ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ត្រូវប្រយ័ត្នខ្ពស់ ចំពោះ​កូវីដ១៩ ប្រភេទថ្មី ពី​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មកដល់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានភាព​ជំងឺកូវីដ១៩ នៅព្រំដែន​ប្រទេសថៃ បាន​ធូរស្បើយច្រើន ដោយនៅសល់ពលករ មកពីថៃ តែ…

ភ្នំពេញ៖ មកដល់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានភាព​ជំងឺកូវីដ១៩ នៅព្រំដែន​ប្រទេសថៃ បាន​ធូរស្បើយច្រើន ដោយនៅសល់ពលករ មកពីថៃ តែ ៧នាក់ប៉ុណ្ណោះ ដែលកំពុង​សម្រាក​ព្យាបាលជំងឺកូវីដ១៩។ ប៉ុន្តែ​អ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ បង្ហាញការព្រួយបារម្ភ​ខ្លាំង​ពីការឆ្លងរាលដាល​ជំងឺកូវីដ១៩ នៅប្រទេសវៀតណាម។ វៀតណាម ដែលឆ្លងរាលដាល​ដល់ទៅជាង ២០០នាក់ ក្នុង ១ថ្ងៃ ហើយរកឃើញ​មេរោគកូវីដប្រភេទថ្មីទៀតផង​។

របាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា មកដល់​ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ​នៅទូទាំង​​ប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧០នាក់។ ក្នុងនោះ ជាសះ​ស្បើយ ៤៥២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១៨នាក់។

ក្នុងចំណោម​អ្នកជំងឺកូវីដ១៩ សរុប ៤៧០នាក់ គឺមានពលករខ្មែរ ធ្វើដំណើរមកពី​ប្រទេសថៃ ចំនួន ៨៧នាក់។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករ មកពីថៃ ៨០នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ។ ពោលគឺនៅសល់តែពលករ ៧នាក់ប៉ុណ្ណោះ នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន ៣នាក់ និងនៅខេត្តបន្ទាយមានជ័យ ៤នាក់។

ក៏ប៉ុន្តែ​នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​​ប្រយុទ្ធនឹងជំងឺឆ្លង​របស់ក្រសួងសុខាភិបាល បានប្រកាសតាមក្រុម​ព័ត៌​មានតេឡេក្រាម​ថា ព័ត៌មាន ដែលគួរឲ្យព្រួយបារម្ភពេលនេះ គឺ​នៅវៀតណាម។ វៀតណាម មួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៧៦ករណី ហើយមានជាង ១០ករណី ជា មេរោគ ប្រភេទថ្មី។

លោក លី សូវ៉ាន់ បន្ថែ​មថា ស្ថានភាព​នៅវៀតណាម អាចអាក្រក់ជាងស្ថានភាពឆ្លង​សហគមន៍ នៅប្រទេសថៃ ទៅទៀត។ ដូច្នេះសុំ​ឲ្យ​បណ្តាខេត្ត នៅជាប់ព្រំដែន​វៀតណាម យកចិត្តទុកដាក់​ឲ្យខ្លាំងមែនទែន។ ទាំង​ការរឹតបន្តឹង​តាមច្រកព្រំដែនផ្លូវការ និងច្រករបៀង ពិសេស​ការឆ្លងដែនខុសច្បាប់ ត្រូវទប់ស្កាត់​ឲ្យបាន និងពិសេស​ការធ្វើចត្តាឡីស័ក ​ត្រូវរឹតបន្តឹង ឲ្យខ្លាំងមែនទែនដែរ​។

ការព្រួយបារម្ភខ្លាំងពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសវៀតណាម ជាប់ព្រំដែន​កម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាស​ផ្ទាល់មាត់ កាលពីថ្ងៃទី៤កុម្ភៈ ហើយសម្តេ​ច បានចេញបទបញ្ជា​​ឲ្យអាជ្ញាធរសមត្ថកិច្ច​ជាប់ព្រំដែនវៀតណាម ចាប់ពីខេត្ត​កំពត ដល់ខេត្តរតនគិរី ត្រូវ​បង្កើនការប្រុងប្រយ័ត្ន​ និងទប់ស្កាត់​ការឆ្លងដែន​របស់ប្រជាជនកម្ពុជា និងវៀតណាម ព្រមទាំងរៀបចំមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែន​ ពិសេស​បើមានការឆ្លងកាត់ព្រំដែន ត្រូវ​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដោយហ្មត់ចត់​បំផុត​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ ឆ្លងដែនចូល​កម្ពុជា​។

