ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវឆ្ពោះទៅរកការទប់ស្កាត់​គ្រោះ​អគ្គិភ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ បញ្ហា​គ្រោះ​អគ្គិភ័យ ភ្លើង​ឆេះ​ផ្ទះ ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ជីវិត ដូច​ពាក្យចាស់​លោក​ថា «​ស៊ូ​លិច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​»​។ បញ្ហា​ភ្លើង​ឆេះ​ផ្ទះ ជា​គ្រោះថ្នាក់​មើល​មិនឃើញ តែ​អាច​ការពារ…

​ភ្នំពេញ​៖ បញ្ហា​គ្រោះ​អគ្គិភ័យ ភ្លើង​ឆេះ​ផ្ទះ ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ជីវិត ដូច​ពាក្យចាស់​លោក​ថា «​ស៊ូ​លិច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​»​។ បញ្ហា​ភ្លើង​ឆេះ​ផ្ទះ ជា​គ្រោះថ្នាក់​មើល​មិនឃើញ តែ​អាច​ការពារ និង​ទប់ស្កាត់បាន តាមរយៈ​ប្រជាពលរដ្ឋ​ម្នាក់ៗ​។​

មន្ត្រីជំនាញអគ្គិភ័យ លើកឡើងថា ​កត្តា​នាំ​ឲ្យ​កើត​អគ្គិភ័យនៅកម្ពុជាយើង មាន ៣ សំខាន់ៗ គឺ​១- ការឆ្លង​ចរន្តអគ្គិសនី និង​បណ្តាលមកពី​ចរន្ត​អគ្គិស​នី  ៤០ % ទី​២-​ប្រើប្រាស់​ភ្លើង​ទៀនធូប ចំនួន ៣៩% និង​ទី​៣-​ក្តាប់​មិនបាន​មូលហេតុ មាន​ចំនួន ២១%​។

​ក្នុង​ពិធី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាខ្មៅ ខេត្តកណ្តាល សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលជា​ថ្នាក់ដឹកនាំ​គ្រប់គ្រង​ប៉ូលិស​អគ្គិភ័យ បាន​ព្រមាន​ដល់​មន្ត្រី​ជំនាញ​ខាង​ពន្លត់​អគ្គិភ័យ លើ​ករណី ដែល​ប្រជាពលរដ្ឋ តែងតែ​លើកឡើងថា នៅពេល​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ ភ្លើង​ឆេះ​ផ្ទះ គឺ​ឡានទឹក ទៅដល់​ហើយ នៅ​តថ្លៃ យកលុយ​ពី​ម្ចាស់ផ្ទះ ដែល​ឆេះ ទើប​បាញ់​ទឹក​ពន្លត់​។ ករណីនេះ សម្តេច​ក្រឡាហោម បាន​ព្រមាន កុំ​ឲ្យ​កើតមាន​ហេតុការណ៍​ដូច​ការលើកឡើង​នេះ​ឲ្យ​សោះ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៅក្នុង​បទសម្ភាសន៍​ពី​វិធានការ​ទប់ស្កាត់ និង​ការពារ​គ្រោះថ្នាក់​អគ្គិភ័យ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ប្រពៃណី​ចិន វៀតណាម កូរ៉េ ដែល​នឹង​ប្រារព្ធ​ធ្វើ​ពិធីសែនព្រេន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​លើកឡើងថា ការចូលរួម​របស់​ព​ល​រដ្ឋ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត ក្នុងការ​បង្ការ និង​ការពារ​អគ្គិភ័យ​។​

