ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម៖ ចៀងវាងស្ថានភាព គ្នាច្រើនសន្សមខ្លោច

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ​ក្រុមហ៊ុន​ ៣ បានទទួលសិទ្ធិប្រមូល​​ និងដឹកជញ្ជូន​សំរាម សំណល់រឹង នៅរាជធានី​ភ្នំពេញ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១…

ភ្នំពេញ​៖ ​ក្រុមហ៊ុន​ ៣ បានទទួលសិទ្ធិប្រមូល​​ និងដឹកជញ្ជូន​សំរាម សំណល់រឹង នៅរាជធានី​ភ្នំពេញ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តទៅ​។ កាលមុន មានតែស៊ីនទ្រីមួយ​ប៉ុណ្ណោះ រ៉ាប់រង​ប្រមូល និងដឹកជញ្ជូនសំរាម នៅភ្នំពេញ ហើយ​ពេលខ្លះ ក៏មានបញ្ហា​កកស្ទះសំរាមយូរថ្ងៃក៏មាន​។

គោលបំណងធំនៃការបង្កើនក្រុមហ៊ុន ទទួលខុសត្រូវសំរាមនេះ គឺដើម្បីធ្វើយ៉ាងណា អោយការគ្រប់គ្រងសំរាម កាន់តែមានប្រសិទ្ធភាព ហើយភ្នំពេញកាន់តែស្រស់ស្អាត។

ពិធីប្រគល់-ទទួលកិច្ចសន្យា​ ស្តីពី ការផ្តល់​សេវាប្រមូល និងដឹកជញ្ជូន​សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ​។

ក្រុមហ៊ុនឯកជនទាំង ៣ នោះ គឺទី១-ក្រុមហ៊ុន​ ស៊ីនទ្រី របស់កម្ពុជា  សហការ​ជាមួយ​ក្រុមហ៊ុនចិន everbright។ ស៊ីនទ្រី ​ទទួលសិទ្ធិផ្តាច់មុខយូរឆ្នាំហើយ ក្នុងការប្រមូល សំរាម​​នៅ​ភ្នំពេញ ទី២- ក្រុមហ៊ុន Mizuda Group Co.,Ltd ​ដែល​មានទីស្នាក់ការធំ នៅទីក្រុងហ៊ូចូវ ខេត្តហ្សេជាំង ប្រទេសចិន ​ហើយ​កំពុងមានគម្រោង​​សាងសង់​រោង​ចក្រផលិតថាមពលអគ្គិសនី ដើរដោយការ​ដុតសំរាម នៅខេត្តសៀមរាប និងទី៣-​ ក្រុមហ៊ុន 800 Super/GAEA របស់សិង្ហបុរី។

ចាំមើលថាតើក្រុមហ៊ុនទាំងបីនេះ នឹងអាចធ្វើអោយទីក្រុងភ្នំពេញ កាន់តែស្រស់ស្អាត បានដល់កម្រិតណា។

នៅ​ក្នុងរាជធានីភ្នំពេញ មាន ១៤ខណ្ឌ ត្រូវបាន​បែង​ចែកជា ៣តំបន់។ ក្រុមហ៊ុន ១ ទទួលខុសត្រូវ​ប្រមូល និងដឹកជញ្ជូនសំរាមតែ ១តំបន់ប៉ុណ្ណោះ​ រួមមាន៖ ​តំបន់ទី១ – ​​ក្រុមហ៊ុន 800 Super/​GAEA មាន ៥ ខណ្ឌ គឺ​នៅខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។  តំបន់ទី២ – ក្រុមហ៊ុនចិន​ Mizuda Group Co.,Ltd មាន ៥ខណ្ឌ ​រួមមាន៖ ខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ ខណ្ឌ ៧មករា។ ​តំបន់ទី​៣ – ក្រុមហ៊ុន ស៊ីនទ្រី សហការជាមួយក្រុមហ៊ុនចិន everbright មាន ៤ ខណ្ឌ គឺខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង។

ក្នុងពិធីប្រគល់ និងទទួលកិច្ចសន្យា កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធា​នីភំ្នពេញ បានផ្ដាំផ្ញើដល់ប្រតិបត្តិករក្រុមហ៊ុនសំរាម​ទាំង៣ សូម​អនុវត្តនូវ ប្រតិបត្តិការផ្ដល់សេវា​ប្រមូល និងដឹកជញ្ជូនសំរាម សំណល់​រឹង នៅតាមតំបន់​របស់ខ្លួន ឱ្យបានល្អ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងទំនួល ខុសត្រូវខ្ពស់។