ក្រសួងសុខាភិបាល តាមរយៈលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង កាលពីថ្ងៃទី៤ ខែកុម្ភៈ​​ ក៏បាន​ចេញ​លិខិត​ ណែនាំដល់​អភិបាលខេត្តជាប់ព្រំដែន ឲ្យបង្កើន​ការប្រុងប្រយ័ត្ន និងចាត់​វិធានការ​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ការពារការចម្លងវីរុសកូវីដ១៩ ចូលមកកម្ពុជា។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួង​សុខាភិបាល​វៀតណាម​ បានប្រកាសពីការ​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​ខូវីដ​១៩ ​ចំនួន ​៨១​នាក់​​​​ ដែល​​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ជំងឺកូវីដ​១៩ ចំនួន ​២​នាក់​។ ដូច្នេះ ​នេះ​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ជា​ថ្មី​ម្ដង​ទៀត​ នៅប្រទេសវៀតណាម​ បន្ទាប់ពី​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជិត​ ២​ខែ​​។ ​ភ្លាមៗ អាជ្ញាធរ​វៀតណាម ក៏បានចាត់វិធានការ​ ​ស្វែង​​រក​អ្នក​សង្ស័យ​ទាំង​អស់ ​មក​ពិនិត្យ និងធ្វើ​​ចត្តាឡីស័ក​​។


​​ក្នុ​ង​ចំណោម​អ្នក​ឆ្លង​ថ្មី ​នៅប្រទេសវៀតណាម ​គឺមាន​ម្នាក់​ជា​បុគ្គលិក ​ធ្វើ​ការ​នៅព្រលាន​យន្តហោះ​ ដែល​ឆ្លង​ពី​អ្នក​ដំណើរ​បរទេស​ ពេល​គាត់​ដឹក​ជញ្ជូន​ពួក​គេ ​ទៅ​មណ្ឌល​ចត្តា​ឡីស័ក​។ ម្នាក់​​ទៀត ​ជា​កម្មករ​រោង​ចក្រ​ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ធ្វើ​ដំណើរ​ចេញ-ចូល​ប្រទេស​ជប៉ុន​។ ក្រោយមក ​អ្នក​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​នោះ ធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​ខូវីដ​១៩ ​ប្រភេទ​ថ្មី​ ដែល​មាន​ប្រភព​នៅ​​អង់គ្លេស​​។

​ករណីឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ នៅប្រទេសវៀតណាម នាពេល​​នេះ បាន​​កើត​​ឡើង​​តែប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ​មុន​ពេល​ប្រទេស​វៀតណាម រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​។ នោះ​ជា​ពេល​​ដែល​មនុស្ស​​​ជួប​ជុំគ្នា​​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ ដែល​អាចបង្ក​ការ​ឆ្លង​ជំងឺ​នេះ​ កាន់​តែ​ខ្លាំង​នៅ​ក្នុង​​​សហគមន៍​ បើ​គ្មាន​ការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​​។ ដូច្នេះ ​រដ្ឋាភិបាលវៀតណាម ​បាន​​បញ្ជា​ទៅ​​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទាំង​អស់​​ ​​ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​ជំងឺ​នេះ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ ​

ជាវិធានការ អាជ្ញាធរ​វៀតណាម​ បាន​ដំឡើង​ប្រព័ន្ធ​តាម​ដាន ​​នៅ​ក្នុង​ខេត្ត​​ចំនួន​២ ដែលជា​ទី​កន្លែង​​​រក​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ​នៅ​ក្នុង​សហគមន៍​​។ នៅ​តំបន់​​ខ្លះ​ អាជ្ញាធរ​បាន​ដាក់​បារ៉ាស់​​​បិទ​ច្រក​ចេញ​ចូល​ទាំង​ស្រុង​​​​។ ​រដ្ឋាភិបាលវៀតណាម បាន​​កំណត់​ពេល​ដប់​ថ្ងៃ ​ត្រូវ​តែ​កាត់​ផ្ដាច់​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​ឲ្យ​បាន​​។