​លោក​លើកឡើងថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ នៅក្នុង​ការចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះ​អគ្គិភ័យ គឺ​នៅមានកម្រិត​ណាស់ ដោយ​បងប្អូន​ភាគច្រើន គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ ហេតុ​ដូច្នេះហើយ ដើម្បី​ទប់ស្កាត់​នូវ​ការ​កើតមាន​អគ្គិភ័យ ក្នុង​ទ្រង់ទ្រាយ​ធំ ពិបាក​នឹង​ទប់ស្កាត់​នោះ គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​គ្រប់រូប ចូលរួម​ឲ្យ​បាន​សស្រាក់សស្រាំ​។ ត្រង់នេះ មានន័យថា ពលរដ្ឋ​ម្នាក់ គឺ​ត្រូវ​ដើរតួ​ជាម​ន្ត្រី​អគ្គិភ័យ​ម្នាក់​។​

​នាយកដ្ឋាន​នគរបាល​បង្ការ​​ពន្លត់​​អគ្គិភ័យ និង​សង្គ្រោះ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០២០ គ្រោះ​អគ្គិភ័យ បាន​កើតឡើង​ចំនួន ៩៣៧ លើក គឺ​កើនឡើង ២២០ លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​អគ្គិភ័យ បានកើត​ឡើង ៧១៧ លើក​។ ក្នុង​ឆ្នាំ​២០២០ អគ្គិភ័យ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៤ នាក់ និង​របួស ៣៦​នាក់ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់ ៧០៧ ខ្នង និង​តូប ៥៩៤ តូប​។ មូលហេតុ គឺ​មិន​ខុសគ្នា​ពី​ឆ្នាំមុនៗ​ប៉ុន្មាន​ទេ គឺ​ករណី​បណ្តាលមកពី​ចរន្តអគ្គិសនី ៣៧,៨៨ ភាគរយ និង​ប្រើប្រាស់​ភ្លើង​ផ្សេងៗ ៣២,៣៣ ភាគរយ ព្រមទាំង​ក្តាប់​មិនបាន​មូលហេតុ មាន​ចំនួន ២៩,៧៧ ភាគរយ​។

​នៅក្នុង​ឆ្នាំ​២០២០ កន្លងមក ចំណុច​ដែល​កត់សម្គាល់ គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប កើតមាន​អគ្គិ​ស​ភ័យ​ច្រើនជាងគេ​។ នៅ​រាជធានី​ភ្នំពេញ ១១៧​លើក ខេត្តកណ្តាល ​ចំនួន ៩៩​លើក និង​ខេត្តសៀមរាប ៨៥​លើក​។ រីឯ​ខេត្ត ដែល​ពុំ​សូវ​មាន​អគ្គិភ័យ កាលពី​ឆ្នាំ​២០២០ គឺ​ខេត្តកោះកុង ៧​លើក ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន ៧​លើក ខេត្តរតនគិរី ៥​លើក និង​ខេត្ត​ត្បូងឃ្មុំ ៦​លើក​។

​សម្រាប់​ខែមករា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស អគ្គិភ័យ កើតមាន​ចំនួន ៦៧ លើក លើស ៧៧ លើក មានន័យថា​ថយចុះ ចំនូ​ន ១៧ លើក បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២០​។ ក្នុងនោះ បង្ក​ឲ្យ​ស្លាប់​មនុស្ស ៣ នាក់ និង​របួស​ចំនួន ៨ នាក់ និង​ឆេះ​ផ្ទះ ៥២ ខ្នង​។

​​​ក្នុង​ខែមករា ឆ្នាំ​២០២១ រាជធានី​-​ខេត្ត ដែល​មាន​អគ្គិភ័យ​ច្រើនជាងគេ​នោះ គឺ​រាជធានី​ភ្នំពេញ ចំនួន ១៤ លើក ខេត្តកណ្តាល ៨ លើក និង​ខេត្តសៀមរាប​ចំនួន ៦ លើក​។