គេនៅចាំបានថា កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ​​សម្តេច​​តេ​ជោ ហ៊ុន សែន ​បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន ស៊ិន​ទ្រី ដោយ​ដាក់​ឲ្យ​ស្តិ​ត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​ជា​បណ្តោះអាសន្ន​។​

កាលពីណោះ​ សម្តេចតេជោ ក៏បានប្រកាស​ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ រាជធានីភ្នំពញ រៀបចំ​បែងចែកតំបន់​គ្រប់គ្រង និងប្រមូលសំរាម យ៉ាងហោចណាស់ ៤តំបន់ ហើយដាក់​ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃ ប្រមូល​ និង​គ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១តំបន់ប៉ុណ្ណោះ។​​

ការដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាមផ្តាច់មុខ​ នៅ​ភ្នំពេញ ដោយសារតែ​ក្រុមហ៊ុន​ ស៊ីនទ្រី ដែលធ្វើការងារប្រមូលសំរាម​យូរឆ្នាំមកហើយមួយនេះ មិនអាច​​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម ​​ទាន់ពេលវេលា។​

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសថា នៅភ្នំពេញ សព្វថ្ងៃ កើនឡើងទាំងទំហំផ្ទៃដី និងកើន ឡើងទាំងចំនួនប្រជាជន ហើយមួយថ្ងៃៗ មានសំរាម​ប្រមាណ ៣​០០០ តោន​។ ​

កន្លងមក វិបត្តិសំរាម តែងតែ​កើតឡើងញឹកញាប់​ ពិសេស​នៅពេលបុណ្យទានឈប់​សម្រាក ហើយ​ចុងក្រោយ គឺនៅពេលបុគ្គលិក​ក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្ម​កាលពី​ខែតុលា ឆ្នាំ២០២០ ស្របពេល​ដែល​ភ្នំពេញ មានភ្លៀងខ្លាំង បណ្តាល​ឲ្យលិចលង់​​នៅតំបន់ជាច្រើន នាំ​ឲ្យសំរាម​អណ្តែត​ពេញផ្លូវ​។​

ក្រៅពីសំរាមតាមផ្ទះ នៅភ្នំពេញ ក៏ជួបបញ្ហាសំរាម​កាកសំណល់​នៅតាម​ទីសាធារណៈ និងពិសេសនៅតាមសួនច្បារ​មាត់ទន្លេ​ ជាដើម​។ ប្រជាពលរដ្ឋតាមផ្ទះ​ និង​មហាជន ១ចំនួន​ ហាក់ដូចជា​ មិន​ទាន់​យកចិត្តទុកដាក់ចូលរួម​អនាម័យ វេចខ្ចប់​ ទុកដាក់សំរាម​ឲ្យបាន​ត្រឹមត្រូវ​ ពិសេស​ក្រោយពេលទទួលទាន​នៅតាមទីសាធារណៈ និងនៅសួនច្បារ មាត់ទន្លេ​។

យ៉ាងណាក៏ដោយ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ ការងារប្រមូលសំរាម ត្រូវបាន​បែងចែ​ក​ដល់​ ៣ក្រុមហ៊ុន​ ហើយចែកតំបន់​ទទួលខុសត្រូវថែមទៀត​។ ដូច្នេះអំរែក​​របស់ស៊ីនទ្រី​ពីមុន ក៏ត្រូវ​សម្រាល ខណៈដែល​មានក្រុមហ៊ុនបរទេស​ថ្មី ២ទៀត បាន​ចូលមកជួយ ហើយក៏មាន​កិច្ចសន្យា​លាយលក្ខណ៍អក្សរច្បាស់លាស់​រវាង​ក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររាជធានីភ្នំពេញ​​។

ដើម្បី​ឲ្យមហាជន និងប្រជាពលរដ្ឋ នៅភ្នំពេញ ចូលរួម​ក្នុងការងារ​គ្រប់គ្រង​សំរាម​​កាន់តែច្រើន អាជ្ញាធររាជធានីភ្នំពេញ ក៏គួរតែ​តម្រូវ​ឲ្យក្រុម​ហ៊ុន​សំរាមទាំង ៣ ត្រូវ​កំណត់​​ពេលច្បាស់លាស់ ដាក់កម្មករ​បោសសំអាត​តាមទីសាធារណៈ ផ្លូវធំៗ ពិសេស​តាមសួនច្បារ ដូចដែលស៊ីនទ្រី បានធ្វើកន្លងមក។