គួរ​កត់​សម្គាល់​ថា​ ​​ប្រទេស​វៀតណាម​ ឆ្លង​កាត់​ការ​ឆ្លង​កូវីដ១៩ នៅ​ក្នុង​សហគមន៍ ៣​ដង​​​ រួចមកហើយ​។ លើក​ទី១ ​នៅ​ទីក្រុង​ដាណាង​ កាលពី​ខែ​មេសា ឆ្នាំ២០២០ លើក​ទី២ ​​នៅ​ទីក្រុ​ងហូជីមិញ ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ និង​លើក​ទី៣ ​​​​នៅ​ខេត្ត​ហៃឌឿង (Hai Duong) និង​កួងនីញ (Quang Ninh) នៅពេលនេះ​។

ព្រឹត្តិការណ៍ឆ្លងសហគមន៍នៅក្នុងប្រទេសវៀតណាម គឺជាអ្វីដែល​កម្ពុជា​យើង ត្រូវបង្កើន​វិធានការ​​ប្រុងប្រយ័ត្ន​ និងយកចិត្តទុកដាក់ ពិសេសនៅតាមបណ្តាខេត្តជាប់​ព្រំដែន​វៀតណាម​​ រួមមាន៖ ខេត្ត​រតនៈគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត​។​

ករណីឆ្លងសហគមន៍ ​នៅខេត្តសាមុតសាខន ក្នុងប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ចេញនូវ វិធានការ​រឹតបន្តឹង​ការឆ្លងដែន​ភ្លាមៗ។ ​វិធានការរបស់កម្ពុជា មាន​ប្រសិទ្ធភាព​ ដែលមកដល់​ពេលនេះ បានទប់ស្កាត់​ មិន​ឲ្យកូវីដឆ្លងដែនពីប្រទេសថៃ ចូលផ្ទៃក្នុងប្រទេស​កម្ពុជាយើង ឡើយ។ នោះគឺអ្នកដំណើរទាំងអស់ ពិសេសពលករ​ខ្មែរ មកពីប្រទេសថៃ តម្រូវ​ឲ្យត្រួតពិនិត្យសុខភាព ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ថ្ងៃ នៅតាមមណ្ឌល ចត្តាឡីស័ក នៅខេត្តជាប់ព្រំដែនទាំងនោះ​។

ករណីនៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម ក៏ត្រូវប្រកាន់យកវិធានការ​ដ៏មាន​ប្រសិទ្ធភាព ដែល​រាជរដ្ឋាភិបាល បានដាក់ចេញរួចហើយ ដើម្បីទប់ស្កាត់​កូវីដឆ្លង​ដែនពីប្រទេសថៃ​ នាពេលនេះផងដែរ​។

ជាវិធានការទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ១៩ ឆ្លងដែនចូល​ពីក្រៅប្រទេស​ គឺ​រាជរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹង​ការធ្វើដំណើរឆ្លងដែន តាមរយៈការតម្រូវ​ឲ្យពិនិត្យ​សុខភាព ធ្វើតេស្តរកកូវីដ ហើយអ្នកដំណើរទាំងនោះ ត្រូវតែធ្វើចត្តាឡីស័កដាច់ខាត​ឲ្យគ្រប់ ១៤ថ្ងៃ ឲ្យបានហ្មត់ចត់​បំផុត នៅតាមមណ្ឌលចត្តាឡីស័ក ដែលរៀបចំ មិនថា នៅភ្នំពេញ ឬ​នៅតាមខេត្ត​ជាប់ព្រំដែន​ថៃនោះឡើយ​។​

ក្រៅ​ពីការរឹតបន្តឹង​តាម​ផ្លូវគោក និង​នៅច្រកព្រំ​ដែន​ផ្លូវការ គឺ​ការឆ្លងដែនតាមច្រករបៀង និងចេញចូលខុសច្បាប់ ពិសេស​តាមផ្លូវទឹក ដែល​បងប្អូន​វៀតណាម ចូលចិត្តឆ្លងដែន​ចូល​ទឹកកម្ពុជា​យើង ក៏ទាមទារ​ឲ្យមាន​ការគិតគូរ​​ឲ្យបានហ្មត់ចត់​ផងដែរ ក្នុងអំឡុងពេល​នៃការឆ្លង រាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍​ ក្នុងប្រទេសវៀតណាម ជារលក​ទី៣ នៅពេលនេះ​។