​ម្យ៉ាងទៀត អ្នកជំនាញ លើកឡើងថា ប្រជាពលរដ្ឋ​ភាគច្រើន ពិសេស​នៅតាម​ជនបទ ពុំបាន​គិតគូរ​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​អគ្គិភ័យ​នោះទេ​។ ផ្ទះ​ពលរដ្ឋ​ខ្លះ ពិសេស​ផ្ទះ ប្រកប​អាជីវកម្ម​ផ្សេងៗ គឺ​ពុំទាន់​មាន​ឧបករណ៍​បង្ការ​ពន្លត់​អគ្គិភ័យ ដូចជា បំពង់​ពន្លត់​អគ្គិភ័យ ឬ​ឧបករណ៍​ប្រឆាំង​អគ្គិភ័យ​បឋម​ផង​។

​បើសិន​ជាមាន​បំពង់​ពន្លត់​អគ្គិភ័យ នៅផ្ទះ គឺ​នៅពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង គាត់​អាច​គ្រប់គ្រង​ទាន់ពេលវេលា នៅពេល​ភ្លើង​ចាប់ផ្តើម​ឆេះ​។ ប៉ុន្តែ​នៅពេល​សព្វថ្ងៃ ប្រជាពលរដ្ឋ​ច្រើនតែ​ពឹងផ្អែក​ទៅលើ​ជំនាញ និង​ពឹង​ផ្អែកទៅលើ​ក្រុម​ពន្លត់​អគ្គិភ័យ​។

​ប្រជាពលរដ្ឋ គួរតែ​យក​វិធានការ​បឋម ក្នុងការ​បង្ការ និង​សង្គ្រោះ​អគ្គិភ័យ ដូចជា ពេល​ដែលមាន​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​កើតឡើង ប្រជាពលរដ្ឋ គួរតែមាន​វិធានការ ដូចជា មាន​ធុង​ទឹក បាវ​ខ្សាច់ ជាដើម ឬក៏​បំពង់​ពន្លត់​អគ្គិភ័យ ដែល​អាច​ប្រើប្រាស់​ប្រឆាំង​ភ្លើង​តូចៗ បាន នៅ​កន្លែង ដែល​ចាប់ផ្តើម​ឆេះ​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ដោយ​ច្រើន ហាក់បីដូចជា​មិនទាន់​ចូលរួម​ចំណែក​លើ​វិធានការ​បង្ការ​បឋម​នេះ ឲ្យ​បាន​ផុសផុល​នៅឡើយ​ទេ​។ ពួកគាត់ នៅ​ពឹងផ្អែក​ទាំងស្រុង​​តែ​លើ​មន្ត្រី​ជំនាញ​ពន្លត់​​អគ្គិភ័យ​។

​យ៉ាងណាក៏​ដោយ អ្នកជំនាញ​ពន្លត់​អគ្គិភ័យ លើកឡើងថា ការបង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ គឺ​មិនមែន​តែ​លើ​នគរបាល​អគ្គិភ័យ​ទេ ប្រជាពលរដ្ឋ​ម្នាក់ គឺជា​ក្រុម​ពន្លត់​អគ្គិភ័យ​ម្នាក់​ដែរ​។  មានន័យថា ប្រជាពលរដ្ឋ​ម្នាក់ ត្រូវ​ចេះ​វិធានការ​ពន្លត់​អគ្គិភ័យ ឬក៏​ការប្រើប្រាស់​ឧបករណ៍​ផ្សេងៗ ដែល​មាននៅ​គោលដៅ​របស់គាត់ ដោយ​ត្រូវ​ចេះ​ដូចគ្នា ដើម្បី​សង្គ្រោះ​បឋម​នៅនឹងកន្លែង​នោះ​។​ កាលណា​​វិធាន​ការបង្ការ បាន​ជោគជ័យ គឺ​ករណី​អគ្គិភ័យ កើតឡើង គឺ​មិនអាច​កើត​ក្នុង​ទ្រង់ទ្រាយ​ធំ​បានទេ​។​