ការដាក់​ពង្រាយធុងសំរាម​ ក៏ត្រូវ​ឲ្យបានច្រើនជាងពេលនេះ មិនថា នៅសួនច្បារ ឬនៅតាម​មាត់ទន្លេទេ គឺតាមផ្លូវ​នានា ពិសេសទីប្រជុំជន​ ផ្សារជាដើម ត្រូវតែមាន​ធុង​សំរាម​តូចធំ។ នៅតាមផ្លូវ មិនថា ផ្លូវតូច ផ្លូវធំ ក៏គួរតែមានកន្លែងស្តុកសំរាម​ច្រើនកន្លែង​។

ពិសេសជាងនេះទៅទៀត នៅពេលមានការបោសសំអាត​​ហើយ មានធុងសំរាម​ច្រើន ដាក់ពង្រាយហើយ ក៏ត្រូវតែមានការដឹកជញ្ជូនសំរាម​​យ៉ាងហោចណាស់ ២ថ្ងៃម្តង​ បើមិនបានរាល់ថ្ងៃ នៅគ្រប់ទីកន្លែង​ មិនថា នៅតាមទីសាធារណៈ តាមផ្លូវ តាមសួនច្បារ ឬក៏នៅតាមផ្ទះ ប្រជាពលរដ្ឋនោះទេ​។ ព្រោះថា បើមានធុងសំរាម ហើយបែរជាសំរាម​ពេញហូរហៀរ ក៏​ការទុកដាក់សម្រាម​ មិនមានរបៀប ហើយត្រូវខ្យល់​បក់ប៉ើង ឬក៏ភ្លៀង​នាំ​សំរាម​ទាំងនោះ អណ្តែត​រាយប៉ាយទៀតជាមិនខាន។​

មួយវិញទៀត បើសិនជាមានធុងសំរាម​ហើយ ប្រជាពលរដ្ឋខ្មែរយើង ក៏មិនដល់ថ្នាក់ បោះ ចោលសំរាម​ក្រៅធុងនោះទេ​។ កន្លងមក ដោយសារតែ​ខ្វះធុងសំរាម ទើប​សំរាម​នៅរាយ ប៉ាយតាមផ្លូវ​ ហើយកន្លែងដែលមានធុងសំរាមហើយ ក៏ដោយច្រើន នៅតែមាន​សំរាម​ពេញធុង ហូរហៀរ​ ប៉ើងតាមខ្យល់​ រាយប៉ាយជាច្រើន​។​

នៅតាមផ្ទះប្រជាពលរដ្ឋវិញ មិនថា ផ្លូវតូច ឬផ្លូវធំទេ ក៏គួរតែរៀបចំកន្លែងទុកដាក់សំរាម​មាន​របៀប ហើយចងថង់​ វេចខ្ចប់សំរាម​ឲ្យបានត្រឹមត្រូវ ងាយស្រួលទាំង​អ្នកមក​ដឹក​ជញ្ជូនផង ហើយក៏មានរបៀបល្អ នៅផ្ទះរបស់ខ្លួនដែរ​។ ម្យ៉ាងទៀត អ្នកនិយម​យក​សំរាម ទៅបោះ​ចោល​ឲ្យផុតៗពីផ្ទះ ក៏គួរតែ​ឈប់ធ្វើទម្លាប់អាក្រក់នេះទៀត ព្រោះថា ទោះជាអ្នកយក សំរាមទាំងការ៉ុងៗ ទាំងថង់ៗ ទៅបោះចោល​ឲ្យផុតៗពីផ្ទះខ្លួនឯងយ៉ាង​ណាក៏ដោយ ក៏អ្នកនៅ​តែត្រូវបង់លុយថ្លៃសំរាម ប្រចាំខែ​ដដែល​។​

អាជ្ញាធរសមត្ថកិច្ច បានសហការជាមួយក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម​ ដោយ​រៀបចំ​ឲ្យមានក្រុមហ៊ុនច្រើន និងបែងចែកតំបន់ទទួលខុសត្រូវថែមទៀត ក្នុងបំណង​ដោះស្រាយ​ កុំ​ឲ្យកកស្ទះសំរាម ដូចកាលពីស៊ីនទ្រី នៅធ្វើតែឯង​។ ដូច្នេះ​ប្រជាពលរដ្ឋ​យើងគ្រប់រូប ក៏គួរតែ​ចូលរួម ហើយមិន​ធ្ងន់ឯណា គ្រាន់តែ​ទុកដាក់ វេចខ្ចប់សំរាម​ឲ្យ​បានត្រឹមត្រូវ ទុក​ឲ្យឡានសំរាម មកដឹកជញ្ជូននោះ។ វិបត្តិកក​ស្ទះសំរាម ដែលអ្នក​ភ្នំពេញ ជួបប្រទះ​កន្លង​មក គួរ​តែ​គ្រប់គ្រាន់​ហើយ​​​៕