាមៗដែរថា ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស ។ ហើយលោកមានប្រសាសន៍ថា លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាន និងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេចដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេ ព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេចក្តីសុខកុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។
គួបញ្ជាក់ថា ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលចិនចំនួន១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលនឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងអ្នករត់តាក់ស៊ីជាដើម។
តាមការគ្រោងទុកការចាក់វ៉ាក់សាំងនេះ នឹងប្រពឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំង៤កន្លែងផ្សេងគ្នា គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ៕
ចែករំលែកព័តមាននេះ