​ជាការ​ពិត ករណី​ភ្លើង​ឆេះ​ផ្ទះ មិនមែន​ឆេះ​ឡើង​ភ្លាម ក៏​ឆេះ​ពេញ​ផ្ទះ​ទាំងមូល​ភ្លាមៗ​​នោះ​ដែរ គឺអាច​ចេញពី​កន្លែង​ដាំបាយ ដុត​ភ្នក់ភ្លើង​អាំង​អ្វី ជាដើម ឬក៏​ការដុត​ព្រៃ ឬក៏​ផ្ទុះ​សេ​ខ្សែភ្លើង ជាដើម​។ តែ​ភាគច្រើន គឺ​ធ្វេសប្រហែស ដោយ​ប្រជាពលរដ្ឋ​ដោយ​ច្រើន យល់​ច្រឡំ​ថា គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយ​ធម្មជាតិ តែ​ភាគច្រើន ការពិតជា​បង្កឡើង ដោយ​សារតែ​មនុស្ស​ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ មានការ​កត់សម្គាល់ថា នៅ​រាជធានី​ភ្នំពេញ និង​នៅក្នុង​ទីប្រជុំជន ឬ​នៅតាម​បណ្តា​ខេត្ត​ធំៗ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​ទប់ស្កាត់​ពី ៤០ ទៅ ៥០% ដែរ គឺ​ផ្ទះ​ពលរដ្ឋ​ខ្លះ មាន​បំពង់​ពន្លត់​អគ្គិភ័យ មាន​ធុង​ទឹក ជាដើម​។

ឲ្យល្អជាងនេះទៅទៀត គឺ​ការបង្ការ​ ទប់ស្កាត់​គ្រោះអគ្គិភ័យ តាមរយៈការបង្កើនការប្រុង​ប្រយ័ត្ន​ លើចរន្តអគ្គិសនី ព្រមទាំង​ប្រយ័ត្ន​ទៀនធូប​ ភ្លើង​ចង្ក្រាន្ត ឬភ្លើងដុត​សំរាម​ ជាដើម គឺជារឿងល្អ​។ ដូចពាក្យចាស់ថា ការពារប្រសើរជាងព្យាបាល។ ម្យ៉ាងចូរ​គិតបន្តិច ចំពោះ​អ្នក​ដុត​ធូប​ទៀន បូជា​ព្រះ ទេវតា កុងម៉ា ជាដើម សូមដុតទៀនធូប ដោយ​គិតផង ក្រែង​លោ មិនមែនជាការជួយ បែរជាបង្ក​ជាភ្លើងឆេះផ្ទះទៅវិញ។ ម្យ៉ាង​ទៀត បើមិន​បង្កជាឆេះផ្ទះ ក៏ក្រុមអ្នកមាន ជំនឿ ងុបងល់ ដោយមិនគិតអ្វីសោះ លើការ​បន់ស្រន់​ តាមរយៈដុតធូបទៀនរាល់ថ្ងៃ ព្រឹកល្ងាចនោះ គឺ​ក៏អាចបង្កជាផ្សែង បណ្តា​ល​ឲ្យខូចសុខភាព​ខ្លួនឯងផង កូនចៅ អ្នករស់នៅផ្ទះនោះផង ហើយក៏ខូចជញ្ជាំង​ ពិដាន​ផ្ទះ ដោយសារតែផ្សែងភ្លើងទៀនធូប​នោះដែរ​។ អ្វីៗក៏ដោយ សូម​ឲ្យជឿដោយបញ្ញា។ បើដុតទៀនធូប ក៏ត្រូវតែ​ប្រុងប្រយ័ត្ន និងមើល​ឲ្យរលត់អស់ស្រួលបួល ចាំបិទទ្វារ ចេញ​ពី​ផ្ទះ ឬទៅផ្សារ។ ភ្លើងចង្ក្រាន ហ្គាសជាដើម ក៏ត្រូវពិនិត្យ​ បិទ​ក្រោយចំអិតម្ហូបអាហារ​ដែរ៕ ដោយ៖ មុត ស្រីពៅ