ពិសេសនៅ​ពេលនេះ ជិតដល់ថ្ងៃចូលឆ្នាំចិន-វៀតណាម ដែល​នៅកម្ពុជាយើង មានបងប្អូន​វៀតណាម​រស់នៅច្រើន ហើយក៏អាច​មានការឆ្លងដែន​ចេញចូល​រវាងប្រទេសទាំងពីរ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤​ ​ខែកុម្ភៈខាងមុខ​នេះ ផងដែរ​។

បើសិនជា​អាជ្ញាធរខេត្ត​ជាប់ព្រំដែន​វៀតណាមទាំងអស់ ក្រោមការត្រួតពិនិត្យរបស់ ក្រសួង​សុខាភិបាល អនុវត្តយ៉ាងហ្មត់ចត់​ ​ដូច​បណ្តាខេត្តជាប់ព្រំដែនថៃកន្លងមក នោះកម្ពុជា​យើង ពិតជា​អាច​​ទប់ស្កាត់​​ការឆ្លងរាលដាលជំងឺកូវីដ១៩ ឆ្លងដែន​ពី​ប្រទេសជិតខាង។​

ទន្ទឹម​នឹង​នេះ​ ​ករណី​ឆ្លង​សហគមន៍ជា​ថ្មីនៅវៀតណាម ពេលនេះ ក៏​ជាសញ្ញាជួង​ គោះប្រាប់​ដល់​ប្រជាជនកម្ពុជាយើងទាំងអស់ថា កុំ​ប្រញាប់ភ្លេច​កូវីដ​!​ នៅកម្ពុជា យើង ទើបតែ​បញ្ចប់​ករណី​​ឆ្លងសហគមន៍​ ក្នុងព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា នៅ​​​អំឡុង​​ចុង​​ខែ​​ធ្នូ​ ឆ្នាំ២០២០ ប៉ុណ្ណោះ​។ ពោលគឺទើប​តែជាង​ ១​ខែទេ ខណៈ​​ដែល​​នៅ​វៀត​ណាម ស្ងប់​ស្ងាត់​​ការឆ្លងសហគមន៍​នេះ បានជិត ២​ខែ ក៏បានផ្ទុះឡើងជាថ្មី​នូវការឆ្លងរាលដាលកូវីដ​​ពីម្នាក់ ទៅម្នាក់ គួរ​ឲ្យព្រួយបារម្ភ​​​។​

ដូច្នេះនៅពេល​ដែលអាជ្ញាធរសមត្ថកិច្ចកម្ពុជាយើង​ ចាត់វិធានការរឹតបន្តឹង​លើអ្នក​ដំណើរ​ចេញ​ចូលកម្ពុជា ឆ្លងដែន​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩ គឺ​​ប្រជាពលរដ្ឋទាំងអស់ សូម​បន្ត​​អនុវត្ត​នូវ​វិធានការ​សាមញ្ញៗ ដូចជា លាងសម្អាតដៃ​ឲ្យបានញឹកញាប់ ជៀសវាង​ការជួប ជុំមនុស្សច្រើន ត្រូវពាក់ម៉ាស់​ក្នុងករណីចាំបាច់ និងបន្តរក្សាគម្លាត​សុវត្ថិភាព​ពីម្នាក់ទៅម្នាក់ យ៉ាងតិច ១ម៉ែត្រកន្លះ ជាដើម។​

ក្នុងអំឡុងពេលចូលឆ្នាំចិន នៅសប្តាហ៍ក្រោយនេះ​ យើងក៏​កុំទាន់​អាល់​ជួបជុំ​គ្នាច្រើន ​ពិសេសនៅពេលទទួលទាន​អាហារ ផឹកស៊ី ជាដើម។ បើមានពិធីសែន ធ្វើត្រឹមតែ គ្រួសារនិមួយៗ ហើយ​​ត្រូវ​បន្តរក្សាគម្លាត​សុវត្ថិភាព​ ជាដើម​។ល៕