ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វត្រយងចង្កំកស ៥សំបុក ត្រូវបានរកឃើញ នៅក្នុងដែន​ជម្រក​សត្វព្រៃលំផាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញ សត្វត្រយងចង្កំ​ក​ស ៥សំបុក កាលពីខែមករា កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនៈគិរី។ សត្វត្រយងចង្កំកស…

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញ សត្វត្រយងចង្កំ​ក​ស ៥សំបុក កាលពីខែមករា កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនៈគិរី។ សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជ នៅប្រទេសកម្ពុជា។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ​ក​ស មានការធ្លាក់ចុះ ដោយឡែក នៅដែនជម្រកសត្វព្រៃលំផាត់ ក៏មានការធ្លាក់ចុះ​ផងដែរ​។

លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ​អង្កេតតាមដានរកឃើញ​សំបុកសត្វត្រយងចង្កំ​ក​ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះ ជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោកបញ្ជាក់ថា «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន ៥ សំបុកក្នុងនោះ១ សំបុកបានបរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀត គឺមានកាប់ដើម ដែលមានសំបុក​ពងកូន ឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»។

លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និង សត្វ ផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។

លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសត្វព្រៃរបស់យើង ដែលជិតផុត​ពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជា តំបន់ការពារ និងអភិរក្សសត្វព្រៃដទៃទៀតឱ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